ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឡាវ លោក Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេសសិង្ហ​បុរីបាន​និយាយថា ឡាវ​ជា​ប្រទេស​ដែលមាន​សក្កា​នុព​ល​សេដ្ឋកិច្ច​ធំ​សម្បើម ហើយ​ប្រទេស​នេះ អាច​រីកចម្រើន​បាន​លឿន ដោយ​គ្រាន់​តែមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ក៏ដូចជា​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​ឱ្យបាន​ត្រឹមត្រូវ។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ២៧ ខែមករា​កន្លងទៅ លោក Vivian Balakrishnan បាន​និយាយថា សិង្ហ​បុរី​អាចធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ឡាវ ក្នុង​ការបង្កើន​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន​តាម​រយៈ​ការអប់រំ និង​ការបណ្តុះបណ្តាល ក៏ដូចជា​ការផ្តល់​ជំនួយផ្សេងៗដើម្បី​រុញ​ប្រទេស​នេះ​ឱ្យបាន​ចូលទៅក្នុង​ទីផ្សារ​ពិភពលោក ដែល​ក្នុងនោះ​ក៏​រួម​មាននូវ​ការលក់​ឥណទាន​កាបូន ផងដែរ។

ដោយឡែក អតិផរណា​តម្លៃ​ទំនិញប្រើប្រាស់​ក្នុងប្រទេស​ឡាវ​មាន​ជា​មធ្យម ៥,១% ក្នុង​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ (គិត​ត្រឹម​ឆ្នាំ ២០២២) ដែល​ចំនួន​នេះ លើសពី​មធ្យមភាគ​អាស៊ី​ប៉ាស៊ីហ្វិក​ដែលមាន​ត្រឹមតែ ២,១% ប៉ុណ្ណោះ។ រីឯ​អត្រា​អតិផរណា​របស់​ប្រទេស​ឡាវ សម្រាប់​ឆ្នាំ ២០២២ វិញ គឺ​បាន​ហក់​ឡើង​រហូតដល់ ២៣% ឯណោះ។

ប៉ុន្តែ​យ៉ាងណា លោក Vivian Balakrishnan បានបញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ឡាវ​បាន​បើកចំហរ ក្នុងការ​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ជាមួយ​ខ្លួន ដោយ​ពួកគេ​ចង់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង ផ្ទៃ​ប្រទេស​ឱ្យ​ប្រសើរ​ជាង​បច្ចុប្បន្ននេះ។

លោក​រដ្ឋមន្ត្រីការបរទេស​ក៏បាន​បន្ថែម​ដែរ​ថា៖«ពេលនេះ យើង​កំពុង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​​ដូចជា ធ្វើ​បដិវត្តន៍​បច្ចេកវិទ្យា​ដោយ​ប្រើប្រាស់​បញ្ញា​សិប្ប​និមិត្ត ការប្រើ​បច្ចេក​វិទ្យា​កុំព្យូទ័រ ការធ្វើបដិវត្ត​ឌីជីថល​នៅក្នុង​ស្រុក និង​ការជំរុញ​ប្រទេស​ឡាវ​ចំពោះ​វិស័យ​ថាមពល​កកើត​ឡើងវិញ»។

សម្រាប់​ប្រទេស​ឡាវ ដែលមាន​រហ័ស​នាម​ថា​ជា​ធុងអាគុយ​អគ្គិសនី​ស្រាប់​នោះ មាន​សក្កា​នុព​ល​ដ៏ ធំធេង​លើ​វិស័យ​វា​រី​អគ្គីសនី ហើយ​សិង្ហ​បុរី​មើលឃើញថា នេះ​ជា​ប្រភព​នៃ​ការទទួលបាន​ឥណទាន​កាបូន។ 

លោក Vivian Balakrishnan បាន​សង្កត់ធ្ងន់ថា៖ «នៅពេលដែល​ពិភពលោក​ព្យាយាម​សម្រេចបាន​នូវ​គោលដៅ​មិន​បំ​ភាយ​ឧស្ម័ន​កាបូន​នៅត្រឹម​ឆ្នាំ ២០៥០ ពួកគេ​នឹង​ត្រូវការ​អគ្គីសនី​ពី​ប្រទេស​ឡាវ​កាន់តែច្រើន»។

ឡាវ​គឺជា​ប្រទេស​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មិនមាន​ព្រំប្រទល់​ជាប់​សមុទ្រ ប៉ុន្តែ​ជា​ប្រទេស​តែមួយគត់​ដែលមាន​អាង​ទន្លេមេគង្គ​ច្រើនជាងគេ។ ដោយមាន​លក្ខខណ្ឌ​ភូមិសាស្ត្រ​បែបនេះ ប្រទេស​ឡាវ​សម្បូរ​ទៅដោយ ភ្នំខ្ពស់ៗ និង​ព្រៃឈើ ដែល​អំណោយ​ផល​​ដល់​ការធ្វើ​វា​រី​អគ្គិសនី។

បច្ចុបន្ន​នេះដែរ អគ្គិសនី​ដែល​ផលិត​បាន​នៅ​ប្រទេស​ឡាវ មាន​គោលដៅ​នាំចេញសំខាន់ៗទៅកាន់​ប្រទេស​វៀតណាម និង​ថៃ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នាឱកាស៥០ឆ្នាំ​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ លោក​រដ្ឋមន្ត្រីការបរទេស​បាន​ចំណាយពេល​ពេញ​មួយថ្ងៃ ដើម្បី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ Sonexay Siphandone រដ្ឋមន្ត្រីការបរទេស Saleumxay Kommasith និង​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​អន្តរជាតិ​នៃ​បដិវត្ត​ប្រជាជន​ឡាវ លោក Thongsavanh Phomvihane៕