មនុស្ស​ជាច្រើន​មាន​ទាំង​ពលរដ្ឋ​អ៊ីស្រាអែល​ផ្ទាល់ និង​ជនបរទេស​ផង បាន​ដើរ​ទស្សនា​ផ្ទាំង​បដា​ដែល​មាន​បង្ហាញ​ឈ្មោះ និង​បិទ​រូបថត​របស់​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​តំបន់​ដែល​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​បាន​លួច​ចូល​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល​កាលពី​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​ ២០២៣ ​ស្ថិត​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស។

អ្នកខ្លះ​កំពុង​ថត​វីដេអូ និង​និង​អ្នក​ខ្លះទៀត​កំពុង​ផ្ដិត​យក​រូបភាព​នៅលើ​ទូរស័ព្ទ​របស់​ពួកគេ ​ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បា​ន​បង្ហាញ​ពី​កាន់ទុក្ខ​ដោយ​ស្រក់​ទឹក​ភ្នែក។

អ្នកដើរ​ទស្សនា​នៅ​ទីនោះ​ម្នាក់​ឈ្មោះ​ថា ​សា​ម៉ាន​ថា ម៉ា​ល​កា (Samantha Malcar) មកពី​ប្រទេស​កាណាដា បានលើកឡើង​សង្កត់​ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការធ្វើជា​សាក្សី​ដោយផ្ទាល់​ដោយ​បាន​និយាយ​ថា៖ «វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការដែល​បានមក​ឃើញ​វា​ដោយ​ផ្ទាល់​ភ្នែក​របស់​អ្នក»។

លោកស្រី​បាន​បន្ត​ថា៖ «អ្នក​អាច​មើល​ឃើញ​ផ្ទាំង​រូបភាព​ដែល​បង្ហាញ​ពី​ទឹកមុខ​ជាក់ស្ដែង​របស់​ជន​រងគ្រោះ។ អ្នក​អាច​មើលឃើញ​ការបំផ្លិច​បំផ្លាញ ​ហើយ​អ្នក​អាច​ដឹងថា​ ពួកគេ​ទាំងអស់​នេះ​គឺជា​មនុស្ស​ពិត​ប្រាកដ​ដែល​បាន​បាត់​បង់ជីវិត​ដោយ​គ្រាន់តែ​ពួកគេ​ធ្វើ​ដំណើរ​មក​ចូលរួម​ពិធី​ជប់លៀង​នៅថ្ងៃ​នោះ»។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ៧​ ខែ​តុលា ឆ្នាំ ២០២៣ ​មនុស្ស​រាប់​ពាន់នាក់​កំពុង​រីករាយ​នឹង​ពិធី​ជប់​លៀង​មួយ​ក្នុងឱកាស​ពិធីបុណ្យ​ណូ​វ៉ា​ខណៈដែល​ខ្មាន់​កាំភ្លើង​មកពី​តំបន់​ហ្គា​ហ្សា​បាន​លួច​វាយ​ប្រហារ​ភ្លាមៗ​នៅតាម​ផ្ទះ​របស់​ប្រជាជន​អ៊ីស្រាអែល​ពី ១​ កន្លែង​ទៅ ១​កន្លែង។

បើ​យោងតាម​អាជ្ញាធរ​អ៊ីស្រាអែល​បាន​រាយការណ៍​ថា ក្នុង​ចំណោម​មនុស្ស​ចំនួន ៣៦៤​ នាក់ អ្នកខ្លះ​ត្រូវបាន​បាញ់សម្លាប់ និង​រងរបួស អ្នកខ្លះ​ត្រូវបាន​វាយដំ ឬ​ដុត​ទាំង​រស់​រហូតដល់​ស្លាប់ ហើយ​អ្នក​ខ្លះទៀត​ក៏​ប្រឈម​នឹង​ការរំលោភ​ផ្លូវភេទ​ផងដែរ។ លើសពីនេះ​ទៀត មនុស្ស​ប្រហែល​ ៤០ នាក់​ត្រូវបាន​ចាប់​ធ្វើជា​ចំណាប់​ខ្មាំង ដោយ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​តំបន់​ហ្គា​ហ្សា ដែល​មាន​ចម្ងាយ ៥​គីឡូម៉ែត្រ​ពី​តំបន់​នោះ។

អ្នកទេសចរ​ខ្លះ​បាន​ទៅ​ទស្សនា​នៅ​តំបន់​កើតហេតុ​នោះ​តាមរយៈ​ការធ្វើដំណើរ​ដែល​រៀបចំ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ខណៈ​អ្នក​ផ្សេងទៀត ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​ពិធីបុណ្យ​ណូ​វ៉ា។

ព្រឹត្តិការណ៍​នេះ​គឺជា​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​សាហាវ​បំផុត​នៅក្នុង​ការវាយប្រហា​រឆ្ល​ង​ព្រំដែន​ដោយ​ក្រុម​ហា​ម៉ាស់​ដែល​បាន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​សរុប​ទាំងអស់​ចំនួន ១ ២០០ នាក់ និង​មនុស្ស ២៤០ នាក់ ​ត្រូវបាន​ចាប់​ធ្វើជា​ចំណាប់ខ្មាំង។

ជាការ​ឆ្លើយតប អ៊ីស្រាអែល​បានប្រកាស​សង្គ្រាម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ដោយមាន​គោលដៅ​វាយកម្ទេច និង​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​នេះ​ទាំងស្រុង​ដែល​កំពុង​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា។ គិត​មកទល់ពេលនេះ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាង ២៦ ០០០ នាក់ បាន​ស្លាប់។ នេះ​បើ​យោងតាម​ការរាយការណ៍​ដោយ​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​ហ្គា​ហ្សា៕