ប្រទេសចំនួន ៦ ពីតំបន់អឺរ៉ុប បានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនសម្រាប់ប៉ាឡេស្ទីននៃអង្គការសហប្រជាជាតិ (UNRWA) កាលពីថ្ងៃសៅរ៍ ក្រោយអីស្រាអែលបានចោទប្រកាន់ថា បុគ្គលិកភ្នាក់ងារជំនួយនេះមួយចំនួន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃ ៧ តុលា របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសទាំង ៦ ដែលរួមមានអង់គ្លេស អ៊ីតាលី ហូឡង់ ស្វីស និងហ្វាំងឡង់ បានចូលរួមជាមួយប្រទេសលោកខាងលិច ៣ ផ្សេងទៀត រួមមានសហរដ្ឋអាមេរិក អូស្រាលី និងកាណាដា ក្នុងការផ្អាកលំហូរមូលនិធិដល់ UNRWA ដែលជាប្រភពជំនួយដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។
ការផ្អាកនេះ ធ្វើឡើងដោយមានការទាមទារពីអ៊ីស្រាអែល ដែលបានជំរុញឱ្យប្រទេសម្ចាស់ជំនួយផ្សេងៗទៀត ធ្វើការផ្អាកមូលនិធិសម្រាប់ UNRWA ដូចគ្នា។ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា UNRWA គួរតែត្រូវបានដកចេញ នៅពេលការប្រយុទ្ធគ្នាចុះថមថយ ព្រោះក្រុមនេះមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធនៅហ្គាហ្សា។
លោកថ្លែងបែបនេះនៅលើបណ្ដាញសង្គម X ដោយបន្ថែមថា៖ «ក្នុងការកសាងហ្គាហ្សាឡើងវិញ UNRWA ត្រូវតែត្រូវបានជំនួសដោយភ្នាក់ងារដែលធ្វើការដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ»។
ពេលរងការចោទសួរពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Katzអ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិលោកFarhan Haqបានឆ្លើយថា៖ «យើងមិនឆ្លើយតបទៅនឹងវោហាសាស្ត្រទេ។UNRWA ទាំងមូល មានកំណត់ត្រាល្អដ៏រឹងមាំ ដែលយើងបានគូសបញ្ជាក់ម្តងហើយម្តងទៀត»។
ចំណែកអគ្គស្នងការ UNRWA លោក Philippe Lazzarini វិញ បាននិយាយថា ការសម្រេចចិត្តរបស់ប្រទេសទាំង៩ បានគំរាមកំហែងដល់ការងារមនុស្សធម៌របស់ខ្លួននៅទូទាំងតំបន់ ជាពិសេសនៅតំបន់ហ្គាហ្សា។
លោកនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «វាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលយើងឃើញការផ្អាកមូលនិធិដល់ទីភ្នាក់ងារ ដើម្បីជាប្រតិកម្មនឹងការចោទប្រកាន់លើបុគ្គលិកមួយក្រុមតូច ជាពិសេសការផ្អាកនេះធ្វើឡើងទោះបី UNRWA បានចាត់វិធានការភ្លាមៗដោយការបញ្ចប់កិច្ចសន្យារបស់បុគ្គលិកទាំងនោះ និងស្នើសុំឱ្យមានការស៊ើបអង្កេតឯករាជ្យប្រកបដោយតម្លាភាព ក៏ដោយ»។
កាលពីថ្ងៃសុក្រ លោក Lazzariniបានប្រកាសពីវិធានការ UNRWA ប៉ុន្តែមិនបានបង្ហាញចំនួនបុគ្គលិក ដែលរងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់នោះទេ ហើយក៏មិនបង្ហាញពីលក្ខណៈនៃការជាប់ពាក់ព័ន្ធរបស់ពួកគេដែរ។
ជុំវិញបញ្ហានេះផងដែរ ក្រសួងការបរទេសប៉ាឡេស្ទីនបានរិះគន់នូវអ្វី ដែលខ្លួនបានហៅថាជា «យុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹង UNRWA» ខណៈក្រុមហាម៉ាស់វិញ បានថ្កោលទោសការបញ្ចប់កិច្ចសន្យាជាមួយបុគ្គលិករបស់UNRWA ដោយអះអាងថា វាផ្អែកលើព័ត៌មានដែលទទួលបានពីសត្រូវអ៊ីស្រាអែល។
UNRWA តែងតែច្រានចោលការចោទប្រកាន់ស្រដៀងគ្នាកាលពីអតីតកាល ហើយបានទទូចថា ខ្លួនជាទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះ និងមនុស្សធម៌។
ទីភ្នាក់ងារនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយជនភៀសខ្លួនក្នុងសង្រ្គាមឆ្នាំ ១៩៤៨ ដែលផ្ទុះឡើងក្រោយអ៊ីស្រាអែលប្រកាសឯករាជ្យនាខែឧសភា ឆ្នាំនោះ។ វាផ្តល់សេវាអប់រំ សុខភាព និងជំនួយផ្សេងៗដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា តំបន់West Bank ក្នុងប្រទេសហ្ស៊កដានី ស៊ីរី និងលីបង់ជាដើម។
UNRWA រួមចំណែកលើការជួយប្រជាជន ២/៣ ដែលរស់នៅតំបន់ហ្គាហ្សាទាំង ២,៣ លាននាក់ និងបានដើរតួនាទីជាភ្នាក់ងារជំនួយដ៏សំខាន់ក្នុងអំឡុងសង្រ្គាមបច្ចុប្បន្ន ដែលផ្ទុះឡើងក្រោយការវាយប្រហារថ្ងៃ ៧តុលា របស់ក្រុមហាម៉ាស់ ដែលបង្កឱ្យអ៊ីស្រាអែលប្ដេជ្ញាបោកសម្អាតក្រុមសកម្មប្រយុទ្ធមួយនេះ៕