ប្រទេសសិង្ហបុរី និងចិន នឹងចាប់ផ្តើមការលើកលែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃទៅវិញទៅមក ចាប់ពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះទៅ ពោលគឺមុនថ្ងៃឈប់សម្រាកចូលឆ្នាំចិនមួយថ្ងៃ។
កិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ នេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ២៥ ខែមករា ដោយមន្ត្រីនៃភាគីទាំង ២ យល់ព្រមអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនធម្មតាពីសិង្ហបុរីនិងចិនចូលទៅក្នុងប្រទេសគ្នាទៅវិញទៅមកដោយមិនចាំបាច់មានទិដ្ឋាការនិងសម្រាប់ការស្នាក់នៅរហូតដល់ ៣០ ថ្ងៃ។
មែនទែនទៅ សេចក្តីសម្រេចដ៏ធំនេះត្រូវបានប្រកាសតាំងតែពីខែធ្នូ ឆ្នាំ ២០២៣ ពោលជាពេលដែលឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ស្ថិតនៅក្នុងប្រទេសចិនចូលរួមកិច្ចប្រជុំថ្នាក់កំពូលប្រចាំឆ្នាំរវាងរដ្ឋាភិបាលទាំង ២ ស្តីពីកិច្ចសហប្រតិបត្តិការ និងគម្រោងរួមគ្នា។
គួរជម្រាបថា ប្រទេសចិន បានស្ដារឡើងវិញនូវគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៥ ថ្ងៃ សម្រាប់ប្រជាជនសិង្ហបុរីតាំងតែពីដើមខែកក្កដាឆ្នាំ ២០២៣ បន្ទាប់ពីការផ្អាកអស់រយៈពេលជាង ៣ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ ១៩។
ហើយបច្ចុប្បន្ននេះ ពោលគឺមុនថ្ងៃទី ៩ ខែកុម្ភៈ ចូលមកដល់ ប្រជាជនសិង្ហបុរីអាចទៅលេងប្រទេសចិន បានរហូតដល់ ១៥ ថ្ងៃ ដោយគ្មានទិដ្ឋាការ ខណៈដែលអ្នកកាន់លិខិតឆ្លងដែនធម្មតារបស់ចិននៅតែត្រូវដាក់ពាក្យសុំទិដ្ឋាការដើម្បីចូលសិង្ហបុរី។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ការអនុវត្តគម្រោងលើកលែងទិដ្ឋាការនៅមុនថ្ងៃឈប់សម្រាកចូលឆ្នាំចិន គឺជា «អំណោយឆ្នាំថ្មី» ដល់ប្រជាជននៃប្រទេសទាំងពីរ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ពេលបច្ចុប្បន្ននេះប្រទេសចិនបានបើកទូលាយនូវការរៀបចំគម្រោងលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេសយ៉ាងហោចណាស់ ២២ ប្រទេស។
ស្ថានទូតសិង្ហបុរីប្រចាំនៅទីក្រុងប៉េកាំង បាននិយាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនទន្ទឹងរង់ចាំការមកដល់នៃអាជីវកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រទេសទាំងពីរតាមរយៈការអនុវត្តការរៀបចំនេះ។
ស្ថានទូតបន្តថា ការលើកលែងនេះក៏នឹងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំង ២ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងនាំមកនូវឱកាសសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់ប្រជាជនសិង្ហបុរី និងប្រទេសសិង្ហបុរី។
គួរជម្រាបថា មុនការរាតត្បាតនៃជំងឺកូវីត ១៩ ភ្ញៀវទេសចរចិនជាង ៣,៥ លាននាក់បានទៅទស្សនាប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១៩។ សម្រាប់ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ខែវិច្ឆិកា សិង្ហបុរីទទួលបានត្រឹម ៣៧ ភាគរយ នៃភ្ញៀវទេសចរដែលមកពីប្រទេសចិនក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី។
យ៉ាងណាក្រោយសេចក្តីប្រកាសថ្មីនេះ អ្នកនិយមលេងអ៊ីនធឺណិតចិនជាច្រើនបានចាប់ផ្តើមពិភាក្សាអំពីគម្រោងធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសសិង្ហបុរី ដោយអ្នកខ្លះត្រេកអរដោយមិនចាំបាច់សុំទិដ្ឋាការ ដើម្បីចូលរួមការប្រគំតន្ត្រីនៅប្រទេសសិង្ហបុរី៕