ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់ហ្គាហ្សា បានជិតត្រូវរ៉ូវគ្នាលើព្រមព្រៀងស្តីពីបទឈប់បាញ់ថ្មីមួយទៀត ដែលមានរយៈពេល ៣០ ថ្ងៃ។
កិច្ចព្រមព្រៀងបទឈប់បាញ់ក្រោយនេះ ក៏នឹងបើកផ្លូវឱ្យមានការដោះដូរចំណាប់ខ្មាំង ដែលនៅសេសសល់ដែលក្រុមហាម៉ាស់ចាប់ទៅកាលពីការវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលឃុំខ្លួននៅអ៊ីស្រាអែល។
សេចក្តីរាយការណ៍នេះកើតឡើងតែមួយ ១ ថ្ងៃក្រោយកងកម្លាំងរបស់អ៊ីស្រាអែលប្រកាសពីការស្លាប់ទាហានរបស់ខ្លួនចំនួន២៤នាក់ក្នុងការវាយប្រហារបំបាក់អគារកាលពីថ្ងៃទី២២ ខែមករា ដែលអ៊ីស្រាអែលចាត់ទុកជាការបាត់បង់ច្រើនបំផុតចាប់តាំងពីការវាយលុកតាមផ្លូវគោក ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា២០២៣ មកនោះ។
ខណៈពេលនេះ កងកម្លាំងទាហានអ៊ីស្រាអែល បានជំរុញការវាយលុករបស់ខ្លួនលើទីក្រុងសំខាន់របស់ហ្គាហ្សាភាគខាងត្បូង គឺទីក្រុង Khan Younis ខណៈអន្តរជាតិទទូចហើយទទូចទៀតឱ្យភាគីអ៊ីស្រាអែលអនុវត្តបទឈប់បាញ់ដើម្បីបើកផ្លូវឱ្យមានជំនួយមនុស្សធម៌ចូលទៅតំបន់នោះដើម្បីជួយសង្គ្រោះជនស៊ីវិលដែលស្រេកឃ្លាន។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ប្រទេសកាតា អាមេរិក និងអេហ្ស៊ីប បានបើកការចរចាការទូត ចាប់តាំងពីថ្ងៃទី២៨ខែធ្នូ ២០២៣ ដើម្បីស្វែងរកការផ្សារភ្ជាប់ភាពខុសគ្នា រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីន លើក្របខណ្ឌសម្រាប់ការបំបែកអរិភាព ដែលនឹងអនុញ្ញាតឱ្យមានការកើនឡើងនៃជំនួយមនុស្សធម៌ដល់ហ្គាហ្សា។
ប៉ុន្តែភាគីទាំងពីរនៅតែមានជម្លោះលើរបៀបបញ្ចប់សង្គ្រាមហ្កាហ្សាជាអចិន្ត្រៃយ៍ ហើយក្រុមហាម៉ាស់បានបដិសេធមិនបន្តដំណើរទៅមុខរហូតទាល់តែបញ្ហានេះត្រូវបានដោះស្រាយ។
រ៉យទ័របានផ្សាយថា ខ្លួនបានទាក់ទង ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន ក្រសួងការបរទេសកាតា និងសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប ដែលទាំងបីភាគីមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់ខ្លួនឡើយ។
សង្គ្រាមនៅតំបន់ហ្គាហ្សាបានអូសបន្លាយជិត ៤ ខែ ទៅហើយ ដោយអ៊ីស្រាអែលបាញ់ស្រោចមីស៊ីល លើទីតាំងសំខាន់ៗរបស់ក្រុមហាម៉ាស់ មុនប្រតិបត្តិការសមរភូមិជើងគោកនៅថ្ងៃទី២៧ខែតុលាឆ្នាំមុន។ រហូតដល់ពេលនេះ ជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាដែលភាគច្រើនជាកុមារនិងស្ត្រីជាង ២៥០០០ នាក់ត្រូវបានសម្លាប់ ខណៈដែលអ៊ីស្រាអែលតែងច្រានចោលបទឈប់បាញ់ណាមួយស្នើដោយអង្គការសហប្រជាជាតិក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក៕