តួកគីដែលជាប្រទេសប្រកាន់តឹងរឹង និងបង្កើតលក្ខខណ្ឌច្រើនសម្រាប់ប្រទេសស៊ុយអែត ជាថ្នូរនឹងការទទួលបានការគាំទ្រឱ្យចូលជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ នៅទីបំផុតសភារបស់ប្រទេសតួកគី កាលពីថ្ងៃទី ២៣ ខែមករា បានផ្តល់សច្ចាប័នលើការស្នើសុំសមាជិកភាពណាតូរបស់ប្រទេសស៊ុយអែត។
សមាជិកសភាតួកគីបានបោះឆ្នោតគាំទ្រលើសមាជិកភាពនោះដោយសំឡេងគាំទ្រ ២៨៧ ទល់នឹងសំឡេងប្រឆាំង ៥៥ និង ៤ សំឡេងអនុប្បវាទក្នុងសភាតួកគី ដើម្បីគាំទ្រការស្នើសុំចូលជាសមាជិកភាពនៃប្រទេសស៊ុយអែត ដែលស្ថិតនៅតំបន់ណ័រឌិក (Nordic) ឬអឺរ៉ុបខាងជើង ដើម្បីក្លាយជាសមាជិកទី៣២នៃសម្ព័ន្ធភាពប្រដាប់អាវុធធំផុតក្នុងពិភពលោក គឺអង្គការណាតូ បន្ទាប់ពីបានប្រឹងប្រែងអស់រយៈពេលជិត ២ ឆ្នាំ ចាប់តាំងពីការប៉ុនប៉ងចូលជាសមាជិករបស់ណាតូដំបូងនៅខែមិថុនាឆ្នាំ២០២២ ប៉ុន្មានខែក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
ដំបូងឡើយ ប្រទេសស៊ុយអែតនិងហ្វាំងឡង់ដែលនៅក្បែរគ្នា និងស្ថិតនៅជាប់ព្រំដែនរុស្ស៊ីដូចគ្នា បានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អង្គការណាតូក្នុងខែមេសាឆ្នាំ២០២២ ហើយរំពឹងថាទទួលបានការអនុម័តចូលជាសមាជិកពេញលេញនៅខែមិថុនាឆ្នាំដដែល ប៉ុន្តែដល់ពេលបោះឆ្នោតគាំទ្រ សម្រាប់តែប្រទេសតួកគីបានចេញមុខជំទាស់ដែលមិននឹកស្មានដល់ ហើយ ទាមទារការចរចានិងការដាក់លក្ខខណ្ឌផ្សេងៗឱ្យប្រទេសទាំងពីរអនុវត្តក្នុងនោះមានការគាំទ្ររបស់ស៊ុយអែតលើក្រុមប្រដាប់អាវុធដែលតួកគីចោទថាជា ភេរវករផង។
ហើយកាលពីឆ្នាំមុន ហ្វាំងឡង់ក៏ទទួលបានការយល់ព្រមមុនពីប្រទេសតួកគីសម្រាប់សមាជិកភាពពេញសិទ្ធិ ទុកឱ្យស៊ុយអែតនៅតែលតោលម្នាក់ឯង ដោយប្រទេស២មិនផ្តល់សច្ចាប័នគឺតួកគី និងហុងគ្រី។ ប៉ុន្តែពេលនេះ សភាតួកគីបានផ្តល់សច្ចាប័ន នៅឡើយតែសភាប្រទេសហុងគ្រីប៉ុណ្ណោះ៕