គិតត្រឹមថ្ងៃទី ២៧ ខែមករា កសិករបារាំងនៅតែបន្តធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស ដោយលើកហេតុផលថា រដ្ឋាភិបាលនៅមិនទាន់អាចរកដំណោះស្រាយមួយដែលសមស្របសម្រាប់ពួកគេនៅឡើយ។
យ៉ាងណាមិញការធ្វើបាតុកម្មបិទផ្លូវទូទាំងប្រទេសរបស់ប្រជាកសិករបារាំងបែបនេះធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រីទើបចូលកាន់តំណែង Gabriel Attal បានកែទម្រង់ការយកពន្ធលើប្រេងឥន្ធនៈសម្រាប់វិស័យកសិកម្ម។មិនត្រឹមតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីថ្មីនេះក៏បានប្រកាសចេញនូវគោលនយោបាយផ្សេងទៀតសំដៅកាត់បន្ថយការចំណាយរបស់រដ្ឋផងដែរ។
បើតាមការកែទម្រង់ថ្មីនេះរដ្ឋនឹងបង្កើនពន្ធលើប្រេងឥន្ធនៈសម្រាប់វិស័យកសិកម្មពីលើតម្លៃបច្ចុបន្នចំនួន €0,0៣ (0,0៣ ដុល្លារ) ក្នុង ១ ឆ្នាំរហូតដល់ឆ្នាំ ២០៣០។ ប៉ុន្តែសម្រាប់កសិករពួកគេកំពុងតែជួបប្រទះនូវបញ្ហាទីផ្សារម្ល៉ោះហើយការដំឡើងពន្ធចំស្ថានការណ៍នេះជារឿងដែលធ្វើឱ្យកសិករភាគច្រើនមិនយល់ស្រប។
សហជីពកសិកម្មដ៏ធំៗរបស់បារាំងបាននិយាយថាខ្លួននឹងបន្តការតវ៉ាបិទផ្លូវបែបនេះរហូតដល់រដ្ឋាភិបាលមានដំណោះស្រាយ។ក្រុមកសិករផ្សេងទៀតថែមទាំងដាក់គោលដៅធ្វើយ៉ាងណាឱ្យមានភាពរអាក់រអួលនៅទីក្រុងធំៗនិងទីសាធារណៈផងដែរ។
ជាមួយគ្នានេះដែរក្រុមបាតុករក៏បានរៀបចំនូវការជួបជុំដោយស្ងៀមស្ងាត់ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធដល់កសិករដែលបានបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយអ្នកខ្លះបានធ្វើអត្តឃាតដោយសារតែបញ្ហាទីផ្សារនិងសម្ពាធដែលរដ្ឋាភិបាលដាក់ទៅលើកសិករ។
ម្យ៉ាងទៀតក្រុមកសិករបារាំងក៏កំពុងតវ៉ាលើការហាមប្រាមក្នុងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដើម្បីឱ្យសមស្របទៅនឹងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុបដែលបានប្រកាសក្នុងឆ្នាំ២០១៩។
កិច្ចព្រមព្រៀងនោះមានបំណងសម្រេចបាននូវអព្យាក្រឹតអាកាសធាតុនិងគ្មានការបំភាយឧស្ម័នកាបូននៅក្នុងសហភាពអឺរ៉ុបត្រឹមឆ្នាំ២០៥០ប៉ុន្តែវានឹងប៉ះពាល់ដល់ថ្លៃដើមនៃការផលិតរបស់កសិករទូទាំងប្រទេសបារាំងក៏ដូចជាទូទាំងសហភាពអឺរ៉ុបដោយធ្វើឱ្យកសិករកាន់តែពិបាកក្នុងការរកប្រាក់ចំណេញ។
ទាក់ទិននឹងបញ្ហានេះការិយាល័យនាយករដ្ឋមន្ត្រី Gabriel Attal បានឱ្យដឹងថាខ្លួននឹងធ្វើដំណើរទៅកាន់កន្លែងដែលកសិករកំពុងតវ៉ានាថ្ងៃទី២៨មករានេះដោយធ្វើយ៉ាងណារារាំងមិនឱ្យចលនាតវ៉ានេះរីកដុះដាលកាន់តែធំ។
ប្រទេសបារាំងគឺជាអ្នកធ្វើកសិកម្មដ៏ធំបំផុតរបស់សហភាពអឺរ៉ុបហើយការតវ៉ារបស់កសិករបារាំងនាពេលនេះគឺធ្វើឡើងស្រដៀងគ្នានឹងអ្វីដែលធ្លាប់កើតមានក្នុងប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត៕