ចំណុចចុះចតដោយជោគជ័យនៃយាន Moon Sniper របស់ប្រទេសជប៉ុននៅលើឋានព្រះចន្ទកាលពីសប្ដាហ៍មុន គឺស្ថិតនៅក្បែរនឹងទីតាំងគោលដៅដែលបានកំណត់ បើទោះបីជាមានបញ្ហាម៉ាស៊ីននៅនាទីចុងក្រោយក៏ដោយ។ នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ។

បើគេមើលតាមរូបភាពដំបូងដែលថតបានពីបេសកកម្មដោយយានខ្នាតតូចមួយ បានបង្ហាញឱ្យឃើញនូវយានជំនិះពណ៌លឿងដែលមានទីតាំងផ្អៀងបន្តិចនៅលើផ្ទៃថ្មពណ៌ប្រផេះនៃឋានព្រះចន្ទ និងមានទេសភាពជម្រាលភ្នំនៅផ្ទៃខាងក្រោយ។ 
 
ប្រទេសជប៉ុនបានក្លាយទៅជាប្រទេសទី ៥ នៅលើពិភពលោក ដែលសម្រេចបាននូវការចុះចតនៅលើឋានព្រះចន្ទកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពសូវៀត ចិន និងឥណ្ឌា។ យានដែលមានឈ្មោះពេញថា Smart Lander for Investigating Moon (SLIM) ដែលគេស្គាល់ថាជា Moon Sniper របស់ជប៉ុន បានប្រើប្រាស់បច្ចេកវិជ្ជាធ្វើយ៉ាងណា ចុះចតក្នុងចម្ងាយត្រឹម ១០០ ម៉ែត្រពីកន្លែងដែលបានកំណត់ទុកជាមុនដែលជារណ្ដៅធំមួយ។ 
 
ជារឿងដែលភ្ញាក់ផ្អើល យានមួយនេះអាចចុះចតត្រឹមតែ ៥៥ ម៉ែត្រប៉ុណ្ណោះពីគោលដៅ ដែលជាទូទៅ ការចុះចតយានរបស់ប្រទេស ៤ ផ្សេងទៀតកន្លងមក គឺស្ថិតនៅចម្ងាយច្រើនគីឡូម៉ែត្រពីគោលដៅដែលបានកំណត់។ យោងតាមអ្នកគ្រប់គ្រងគម្រោង លោក ស៊ីនីឈីរ៉ូ សាកៃ (Shinichiro Sakai) បានឱ្យដឹងថា ដោយសារតែបញ្ហាម៉ាស៊ីនអំឡុងពេលចុះចត ទើបបណ្តាលឱ្យមានគម្លាតចេញពីគោលដៅបន្តិច។ 
 
មុនពេលម៉ាស៊ីនមានបញ្ហា យានមួយនេះបាននិងកំពុងធ្វើដំណើរទៅកាន់តែជិតដល់គោលដៅហើយ ប៉ុន្តែស្រាប់តែមានបញ្ហាអាគុយសូឡា ដែលមានន័យថា វាបានឈប់ផលិតថាមពល។ ប្រហែល ៣ ម៉ោងបន្ទាប់ពីការចុះចត ទីភ្នាក់ងាររុករកអវកាសជប៉ុនបានសម្រេចចិត្តបិទម៉ាស៊ីនយាន SLIM ខណៈដែលថាមពលនៅសល់ត្រឹមតែ ១២% ដោយពួកគេរំពឹងថាថាមពលនឹងអាចកើនឡើងវិញនៅពេលដែលទីតាំងនោះ វិលទៅរកពន្លឺព្រះអាទិត្យ។ 
 
បើតាមទីភ្នាក់ងាររុករកអវកាសជប៉ុន បានឱ្យដឹងថា ពួកគេត្រូវការរយៈពេលប្រហែលមួយសប្តាហ៍ ដើម្បីអាចឱ្យផ្ទៃយានអវកាស តម្រង់ទៅទិសខាងលិចដើម្បីអាចស្រូបយកពន្លឺព្រះអាទិត្យបាន។ ទីភ្នាក់ងាររុករកអវកាសជប៉ុនបាននិយាយថា "ដោយផ្អែកលើការវាយតម្លៃបច្ចុប្បន្ន យើងកំពុងត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមបើកដំណើរការម៉ាស៊ីនរបស់យានឡើងវិញនៅថ្ងៃទី១ ខែកុម្ភៈ"។ 
 
មុនពេលបិទម៉ាស៊ីនយាន អ្នកគ្រប់គ្រងបេសកកម្មមួយនេះបានទាញយកទិន្នន័យមួយចំនួនពីយានពេលកំពុងស្ថិតនៅលើផ្ទៃព្រះចន្ទ។ បេសកកម្មនេះបានកំណត់គោលដៅលើរណ្ដៅមួយនៅលើឋានព្រះចន្ទ ដែលអ្នកវិទ្យាសាស្ត្រជឿថា ស្រទាប់ដ៏ជ្រៅនេះ ជាធម្មតាស្ថិតនៅក្រោមសម្បកស្រទាប់ខាងលើរបស់ព្រះចន្ទ។ គោលដៅគឺដើម្បីសិក្សាថ្មពីតំបន់នេះ ដើម្បីទទួលបានការយល់ដឹងអំពីវត្តមាននៃធនធានទឹករបស់ភពព្រះចន្ទ។ 
 
កាលពីថ្ងៃសៅរ៍នោះផងដែរ យានរុករកខ្នាតតូចចំនួន២ត្រូវបានផ្ដាច់ចេញពីយានធំ SLIM ដោយជោគជ័យ ពោលគឺមួយជាឧបករណ៍បញ្ជូនទិន្នន័យ និងមួយទៀតជា Mini-rover ដែលមានរូបរាងធំជាងកូនបាល់កីឡាតេនីសបន្តិច។ វាត្រូវបានរចនាឡើងដើម្បីរំកិលជុំវិញផ្ទៃព្រះចន្ទ ហើយបញ្ជូនរូបភាពមកភពផែនដី។ 
 
យាន SLIM គឺជាផ្នែកមួយនៃបេសកកម្មរុករកឋានព្រះចន្ទ ដែលវាមានរយៈពេល ៥០ ឆ្នាំហើយបន្ទាប់ពីមានការចុះចតនៅលើឋានព្រះចន្ទលើកដំបូង។ កន្លងមក បញ្ហាបច្ចេកទេសគឺជាឧបសគ្គសំខាន់ចំពោះបេសកកម្មរុករកនៅលើឋានព្រះចន្ទ ដោយសហរដ្ឋអាមេរិកបានប្រឈមនឹងការបរាជ័យ ហើយបេសកកម្មរបស់ជប៉ុនពីរលើកមុន ដែលជាគម្រោងសាធារណៈមួយ និងឯកជនមួយ ក៏បានបញ្ចប់ទៅដោយការបរាជ័យផងដែរ៕

AFP