ប្រទេសម៉ាឡេស៊ី កំពុងពិចារណាចាប់ផ្តើម ដំណើរការផ្លូវច្បាប់ប្រឆាំងនឹងធនាគារបរទេសនានា ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយលុយរាប់ពាន់លានដុល្លារ ក្នុងមូលនិធិវិនិយោគរដ្ឋ 1Malaysia Development Berhad (1MDB)។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រធានក្រុមការងារស្រោចស្រង់ទ្រព្យសម្បត្តិ 1MDB ឡើងវិញ លោក Johari Abdul Ghani បានអះអាងពីការដំណើរការផ្លូវច្បាប់នេះ ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណថា មានធនាគារបរទេសណាខ្លះ ដែលនឹងជាប់ពាក់ព័ន្ធនោះទេ។ លោកបន្តថា ធនាគារទាំងនោះ មិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវមុនពេលសម្របសម្រួលការផ្ទេរមូលនិធិវិនិយោគរដ្ឋ។
ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប៉ាន់ស្មានថា ប្រាក់ប្រមាណ ៤,៥ ពាន់លានដុល្លារ ត្រូវបានលួចពីមូលនិធិ 1MDB ដោយមានការជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បុគ្គលិកធនាគារវិនិយោគអាមេរិក Goldman Sachs និងមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី ជាច្រើនទៀតដែលស្ថិតក្រោមការស៊ើបអង្កេត។
ក្នុងឆ្នាំ ២០២១ ម៉ាឡេស៊ីបានប្តឹងអង្គភាពរបស់ធនាគារវិនិយោគអាល្លឺម៉ង់ Deutsche Bank ធនាគារវិនិយោគអាមេរិក JP Morgan និងធនាគារគ្រប់គ្រងទ្រព្យអង់គ្លេស Coutts & Co ដើម្បីយកមកវិញនូវការខាតបង់រាប់ពាន់លានដុល្លារពីមូលនិធិ 1MDB ទោះបីជាសំណុំរឿងមិនទាន់ដំណើរការនៅក្នុងតុលាការក៏ដោយ។
លោក Johari បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃអង្គារថា៖«ក្រុមការងារ 1MDB មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហា 1MDB ប្រកបដោយតម្លាភាព និងធ្វើឱ្យភាគីទាំងអស់ទទួលខុសត្រូវ»។
ដោយឡែក មន្ត្រី 1MDB បានបន្ថែមថាកាលពីថ្ងៃដើមខែវិច្ឆិកា ឆ្នាំមុន ម៉ាឡេស៊ី បានឆ្លើយតបចំពោះសំណើសម្របសម្រួលដោះស្រាយបញ្ហាដោយក្រុមហ៊ុន Goldman Sachs ហើយភាគីទាំង២កំពុងស្ថិតក្នុងដំណើរការព្រមព្រៀងគ្នាលើតារាងពេលវេលានៃនីតិវិធី។
ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Goldman Sachs បានយល់ព្រមបង់ប្រាក់ចំនួន ៣,៩ ពាន់លានដុល្លារ ដើម្បីដោះស្រាយការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ម៉ាឡេស៊ី ជុំវិញការពាក់ព័ន្ធរបស់ខ្លួនក្នុងរឿងអាស្រូវ។ យ៉ាងណាក៏ដោយឥឡូវនេះភាគីទាំង ២ មានការខ្វែងគំនិតគ្នាលើដំណោះស្រាយដែលចែងថាក្រុមហ៊ុន Goldman គួរតែធ្វើការបង់ប្រាក់បណ្តោះអាសន្ន បើសិនម៉ាឡេស៊ីមិនទទួលបានយ៉ាងហោចណាស់ ៥០០ លានដុល្លារពីក្រុមហ៊ុនវិញត្រឹមខែសីហា ឆ្នាំ ២០២២។
ក្នុងសំណុំរឿងកាន់តែស្មុគស្មាញក្រុមហ៊ុន Goldman បានប្តឹងម៉ាឡេស៊ី ទៅតុលាការអង់គ្លេសកាលពីខែតុលា ឆ្នាំមុនចំពោះការរំលោភលើកាតព្វកិច្ចរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការកាត់យកប្រាក់ផ្ទុយពីការធានារបស់ Goldman ក្នុងកិច្ចព្រមព្រៀងទូទាត់ និងក្នុងការទាញយកទ្រព្យសម្បត្តិបាត់បង់ផ្សេងទៀត ដែលមានតម្លៃ ១,៤ ពាន់លានដុល្លារ។
ប៉ុន្តែម៉ាឡេស៊ីបានបដិសេធការចោទប្រកាន់ដែលថាខ្លួនបានរំលោភលើកិច្ចព្រមព្រៀងដោះស្រាយហើយកាលពីថ្ងៃអង្គារនេះបានចោទប្រកាន់ក្រុមហ៊ុន Goldman Sachs ពីការព្យាយាមប្រឆាំងនឹង 1MDB ចំពោះការទាញទ្រព្យសម្បត្តិដែលបាត់បង់ ១,៤ ពាន់លានដុល្លារមកវិញចេញពីស្ថាប័នផ្សេងទៀតដូចជា ធនាគារ AmBank និងក្រុមហ៊ុនវិនិយោគអន្តរជាតិប្រេងអន្តរជាតិ Abu Dhabi ជាដើម។
លោក Johari បាននិយាយថា 1MDB មិនបានធ្វើសកម្មភាពដែលស្ថិតក្រោមវិសាលភាពនៃការធានាការស្រោចស្រង់ទ្រព្យសម្បត្តិឡើងវិញរបស់ក្រុមហ៊ុន Goldman នោះទេ៕