តុលាការខេត្ត Nghe An នៃប្រទេសវៀតណាមកាលពីថ្ងៃចន្ទ បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ៩ នាក់ និងដាក់គុកមនុស្ស ២ នាក់ អស់មួយជីវិត ពាក់ព័ន្ធនឹងសំណុំរឿងជួយដូរគ្រឿងញៀន។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក VnExpress។
ក្នុងចំណោមជនល្មើសទាំង ៩ នាក់ មានស្រ្តីម្នាក់ឈ្មោះ Tran Thi Mau អាយុ ៥៨ ឆ្នាំ គឺជាមេក្លោង ខណៈ ២ នាក់ ផ្សេងទៀត ដែលត្រូវជាប់គុកអស់មួយជីវិតនោះ មានជាប់ពាក់ព័ន្ធលើឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនដដែល។
បើតាម VnExpress លោកស្រី Mau និងអ្នកសមគំនិតទាំង ៨ នាក់ បានទិញថ្នាំញៀនពីប្រទេសជិតខាងឡាវ ដោយជួលអ្នកស្រុកឱ្យដឹកជញ្ជូនចូលទៅប្រទេសវៀតណាមកាត់តាមព្រៃ នៅពេលយប់ដើម្បីកុំឱ្យប៉ូលិសចាប់បាន។
ក្រុមឧក្រិដ្ឋជនដដែល បានជួញដូរដោយជោគជ័យនូវមេតំហ្វេតាមីន ហេរ៉ូអ៊ីន និងថ្នាំសំយោគ សរុបចំនួន ១០៥ គីឡូក្រាម ចន្លោះពីចុងឆ្នាំ ២០២១ រហូតដល់ពួកគេត្រូវបានប៉ូលិសចាប់ខ្លួនក្នុងខែឧសភា ឆ្នាំ២០២២។
វៀតណាមស្ថិតក្នុងចំណោមប្រទេស ដែលមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតលើពិភពលោក។ ប្រសិនបើអ្នកណាម្នាក់ ត្រូវបានរកឃើញថាមានទោសពីបទជួញដូរហេរ៉ូអ៊ីន មេតំហ្វេតាមីន កូកាអ៊ីន ឬអាំហ្វេតាមីន ចាប់ពី ១០០ ក្រាមទៅ នោះគេនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។
ទោះបីបែបនេះក្ដី ការជួញដូរគ្រឿងញៀននៅតែរីករាលដាលនៅឡើយ ដោយមានជនសង្ស័យចំនួន ៤១ ៤០០ នាក់ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ដែលតួលេខនេះកើនឡើងពីអ្នកជួញដូរប្រមាណ ៣៦ ០០០ នាក់ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងសន្តិសុខសាធារណៈវៀតណាម។
កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការក្រុងហូជីមិញ បានកាត់ទោសប្រហារជីវិតមនុស្ស១៨នាក់ រួមទាំងជនជាតិកូរ៉េខាងត្បូង២នាក់ និងជនជាតិចិនម្នាក់ ក្នុងសំណុំរឿងឆ្លងដែន ដោយពួកគេរងការចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងញៀន ២១៦គីឡូក្រាមពីកម្ពុជា ទៅវៀតណាមក្នុងឆ្នាំ ២០២០៕