សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំខែជាមួយសម្ព័ន្ធមិត្ត ៥០ ប្រទេស ដើម្បីបន្តជំនួយដល់ក្រុងកៀវ ដោយសារអស់លទ្ធភាពទិញគ្រាប់រំសេវ និងមីស៊ីលបញ្ជូនទៅអ៊ុយក្រែន ខណៈសភាអាមេរិកមិនទាន់អនុម័តកញ្ចប់ថវិកាថ្មី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នាពេលនេះ អាមេរិកកំពុងរងចាំការអនុម័តថវិការបស់សភា ដែលអាចនឹងរួមបញ្ចូលទាំងកញ្ចប់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ដើម្បីបន្តប្រយុទ្ធនឹងកងទ័ពឈ្លានពានរុស្ស៊ី។ កិច្ចប្រជុំនាថ្ងៃអង្គារនេះ រំពឹងថា ក្រុមសម្ព័ន្ធមិត្តអន្តរជាតិ នឹងបំពេញចម្លោះប្រហោងអំឡុងពេលដែលអាមេរិកអស់ធន។ ក្រុមសម្ព័ន្ធមិត្តនេះ ត្រូវបានបង្កើតឡើងក្នុងខែមេសាឆ្នាំ ២០២២ ដើម្បីជួយអ៊ុយក្រែន ក្រោយរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំនាចុងខែកុម្ភៈ ឆ្នាំដដែល។
អនុលេខាធិការផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក លោកស្រីSabrina Singh បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា កិច្ចប្រជុំនៅថ្ងៃអង្គារ នឹងផ្តោតលើតម្រូវការរយៈពេលវែង។ លោកស្រីនិយាយយ៉ាងដូច្នេះថា៖ «ទោះបីជាយើងមិនអាចផ្តល់ជំនួយផ្នែកសន្តិសុខរបស់យើងនៅពេលនេះក៏ដោយ ដៃគូរបស់យើងកំពុងបន្តធ្វើដូច្នេះ»។
បើតាម AP កិច្ចប្រជុំនេះនឹងធ្វើឡើងតាមប្រព័ន្ធវិដេអូ ដោយសារតែរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កំពុងបន្តសម្រាកព្យាបាលនៅផ្ទះក្រោយវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត។
កាលពីចុងខែធ្នូ មន្ទីរបញ្ចកោណបានប្រកាសជំនួយសន្តិសុខសម្រាប់អ៊ុយក្រែនចុងក្រោយរបស់ខ្លួន ដែលសរុបជាទឹកប្រាក់ចំនួន ២៥០ លានដុល្លារ។ ជំនួយទាំងនោះ រួមមានគ្រាប់ ១៥៥ មីលីម៉ែត្រ មីស៊ីលប្រឆាំងយន្តហោះចម្បាំង Stinger និងសម្ភារៈយោធា ដែលជាតម្រូវការខ្ពស់ផ្សេងទៀត ហើយត្រូវបានយកចេញពីឃ្លាំងស្តុកអាវុធ ដែលមានស្រាប់របស់អាមេរិក។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកមិនអាចផ្តល់អាវុធបន្ថែមទៅអ៊ុយក្រែនបានទេ ដោយសារតែអស់ប្រាក់ដែលត្រូវយកទៅដោះដូរជាមួយអាវុធក្នុងស្តុក ហើយសភាក៏មិនទាន់អនុម័តថវិកាបន្ថែម។
នាពេលនេះ កញ្ចប់ជំនួយជាង ១១០ ប៊ីលានដុល្លារ សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ត្រូវជាប់គាំងដោយសារការខ្វែងគំនិតគ្នារវាងសភា និងសេតវិមាន លើអាទិភាពគោលនយោបាយផ្សេងទៀតរួមទាំងសន្តិសុខតាមព្រំដែនអាមេរិក-ម៉ិកស៊ិក។
ទន្ទឹមនឹងនេះ រុស្ស៊ីក៏គ្មានឆន្ទៈក្នុងការបញ្ចប់ការឈ្លានពានអ៊ុយក្រែន ដោយក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ មន្រ្តីការទូតប្រទេសនេះបានច្រានចោលផែនការសន្តិភាពណាមួយ ដែលគាំទ្រដោយអ៊ុយក្រែន និងលោកខាងលិច។
គួរគូសបញ្ជាក់ថាថា គិតតែលើជំនួយយោធា សហរដ្ឋអាមេរិកបានចំណាយទៅលើអ៊ុយក្រែនសរុបជាទឹកប្រាក់ជាង ៤៤,២ ប៊ីលានដុល្លារ រាប់តាំងពីរុស្ស៊ីចូលឈ្លានពានទ្រង់ទ្រាយធំមក។ ប្រហែល ២៣,៦ ក្នុងនោះ ត្រូវបានយកទៅដូរនឹងអាវុធពីឃ្លាំងស្តុកយោធាដែលមានស្រាប់ ហើយជិត ១៩ ប៊ីលានដុល្លារផ្សេងទៀត ត្រូវបានប្រើក្នុងកិច្ចសន្យាយោធារយៈពេលវែង សម្រាប់សម្ភារៈយោធាដែលនឹងចំណាយពេលរាប់ខែដើម្បីទិញ។
ដូច្នេះ ទោះបីជាអស់ថវិកាក៏ដោយ អាវុធមួយចំនួនដែលបានទិញពីមុនតាមកិច្ចសន្យា នឹងបន្តហូរទៅអ៊ុយក្រែន។ លើសពីនេះ ក៏មានប្រាក់បន្ថែមចំនួន ១,៧ ប៊ីលានដុល្លារ ដែលក្រសួងការបរទេសអាមេរិកបានផ្ដល់ឱ្យសម្រាប់អ៊ុយក្រែន ក្នុងទម្រង់ជាហិរញ្ញប្បទានយោធាបរទេស។
ក្រៅពីហិរញ្ញវត្ថុសម្រាប់ជំនួយយោធា លោក Marty O'Donnell អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំតំបន់អឺរ៉ុប និងអាហ្វ្រិក បាននិយាយថា សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិប្រមាណ ៣០ ប្រទេស ក៏កំពុងបន្តបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនផងដែរ ហើយរហូតមកដល់បច្ចុប្បន្ន បានបណ្តុះបណ្តាលទាហានអ៊ុយក្រែនសរុប ១១៨ ០០០ នៅតាមទីយោធាផ្សេងៗជុំវិញពិភពលោក៕