សភារុស្ស៊ី បានចាប់ផ្តើមពិចារណាលើសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃចន្ទ ដែលនឹងផ្តល់អំណាចដល់រដ្ឋក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជនដែលត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍កងកម្លាំងប្រដាប់អាវុធ ឬសម្រាប់ការអំពាវនាវជាសាធារណៈចំពោះសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ។
ការវិវត្តចុងក្រោយនេះបានទាក់ទាញការប្រៀបធៀបចំពោះការដឹកនាំរបស់ Josef Stalinក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដែលបានធ្វើទុកបុកម្នេញលើអ្នកដែលរិះគន់ ដោយចាត់ទុកអ្នករិះគន់ជា«សត្រូវនៃរដ្ឋ» ហើយការសម្រេចចុងក្រោយនេះអាចប៉ះពាល់ដល់ប្រជាជនរុស្ស៊ីរាប់ពាន់នាក់ដែលបាននិយាយប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។
ការរិះគន់អ្វីដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បានក្លាយជាឧក្រិដ្ឋកម្មនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃដែលវាបានចាប់ផ្តើមកាលពីជិត២ឆ្នាំមុន ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះមានគោលបំណងដាក់ទណ្ឌកម្មឱ្យកាន់តែតឹងរ៉ឹងនិងធ្ងន់ធ្ងរមិនធ្លាប់មាន។
ជាឧទាហរណ៍ វានឹងអនុញ្ញាតឱ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ីដែលបានចាកចេញពីប្រទេស ហើយបានរិះគន់សង្គ្រាម ប៉ុន្តែដែលនៅបន្តពឹងផ្អែកលើប្រាក់ចំណូលពីការជួលផ្ទះឬអាផាតមិនរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។
ប្រធានសភាជាន់ទាបនៃប្រទេសរុស្ស៊ី ដែលគេស្គាល់ថា «សភាឌូម៉ា» លោក Vyacheslav Volodin ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានហៅសេចក្តីព្រាងច្បាប់ថ្មីនេះថា «ច្បាប់មិនស្មោះត្រង់ (the scoundrel law)»។
លោកបាននិយាយកាលពីចុងសប្តាហ៍ថា៖«អ្នកណាក៏ដោយដែលព្យាយាមបំផ្លាញប្រទេសរុស្ស៊ី ក្បត់ប្រទេស ត្រូវតែត្រូវបានបង្ហាញតាមនោះ ហើយសងការខូចខាតដល់ប្រទេសក្នុងទម្រង់ជាទ្រព្យសម្បត្តិរបស់ពួកគេ»៕