លោក Daim Zainuddin អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីដែលស្និទ្ធនឹងលោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងដែលជាគូសត្រូវនយោបាយរបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន នឹងចូលក្នុងតុលាការនៅថ្ងៃទី២៩ខែមករា ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ចំនួន២។
យោងការចុះផ្សាយរបស់សារព័ត៌មាន The Star ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថរូបនេះរងការចោទប្រកាន់ចំពោះការខកខានក្នុងការប្រកាសទ្រព្យសម្បត្តិ ហើយកាលពីសប្តាហ៍មុនភរិយារបស់លោក គឺលោកស្រី Na'imah Abdul Khalid អាយុ ៦៦ ឆ្នាំត្រូវបានតុលាការចោទប្រកាន់ពីបទមិនប្រកាសទ្រព្យសម្បត្តិនេះដែរ។
យោងតាម The Star លោក Daim Zainuddin បានត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃឡើងសវនាការនៅថ្ងៃទី២៩មករានេះ។
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ដែលអ្នកតាមដាននយោបាយនៅប្រទេសម៉ាឡេស៊ីលើកឡើងថា បង្កើតឡើងក្នុងអាណត្តិដឹកនាំរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីសងសឹកអ្នកនយោបាយជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអាណត្តិមុនៗ។
លោក Daim Zainuddin អាយុ៨៤ឆ្នាំ ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុចំនួន ២ លើក ក្នុងចន្លោះឆ្នាំ ១៩៨៤ និង ២០០១ ហើយ ភរិយារបស់លោកត្រូវបានតុលាការសាកសួរកាលពីសប្តាហ៍មុន ហើយក៏បានច្រានចោលរាល់ព័ត៌មានចោទប្រកាន់ ព្រមទាំងចាត់ទុកការចោទប្រកាន់នេះជារឿងនយោបាយទៀតផង៕