ក្រុមសាច់ញាតិរបស់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ បាននាំគ្នាសម្រុកចូលទៅក្នុងបរិវេណសភាក្នុងអំឡុងពេលដែលសមាជិកសភាកំពុងប្រជុំគណៈកម្មាធិការ។
ក្រោយចូលដល់ក្នុងសភាក្រុមសាច់ញាតិចំណាប់ខ្មាំងបានទាមទារឱ្យសមាជិកសភាដាក់ចេញសកម្មភាពបន្ថែមទៀតដើម្បីជួយមនុស្សជាទីស្រឡាញ់របស់ពួកគេ។
ដោយឡែកការសម្រុកចូលនេះ ត្រូវបានធ្វើឡើងដោយមនុស្សប្រហែល ២០ នាក់ ខណៈដែលសង្គ្រាមបានឈានចូលដល់ខែទី៤ ទៅហើយ រីឯចំណាប់ខ្មាំងក៏នៅតែមិនទាន់ទទួលបានការដោះលែងនៅឡើយ។
ក្នុងចំណោមក្រុមសាច់ញាតិទាំងនោះស្ត្រីម្នាក់ បានកាន់រូបថតរបស់សមាជិកគ្រួសាររបស់ខ្លួនចំនួន ៣ នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ តុលានិងជា ៣ នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង ២៥៣ នាក់។
ជាមួយគ្នានោះក្រុមអ្នកតវ៉ាផ្សេងទៀតបានលើកបដាដោយសរសេរថា៖«អ្នកមិនអាចអង្គុយនៅទីនេះដោយស្ងប់សុខ និងទុកឱ្យពួកគេស្លាប់បានទេ»។
យ៉ាងណាមិញ រហូតមកដល់ពេលនេះមនុស្សប្រមាណ ១៣០ នាក់ នៅតែបន្តជាប់ឃុំ ខណៈដែលមួយចំនួនទៀតត្រូវបានដោះលែងតាមរយៈបទឈប់បាញ់កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២៣។ ក្នុងនោះប្រទេសអាមេរិក កាតា និងអេហ្ស៊ីបក៏បាននិងកំពុងស្វះស្វែងចរចាដើម្បីបង្កើតបទឈប់បាញ់បន្តទៀតក្នុងន័យដោះលែងចំណាប់ខ្មាំង ដែលនៅសល់ឱ្យអស់។
ប៉ុន្តែការផ្សះផ្សាហាក់ដូចជាតឹងតែង ដោយហេតុថា គោលដៅចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺកម្ទេចក្រុមហាម៉ាស់ចោលតែម្ដង។ម្លោះហើយបើទោះបីជារងការរិះគន់ពីប្រជាជនខ្លួនឯង និងពិភពលោកក្ដី ក៏មេដឹកនាំរូបនេះនៅតែមិនបន្ធូរដៃក្នុងការវាយលុកនៅតំបន់ហ្គាហ្សាឡើយ។
ដោយមានការព្រួយបារម្ភពីសុវត្ថិភាពចំណាប់ខ្មាំងក្រុមសាច់ញាតិទាំងនោះ បានបំផុសបំផុលចលនាបាតុកម្មកាន់តែធំឡើងៗ។ ក្នុងនោះក៏មានផងដែរនូវការប្រមូលផ្ដុំគ្នាទៅបោះតង់នៅជុំវិញបរិវេណផ្ទះរបស់លោកនាយករដ្ឋមន្ត្រី នេតាន់ យ៉ាហ៊ូ និងការធ្វើបាតុកម្មទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែងជាដើម។
សម្ទុះនៃការខឹងសម្បាចំពោះការដឹកនាំរបស់លោក នេតាន់ យ៉ាហ៊ូ ហាក់កាន់តែពុះកញ្ជ្រោលក្នុងចំណោមប្រជាជនអ៊ីស្រាអែល។ ប្រជាជនខ្លះទៀតថែមទាំងចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅលើអ៊ីស្រាអែល កាលពីខែតុលា ថា ជាបរាជ័យរបស់លោកទៀតផង៕