ប្រទេសកូរ៉េខាងត្បូង បានឃើញការថយចុះជាលើកដំបូងនៃចំនួនយានយន្តដើរដោយថាមពលប្រេងឥន្ធនៈដែលបានចុះបញ្ជីក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍ពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣។
ចំនួនរថយន្តចុះបញ្ជីសរុបក្នុងប្រទេសកូរ៉េខាងត្បូងដែលដំណើរការដោយប្រើឥន្ធនៈដែលរួមមានប្រេងសាំង ម៉ាស៊ូតនិងឧស្ម័នរាវ ឬហ្គាសបានធ្លាក់ចុះចំនួន ៨៥ ០០០ គ្រឿង ដែលធ្វើឱ្យចំនួនរថយន្តដើរដោយប្រេងឥន្ធនៈសរុបធ្លាក់មកនៅត្រឹម ២៣ ៦៤៧ លានគ្រឿងក្នុងឆ្នាំ ២០២៣។
វាជាការថយចុះចំនួន ០,៤ ភាគរយជាលើកដំបូងចាប់តាំងពីកំណត់ត្រារថយន្តដើរដោយថាមពលប្រេងឥន្ធនៈបានចាប់ផ្តើមកត់ត្រាដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ ការថយចុះនេះភាគច្រើនជាការថយចុះរថយន្តប្រភេទម៉ាស៊ូតនិងហ្គាស ចំណែកឯរថយន្តសាំងដែលចុះបញ្ជីនៅតែមានការកើនឡើងចំនួន ២ ភាគរយ។
ទោះជាយ៉ាងណា ការធ្លាក់ចុះនេះមានកត្តារួមចំណែកជាច្រើនពីសំណាក់គោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលមានបំណងកាត់បន្ថយការបំពុលដោយយានយន្ត។
ទាំងនេះរាប់បញ្ចូលទាំងការឈប់ឱ្យប្រើប្រាស់ ឬចូលនិវត្តន៍នូវយានយន្តចាស់ៗដែលបញ្ចេញសារធាតុបំពុលច្រើនជាងមុន ជាពិសេសរថយន្តដែលដំណើរដោយប្រេងម៉ាស៊ូត។ គោលការណ៍នេះបានអនុវត្តចំពោះទីក្រុងសេអ៊ូលទាំងមូលតែរដ្ឋាភិបាលក៏មានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់ម្ចាស់រថយន្តសម្រាប់ការលុបចោលយានយន្តដែលបញ្ចេញឧស្ម័នពុលខ្ពស់របស់ខ្លួន។
គិតត្រឹមពេលនេះកូរ៉េខាងត្បូង មានរថយន្តសរុបដែលបានចុះបញ្ជី រួមទាំងរថយន្តប្រពៃណី និងរថយន្តដែលមិនប៉ះពាល់បរិស្ថានសរុបចំនួន ២៥,៤៩ លានគ្រឿងដែលកើនឡើងចំនួន ១,៧ ភាគរយ។
រថយន្តសាំងមានច្រើនជាងពាក់កណ្តាលនៃចំនួនរថយន្តសរុបពោលគឺចំនួន ១២,៣១ លានគ្រឿង និងរថយន្តម៉ាស៊ូតមាន ៩,៥ លានគ្រឿង ខណៈរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានមានចំនួន ២,១ ២លានគ្រឿងដែលតំណាងឱ្យជិត ១ គ្រឿងក្នុងចំណោមរថយន្ត ១២ គ្រឿង។
នៅក្នុងប្រភេទរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាននេះរថយន្តកូនកាត់ ឬ hybrids មានប្រហែល ៧២ ភាគរយ រថយន្តអគ្គិសនី (EVs) ប្រហែល ២៦ ភាគរយ និងរថយន្តដែលប្រើឧស្ម័នអ៊ីដ្រូហ្ស៊ែនរួមជាមួយរថយន្តផ្សេងទៀតបំពេញ២ភាគរយដែលនៅសល់៕