ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើស្ថានីយប្រេងឥន្ធនៈក្រុមហ៊ុន Novatek របស់ប្រទេសរុស្ស៊ី បានធ្វើឱ្យតម្លៃប្រេងពិភពលោកបានកើនឡើងប្រហែល ២% កាលពីថ្ងៃចន្ទ ដោយសារតែការព្រួយបារម្ភអំពីការប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសកល។ ទន្ទឹមនឹងនេះ បញ្ហាប្រឈមផ្សេងទៀត ដូចជាអាកាសធាតុត្រជាក់ខ្លាំង ក៏ប៉ះពាល់ដល់ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិកផងដែរ។
តម្លៃប្រេងឆៅប្រភេទ Brent ដែលលក់នៅខែមីនា ខាងមុខនេះ នឹងកើនដល់ ៨០,០៦ ដុល្លារសហរដ្ឋអាមេរិក ក្នុង ១ បារ៉ែល កើនឡើង ១,៥ ដុល្លារ ស្មើនឹង ១,៩%។ ដោយឡែកប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក្នុងខែកុម្ភៈបានកើនដល់ ៧៥,១៩ ដុល្លារ កើនឡើង ១,៧៨ ដុល្លារ ស្មើនឹង ២,៤%។
លោក ចន ឃីលដុហ្វ (John Kilduff) ដែលជាដៃគូនៅក្រុមហ៊ុន Again Capital LLC បានលើកឡើងថា៖ «ការព្រួយបារម្ភអំពីទីផ្សារប្រេងកំពុងកើនឡើងដោយសារតែការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់»។ ការលើកឡើងរបស់លោកបែបនេះ គឺចង់សំដៅទៅលើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើស្ថានីយប្រេងរបស់ក្រុមហ៊ុន Novatek។
លើសពីនេះ អាកាសធាតុត្រជាក់ខ្លាំងនៅសហរដ្ឋអាមេរិក ក៏កំពុងរំខានដល់ដំណើរការផលិតកម្មប្រេងឆៅនៅរដ្ឋដាកូតាខាងជើង (North Dakota) និងនៅក្នុងរដ្ឋផ្សេងទៀត នេះបើយោងតាមលោក ហ្វ៊ីល ហ្វ្ល៊ីន (Phil Flynn) អ្នកវិភាគរបស់ក្រុមហ៊ុន Price Future Group។
ជាក់ស្ដែង ផលិតកម្មប្រេងនៅក្នុងរដ្ឋដាកូតាខាងជើងនេះ បានធ្លាក់ចុះជាង ២០% នៅថ្ងៃចន្ទ បន្ទាប់ពីត្រូវបានកាត់បន្ថយ ៥០% កាលពីសប្តាហ៍មុន ដោយសារតែស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង និងបញ្ហាប្រតិបត្តិការមួយចំនួនទៀត។ នេះបើយោងតាមការរាយការណ៍ដោយអាជ្ញាធរទទួលបន្ទុកបំពង់បង្ហូរប្រេងក្នុងរដ្ឋដាកូតាខាងជើង។
ម្យ៉ាងវិញទៀត ការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ទំនងជាមិនអាចនឹងបញ្ឈប់ឆាប់ៗ នាពេលខាងមុខនោះទេ។ លើសពីនេះការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) ទៅលើនាវាពាណិជ្ជកម្មអ៊ីនៅតំបន់សមុទ្រក្រហមនៅតែបន្ត បើទោះបីជាសហរដ្ឋអាមេរិក ចាត់វិធានការតបតក៏ដោយ។
យ៉ាងណាក៏ដោយ អ្នកវិភាគក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ IG លោក តូនី ស៊ីខេម័រ (Tony Sycamore) បានយល់ឃើញថា តម្លៃប្រេងអាចធ្លាក់ចុះ បើទោះបីជាកំពុងមានភាពតានតឹងនាពេលបច្ចុប្បន្នក៏ដោយ។
យោងតាមការព្យាករ តម្រូវការប្រេងអាចកើនឡើងបន្តិចក្នុងឆ្នាំ ២០២៤ ប៉ុន្តែមិនច្រើនដូចឆ្នាំ ២០២៣ ទេ ពោលគឺកើនឡើងពី ១,២ ទៅ ២,២ លានបារែលក្នុង ១ ថ្ងៃ៕