​អ៊ីស្រាអែល ​ដែល​មាន​ប្រៀប​យ៉ាងខ្លាំង​​ក្នុងសង្គ្រាម​​នៅ​តំបន់​ហ្គាហ្សា​​ក្នុង​ការ​ប៉ង​កម្ទេច​​​​ក្រុម​ហាម៉ាស់​​​​​ បានបង្ហាញ​ការ​ស្លាប់របស់​ទាហានរបស់ខ្លួន​ក្នុងចំនួន​ច្រើន​រហូត​ដល់ ​២៤ ​នាក់​ក្នុង​រយៈពេល ១ ថ្ងៃ ​​​​​ដោយសារ​ការ​រលំបាក់​អគារ​​សង្កត់​​លើ។ យោង​​ AFP និង Reuter។​

យោង​សេចក្តីរាយការណ៍​​ចុងក្រោយ ទាហាន​អ៊ីស្រាអែល ២៤ នាក់ ​ត្រូវបាន​សម្លាប់​នៅ​តំបន់ ​ហ្គាហ្សា​កាលពី​ថ្ងៃទី២២ ​ខែមករា ដែលជា​ចំនួន​អ្នកស្លាប់​ដ៏​ច្រើន​​បំផុត​ក្នុង​រយៈពេល​តែ​ ១ ថ្ងៃ​ ដែល​អ៊ីស្រាអែល​ ទទួលរង​គ្រោះ​ចាប់តាំងពី​ការចាប់ផ្តើម​ប្រតិបត្តិការ​ជើងគោក​របស់ខ្លួន​នៅ​ថ្ងៃទី២៧ ខែតុលា ពោល​គឺ​​ ២០ ថ្ងៃ​ក្រោយ​​ក្រុមហាម៉ាស់​​វាយ​ឆ្មក់​ចូលអ៊ីស្រាអែល។​

ឧ​ត្ត​មនា​វី​ទោ Daniel Hagari អ្នកនាំពាក្យ​យោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​ កាលពី​ថ្ងៃទី២៣​ខែមករា​ថា ទាហាន ២១​ នាក់​ត្រូវបាន​សម្លាប់​នៅពេលដែល​រថក្រោះ​មួយ​ត្រូវបាន​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​ដែល​បណ្តាលឱ្យ​អគារ​ចំនួន​ពីរ​ដែល​ពួកគេ​បាន​ជីក​​ដើម្បី​កម្ទេច​ចោល​បាន​ដួលរលំ។

លោក​បាន​និយាយថា អគារ​ដែល​ត្រូវបាន​គេ​កំណត់ថា​ជា«ហេដ្ឋារចនាសម្ព័ន្ធ​ភេរ​វករ»បាន​ដួលរលំ​ដោយសារតែ​ការបំផ្ទុះ​នេះ ខណៈពេលដែល​កម្លាំង​ភាគច្រើន​ស្ថិតនៅ​ខាងក្នុង និង​នៅ​ជិត​វា។

លោក​បាន​និយាយថា ​ទាហាន​​ដែល​ត្រូវបាន​សម្លាប់​ទាំងអស់​គឺជា​​ទាហាន​​បម្រុង។

លោក​​បាន​​បន្ថែម​ថា ក្រុម​ជម្លៀស​​ផ្នែក​វេជ្ជសាស្ដ្រ​ត្រូវបាន​ដាក់ពង្រាយ​ភ្លាមៗ​ដើម្បីសង្គ្រោះ​ ប៉ុន្តែ​វា​គឺជា «ប្រតិបត្តិការ​ដ៏​ស្មុគស្មាញ ដែល​បាន​កើតឡើង​រហូតដល់​ម៉ោង​ចុងក្រោយ» ដោយ​បង្ហាញ​ពី​ការលំបាក​ក្នុងការ​ស្រង់​សាកសព​ដែល​កប់​នៅក្រោម​គំនរ​បាក់បែក។

លោក​​ បាន​និយាយថា«​ទាហាន​បំរុង​ដែល​បាន​ឧទ្ទិស ដែល​ឈរ​គោរព​ទង់ជាតិ បាន​លះបង់​នូវ​​អ្វី​​ដែលជា​ទីស្រឡាញ់​បំផុត​ចំពោះ​ពួកគេ ដើម្បី​សន្តិសុខ​នៃ​រដ្ឋ​អ៊ីស្រាអែល ដូច្នេះ​យើង​ទាំងអស់​គ្នា​អាច​រស់នៅ​ទីនេះ​ដោយ​សុវត្ថិភាព​ពេញលេញ»។

យោធា​អ៊ីស្រាអែល​បាន​និយាយថា​មុននេះ​ទាហាន​បីនាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដាច់​ដោយឡែក​មួយ​នៅ​ភាគខាងត្បូង​តំបន់​ហ្គា​ហ្សា។

​ការ​បាត់បង់​ទាហាន​​​សរុប​​នៃ​ភាគី​ទាំងពីរ​​​មិនត្រូវ​បានបង្ហាញ​នោះឡើយ ប៉ុន្តែ​ភាគី​ប៉ាឡេស្ទីន​បង្ហាញ​ការ​ស្លាប់របស់ជនស៊ីវិល​​​​នៅតំបន់ហ្គាហ្សា​​រហូត​ដល់ពេលនេះ​មាន​ចំនួន​ជាង​២៥០០០​នាក់ ដែលភាគច្រើន​ជាកុមារ​និង​ស្ត្រី​៕​