ក្រសួងការពារជាតិតៃវ៉ាន់កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅនេះបាននិយាយថាខ្លួនបានរកឃើញយន្តហោះយោធាចិនជាង ៣០ នៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលត្រឹម ២៤ ម៉ោងប៉ុណ្ណោះ ដែលនេះជាការបង្ហាញកម្លាំងដ៏ធំបំផុតនៅជុំវិញកោះចាប់តាំងពីតៃវ៉ាន់បានបញ្ចប់ការបោះឆ្នោតដ៏សំខាន់កាលពីពេលថ្មីៗនេះ។
ប្រទេសចិនដែលតែងតែទាមទារថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនដែលបោះបង់វិធីសាស្ត្រប្រើប្រាស់កម្លាំងដើម្បីព្យាយាមធ្វើយ៉ាងណាយកកោះដែលព្យាយាមប្រកាសឯករាជ្យនេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
នៅមុនការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែមករារបស់តៃវ៉ាន់ទីក្រុងប៉េកាំងបានព្រមានអ្នកបោះឆ្នោតថាបេក្ខជនប្រធានាធិបតីលោក Lai Ching-te គឺជា«អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់» នឹងនាំមកនូវសង្គ្រាមនិងការចុះខ្សោយ ប្រសិនបើពួកគេជ្រើសរើសបុរសរូបនេះឱ្យដឹកនាំ។
ទោះយ៉ាងណាលោក Lai នៅតែឈ្នះការបោះឆ្នោតនិងធ្វើឱ្យគណបក្សប្រជាធិបតេយ្យជឿនលឿនដែលជាបក្សប្រឆាំងនឹងការទាមទារទឹកដីតៃវ៉ាន់ពីសំណាក់ចិនរហូតមក ទទួលបានអំណាចបន្តសម្រាប់អាណត្តិទី៣ដែលមិនធ្លាប់មានពីមុនមក។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ថាក្នុងរយៈពេល ២៤ ម៉ោងថ្ងៃទី២៧ ខែមករា ក្រសួងការពារជាតិបានរកឃើញយន្តហោះយោធាចិនចំនួន៣៣គ្រឿងនិងនាវាកងទ័ពជើងទឹកចំនួន ៧ ដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ក្នុងនោះយន្តហោះ ១៣គ្រឿងបានហោះកាត់ច្រកសមុទ្រតៃវ៉ាន់។
លើសពីនេះប៉េងប៉ោងរបស់ចិនចំនួន២ ក៏ត្រូវបានគេរកឃើញថាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលជាចំណុចដ៏រសើបរវាងចិននិងតៃវ៉ាន់។
ការបង្ហាញកម្លាំងសន្ធឹកសន្ធាប់បែបនេះក៏បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកសភាសហរដ្ឋអាមេរិក២នាក់ទៅកាន់ទីក្រុងតៃប៉ិដើម្បីជួបជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Lai និងមិត្តរួមអាជីពលោកគឺ Hsiao Bi-khimដែលតែងតែជាមនុស្សទីក្រុងប៉េកាំងរិះគន់ថាជា «អ្នកឯករាជ្យ»៕