បើតាមការប៉ាន់ប្រមាណផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្នុងល្បឿនដូចគ្នាទៅនឹងត្រីមាសមុន ខណៈវាបានកើនលើសការរំពឹងទុកដោយសារការនាំចេញមានការងើបនិងមានសម្ទុះខ្លាំងក្លាឡើងវិញ។
បើយោងតាមធនាគារកណ្តាលកូរ៉េ (BOK) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ត្រីមាសខែតុលាដល់ខែធ្នូឆ្នាំ២០២៣ ស្ថិតក្នុងរង្វង់ ០,៦ ភាគរយ ខ្ពស់ជាងរយៈពេលបីខែមុនឬត្រីមាសមុន ក្រោយមានការកែសម្រួលជាបន្តបន្ទាប់មក។ ដូច្នេះក្នុងត្រីមាសទី៤ មានកំណើនស្ថិតក្នុងរង្វង់ ០,៦កើនលើសកម្រិតមធ្យម ០,៥ ភាគរយ។
ការវិភាគនៃតួលេខផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៣ បានបង្ហាញថា ការនាំចេញបានងើបកើនឡើងវិញចំនួន ២,៦ ភាគរយ ខណៈពេលដែល ការនាំចូលបានកើនឡើង ១ ភាគរយ ដែលនាំមានកំណើនសុទ្ធ ឬ net growth០,៨ ភាគរយ។
ជុំវិញការកើនឡើងនេះគឺមានការរួមចំណែកពីការប្រើប្រាស់ឯកជនដែលបានកើនឡើង ០,២ភាគរយ ការវិនិយោគលើគ្រឿងបរិក្ខារបានកើនឡើង៣,០ភាគរយ ចំណែកការវិនិយោគលើវិស័យសំណង់បានធ្លាក់ចុះ ៤,២ភាគរយ ហើយក្នុងនោះការចំណាយរបស់រដ្ឋាភិបាលគឺខ្ពស់ជាង ០,៤ភាគរយ។
ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ របស់អាស៊ីក្នុងត្រីមាសទី ៤ បានកើនឡើង ២,២ភាគរយ ដែលនេះគឺជាកំណើនលឿនបំផុតមួយបើគិតចាប់តាំងពីត្រីមាសទី ៣ ឆ្នាំ២០២២។
ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងវិញក្នុងរយៈពេល៣ខែជាប់គ្នាគិតត្រឹមខែធ្នូឆ្នាំ២០២៣ បន្ទាប់ពីមានការកែសម្រួលការលក់បន្ទះឈីប និងបើទោះបីជាតម្រូវការថមថយពីសំណាក់ប្រទេសចិននៅតែអូសបន្លាយក្តី។
នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងត្រឹមតែ ១,៤ភាគរយប៉ុណ្ណោះ ដែលនេះជាកម្រិតទាបរយៈពេលប៣ ឆ្នាំចុងក្រោយ ដោយឆ្នាំ២០២២មានកំណើន ២,៦ភាគរយ និង ៤,៣ភាគរយនៅឆ្នាំ២០២១។ សម្រាប់ឆ្នាំ ២០២៤ នេះសេដ្ឋកិច្ចកូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងកើនឡើងចំនួន ២,១ភាគរយ។ នេះបើយោងតាម BOK៕