ការវាយប្រហារ​កប៉ាល់​ដឹក​ទំនិញ​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ក្រហម​គិត​មកដល់ពេលនេះ​ក៏​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ ខណៈដែល​សហរដ្ឋ​អាមេរិក​លូកដៃ​ចូល​ជួយ​សង្គ្រាម​នៅ​អ៊ី​ស្រា​អែល ដែល​ជំរុញ​ឱ្យ​ក្រុម​សម្ព័ន្ធមិត្ត​របស់​ហា​ម៉ាស់​បង្កើន​ការវាយប្រហារ​លើក​ប៉ាល់​ដែល​សង្ស័យ​ជា​របស់​ប្រទេស​អ៊ី​ស្រា​អែល ឬ​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​អ៊ី​ស្រា​អែល ទុកដូចជា​ការ​សងសឹក​ជួស​ក្រុម​ហា​ម៉ាស់​។​

​ការណ៍​នេះ​បាន​នាំឱ្យមាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​ប្រទេស​ដែលមាន​ការនាំចេញ​ទំនិញ​ធំៗ​លើ​ពិភពលោក​។​

​លោក Han Changming ដែលជា​ម្ចាស់​ក្រុមហ៊ុននាំចេញ​រថយន្ត​ពី​ចិន​ទៅកាន់​ទ្វីប​អាហ្រ្វិក​និង​នាំចូល​រថយន្ត​ប្រភេទ off-road ពី​អឺរ៉ុប​ទៅវិញ បានឱ្យដឹងថា ការវាយប្រហារ​លើក​ប៉ាល់​ដឹកទំនិញ​នៅ​សមុទ្រ​ក្រហម​កំពុង​គំរាមកំហែង​ដល់​សុវត្ថិភាព​របស់​បុគ្គលិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​របស់លោក ក៏ដូចជា​ការធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​លោក​ផងដែរ​។​

​លោក Han Changming បាន​រៀបរាប់ថា​៖ «​ការរំខាន​នានា​នៅក្នុង​ការដឹកជញ្ជូន​ក​ន្ល​ង​មកនេះ​សឹងតែ​ធ្វើឱ្យ​ពួកយើង​ខាតបង់​ប្រាក់ចំណេញ​រួចទៅហើយ ដោយ​តម្លៃ​នៃ​ការដឹក​ជញ្ជូន​កុងតឺន័រ​ទៅកាន់​អឺរ៉ុប​បាន​កើន​ឡើងដល់​ប្រហែល ៣ ០០០​ ដុល្លារ​ទៅ ៧ ០០០​​ ​ដុល្លារ​នៅក្នុង​ខែធ្នូ​»​។​

​ក្រុមហ៊ុន​ចិន​មួយចំនួនទៀត​ដូចជា BDI Furniture ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​កំពុង​ពឹងផ្អែក​កាន់តែច្រើន​លើ​រោងចក្រ​នៅ​ទីតាំង​ខុសៗ​គ្នា​ដូចជា​នៅ​ប្រទេស​តួ​ក​គី​នៅ​តំបន់​មជ្ឈិមបូព៌ា និង​វៀតណាម​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជាដើម​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នានា​នៅពេល​ដឹកជញ្ជូន​។​

​ការណ៍​នេះ​បានធ្វើឱ្យ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​របស់​ចិន​យក​​បំណាំ និង​ចាប់ផ្ដើម​ប្រើប្រាស់​វិធី​នេះ​ដើម្បី​ចៀសវាង​ការដឹក​ជញ្ជូន ប៉ុន្តែ​វិធី​នេះ​ក៏​អាច​ជះ​ផល​អវិជ្ជមាន​ផ្សេងទៀត​ដល់​សេដ្ឋកិច្ច​ចិន​ផងដែរ​។​

​លោក Marco Castelli ស្ថាបនិក​ក្រុមហ៊ុន IC Trade ដែល​នាំចេញ​គ្រឿងយន្ត​របស់​ចិន ទៅកាន់​អឺរ៉ុប​បាន​និយាយថា​៖ «​ប្រសិន​រឿងនេះ​នៅតែ​មិនអាច​ដោះស្រាយបាន​នោះ ក្រុម​ហ៊ុន​ដឹកជញ្ជូន​នឹងត្រូវ​សម្រួល​យន្ដការ​ក្នុងការ​នាំចេញ​ទំនិញ​ក្នុងនោះ​ក្រុមហ៊ុន​មួយចំនួន​អាច​នឹង​ពិចារណា​ផ្លាស់ប្តូរ​ទិសដៅ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា​វិញ​»​។​

​វា​ក៏​នឹងដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​សេដ្ឋកិច្ច​ប្រទេស​ចិន ​ដែល​បច្ចុប្បន្នកំពុង​ប្រឈមមុខ​នឹង​វិបត្តិ​អចលនទ្រព្យ និង​វិបត្តិ​ចំនួន​ប្រជាជន​ធ្លាក់ចុះ​ស្រាប់​ទៅហើយនោះ​។​

​ម្យ៉ាងទៀត​បញ្ហា​សេដ្ឋកិច្ចពិភពលោក​នាពេល​នេះ​បាន​នាំឱ្យ​ទីផ្សារ​គោលដៅ​មួយចំនួន​បដិសេធ​មិន​ទទួល​ទិញ​ទំនិញ​ពី​ចិន​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ចិន​កាន់តែ​លំបាក​យ៉ាប់យ៉ឺន​។​

​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម ជាពិសេស​គឺ​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី​ដែល​មានអ៊ី​រ៉ង់​នៅ​ពីក្រោយ ទៅលើ​ផ្លូវ​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក បានបង្ហាញ​ពី​ភាពផុយស្រួយ​នៃ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ប្រទេស​នាំចេញ​ទំនិញ​ធំៗ​ដូចជា​ចិន​ជាដើម​។​

​សហរដ្ឋអាមេរិក និង​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប​មួយចំនួន​ដូចជា បារាំង អង់គ្លេស អ៊ីតា​លី បែលហ្ស៊ិក ហូ​ឡង់ បា​រ៉ែ​ន កាណាដា ន័​រ​វែ​ស និង​ប្រទេស​ខ្លះទៀត​នៅ​តំបន់​មជ្ឈិម​បូព៌ា​តែម្តង បានរួម​គ្នា​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី​មួយ​ដើម្បី​ការពារ​កប៉ាល់​ដែល​ដឹកទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​ក្រហម​ដែល​នៅ​ជិត​មូលដ្ឋាន​របស់​ក្រុម​ហ៊ូ​ធី​។​

​ទាក់ទិន​នឹង​ចំណុច​នេះ​នៅឯ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង Davos លោកនាយក​រដ្ឋមន្ត្រី​ចិន Li Qiang ក៏​ធ្លាប់បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ចាំ​បាច់​មួយ​ក្នុង​ការរក្សា​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ដោយ​មិន​សំដៅ​ជាពិសេស​ទៅលើ​តែ​បញ្ហា​នៅ​សមុទ្រ​ក្រហម​ទេ នោះ​គឺ​ការ​​បញ្ចប់សង្គ្រាម​នៅ​ហ្គា​ហ្សា​៕