ប្រធានាធិបតីហ្វ៊ីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានប្រកាសកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ថា រដ្ឋាភិបាលហ្វីលីពីន នឹងមិនសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការស៊ើបអង្កេតលើសំណុំរឿងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នោះទេ។
លោក ម៉ាកូស បានប្រាប់ទៅកាន់អ្នកសារព័ត៌មានដោយបញ្ជាក់ឡើងវិញពីជំហររបស់គាត់ថា៖ «ខ្ញុំចាត់ទុកថាវាគឺជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើង។ ដូច្នេះហើយ រដ្ឋាភិបាលហ្វីលីពីននឹងមិនលូកដៃជួយក្នុងដំណើរការស៊ើបអង្កេតណាមួយរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ»។
កាលពីខែកក្កដា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានច្រានចោលសំណើបញ្ឈប់ការស៊ើបអង្កេតរបស់រដ្ឋាភិបាលហ្វីលីពីន ដោយបានអនុញ្ញាតឱ្យមានការស៊ើបអង្កេតបន្ត ដោយតុលាការនេះបានចោទប្រកាន់ថាមានការសម្លាប់ជាច្រើនក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ រួមទាំងការរំលោភសិទ្ធិមនុស្សផ្សេងទៀត។
យ៉ាងណាក៏ដោយ លោក ម៉ាកូស បាននិយាយថា អ្នកស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនឹងត្រូវបានស្វាគមន៍ក្នុងការមកសួរសុខទុក្ខធម្មតា ប៉ុន្តែរដ្ឋាភិបាលហ្វីលីពីននឹងមិនផ្តល់ជំនួយអ្វីទាំងអស់។
ការលើកឡើងរបស់ លោក ម៉ាកូស ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់លោក បានប្រាប់ទៅកាន់សារព័ត៌មាន Kyodo News កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលហ្វីលីពីនអាចនឹងអនុញ្ញាតឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិបន្តការស៊ើបអង្កេត ប្រសិនបើអនុវត្តតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្ររបស់លោក ឌូតឺតេ បានអះអាងថា ទង្វើបែបនេះគឺខុសទៅនឹងច្បាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុប្រធានាធិបតី លោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) បានលើកឡើងពីទស្សនៈឪពុករបស់លោកស្រីថា ការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការរបស់ប្រទេសមិនគួរត្រូវបានអនុញ្ញាតនោះទេ។ លោកស្រី ក៏បានបញ្ជាក់ដែរថា លោកស្រីនឹងមិនចូលរួមក្នុងដំណើរការណាមួយដែលអាចនាំឲ្យតុលាការនិងប្រព័ន្ធតុលាការទាំងមូលរបស់ប្រទេសត្រូវអាម៉ាស់មុខនោះឡើយ។
លោក សាល់វ៉ាដូ ផាណេឡូ (Salvador Panelo)អតីតអ្នកនាំពាក្យរបស់លោក ឌូតឺតេ បាននិយាយនៅក្នុងសារមួយថា៖«ការអនុញ្ញាតឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិបើកការស៊ើបអង្កេតនៅក្នុងប្រទេសរបស់យើង ដោយបំពានរដ្ឋធម្មនុញ្ញ គឺជាការលះបង់ទាំងស្រុងនូវសិទ្ធិរបស់យើងជាប្រទេសដែលមានអធិបតេយ្យភាព»។
ប្រទេសហ្វីលីពីនបានចាកចេញពីតុលាការអន្តរជាតិជាផ្លូវការក្នុងឆ្នាំ ២០១៩ ពោលគឺនៅពេលដែលប្រធានាធិបតី ឌូតឺតេ នាពេលនោះបានបដិសេធការស៊ើបអង្កេតទៅលើយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់។
យោងតាមក្រុមប៉ូលិសហ្វីលីពីនបានឱ្យដឹងថា ពួកគេបានសម្លាប់អ្នកជួញដូរគ្រឿងញៀនចំនួន ៦ ២០០ នាក់ក្នុងអំឡុងអាណត្តិរបស់លោក ឌូតឺតេ។ បន្ថែមលើនេះ អ្នកប្រើប្រាស់ និងអ្នកដើរលក់គ្រឿងញៀនជាច្រើននាក់ទៀតត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលនៃការចុះបង្ក្រាប។
ដោយឡែក ក្រុមសិទ្ធិមនុស្ស និងជនរងគ្រោះមួយចំនួនបានចោទប្រកាន់ថាប៉ូលិសបានធ្វើការបិទបាំងជាប្រព័ន្ធចំពោះការប្រហារជីវិតអ្នកជួញដូរគ្រឿងញៀនទាំងនោះ ប៉ុន្តែអាជ្ញាធរបានបដិសេធ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាកូស ធ្លាប់បានលើកឡើងពីការពិចារណាក្នុងការអនុញ្ញាតឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិត្រឡប់ចូលស៊ើបអង្កេតវិញ ប៉ុន្តែពេលនេះ លោកបានប្រកាសបដិសេធក្នុងការលូកដៃជួយក្នុងដំណើរការស៊ើបអង្កេត៕