ក្រោមការបញ្ជារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) មន្ត្រីកូរ៉េខាងជើងបានចាត់វិធានការវាយកម្ទេច បំផ្លាញខ្លោងទ្វារដ៏សំខាន់មួយនៅក្នុងរដ្ឋធានីព្យុងយ៉ាង (Pyongyang)ដែលជាតំណាងឱ្យសេចក្តីប្រាថ្នាឆ្ពោះទៅរកការផ្សះផ្សាជាមួយកូរ៉េខាងត្បូង។ ការវាយកម្ទេចនេះ ធ្វើឡើង បន្ទាប់ពីការប្រកាសកាលពីពេលថ្មីៗនេះរបស់លោកគីមដែលថាកូរ៉េខាងត្បូងឥឡូវនេះ គឺជាសត្រូវចម្បងរបស់កូរ៉េខាងជើងហើយលោកបានបញ្ជាក់ថា អនាគតនៃការបង្រួបបង្រួមគឺមិនអាចទៅរួចនោះទេ។
យោងតាមរូបភាពផ្កាយរណបដែលគេបានបង្រួមមើលទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៣ខែមករា បានឱ្យដឹងថា ខ្លោងទ្វារដែលជានិមិត្តរូបនៃការបង្រួបបង្រួមឧបទ្វីបកូរ៉េ បានបាត់វត្តមានហើយ នេះបើយោងតាមការចេញផ្សាយរបស់ NK News ដែលជាសារព័ត៌មានតាម ដានការវិវត្តរបស់កូរ៉េខាងជើង។
គួររំឭកថា ខ្លោងទ្វារនេះត្រូវបានសាងសង់ឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរកូរ៉េក្នុងឆ្នាំ ២០០០។
យ៉ាងណាក៏ដោយ សារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់ជាក់ច្បាស់នៅឡើយទេថាតើខ្លោងទ្វារដែលគេស្គាល់ថាជាខ្លោងទ្វារនៃការបង្រួបបង្រួម(Arch of Reunification)ពិតជាត្រូវបានវាយកម្ទេចចោលឬក៏យ៉ាងណា។កាលពីអំឡុងពេលសុន្ទរកថានៅឯសភាប្រជាជនកំពូលរបស់កូរ៉េខាងជើងនៅថ្ងៃទី១៥ខែមករា លោកគីមធ្លាប់បានរិះគន់ខ្លោងទ្វារនេះថាជាខ្លោងទ្វារដែលមើលទៅមិនចូលភ្នែកសោះ ពោលគឺពិតជាទើសភ្នែកខ្លាំងណាស់។ លោកថែមទាំងបានលើកឡើងអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឱ្យដាក់បញ្ចូលមាត្រាដែលចែងថាកូរ៉េខាងត្បូងគឺជាប្រទេសសត្រូវជារៀងរហូតទៀតផង។
ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ រីឯកូរ៉េខាងជើងវិញ បានអះអាងថា ខ្លួនបាននិងកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការដើរចូលក្នុងភ្លើងសង្គ្រាមនុយក្លេអ៊ែរជាមួយសត្រូវ។
ខ្លោងទ្វារនេះមានឈ្មោះជាផ្លូវការថា«វិមានធម្មនុញ្ញទាំងបីសម្រាប់ការបង្រួបបង្រួមជាតិ» មានកម្ពស់៣០ម៉ែត្រនិងតំណាងឱ្យគោលការណ៍ទាំង ៣ គឺការពឹងផ្អែកលើខ្លួនឯងសន្តិភាពនិងកិច្ចសហប្រតិបត្តិការជាតិ។នេះបើយោងតាមកំណត់ត្រារបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយ៉ុល (Yoon Suk-yeol)ដែលបានឡើងកាន់តំណែងក្នុងឆ្នាំ២០២២តែងតែបានប្រកាសពីគោលជំហរប្រឆាំងនឹងកូរ៉េខាងជើងរបស់ខ្លួន ហើយលោកបានព្យាយាមបង្ហាញឱ្យពិភពលោកដឹងថា កូរ៉េខាងត្បូងប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះសកម្មភាពយោធារបស់កូរ៉េខាងជើងនៅតំបន់ឧបទ្វីបកូរ៉េ។
ដោយឡែក កូរ៉េខាងជើងបានសន្យាថានឹងវាយកម្ទេចកូរ៉េខាងត្បូង ប្រសិនបើយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហ៊ានបើកការវាយប្រហារមកលើខ្លួន។ កាលពីចុងឆ្នាំ២០២៣កូរ៉េខាងជើងបានប្រកាសរំលាយកិច្ចព្រមព្រៀងស្ដីពីការកាត់បន្ថយភាពតានតឹងផ្នែកយោធាដ៏សំខាន់មួយដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៨។
បន្ទាប់ពី លោក គីម បានថ្លែងសុន្ទរកកាលពីសប្តាហ៍ មុនរួចសភារបស់ប្រទេសកូរ៉េខាងជើង បានចាត់វិធានការរុះរើទីភ្នាក់ងាររដ្ឋាភិបាលសំខាន់ៗនៅកូរ៉េខាងត្បូងដែលធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងជាច្រើនទសវត្សរ៍មកហើយជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល៕