ក្រោយពីប្រទេសធំៗមួយចំនួនបានប្រកាសផ្អាកមូលនិធិដល់ភ្នាក់ងារអង្គការសហប្រជាជាតិនៅប៉ាឡេស្ទីន ដោយសារមានការសង្ស័យចំពោះសកម្មភាពចូលរួមក្នុងសកម្មភាពវាយប្រហារកាលថ្ងៃទី ៧ ខែតុលាចូលអ៊ីស្រាអែល អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានប្តេជ្ញាកាលពីថ្ងៃទី ២៨ ខែមករាថានឹងទទួលខុសត្រូវចំពោះ៖«បុគ្គលិកអង្គការសហប្រជាជាតិណាមួយដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម»។
ប្រឈមមុខនឹងការខ្វះខាតជំនួយមនុស្សធម៌យ៉ាងខ្លាំងនៅតំបន់ហ្គាហ្សាក្រោយការវាយប្រហារសងសឹករបស់អ៊ីស្រាអែលជិត ៤ ខែ លោក ហ្គុយតឺរ៉េស បានអង្វររដ្ឋាភិបាលនៃប្រទេសដែលប្រកាសផ្តាច់ជំនួយមូលនិធិឱ្យបន្តគាំទ្រទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA)។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសទាំង ៦ រួមមានអង់គ្លេស អ៊ីតាលី ហូឡង់ ស្វ៊ីស និងហ្វាំងឡង់ បានចូលរួមជាមួយប្រទេសលោកខាងលិច ៣ ផ្សេងទៀត រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ក្នុងការផ្អាកលំហូរមូលនិធិដល់ UNRWA ដែលជាប្រភពជំនួយដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។
លោក ហ្គុយតឺរ៉េស បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បុគ្គលិកអង្គការសហប្រជាជាតិណាក៏ដោយ ដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម នឹងត្រូវទទួលខុសត្រូវ រួមទាំងតាមរយៈការកាត់ទោសឧក្រិដ្ឋកម្ម»។
សេចក្តីថ្លែងការណ៍នោះសរសេរថា៖«លេខាធិការដ្ឋានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលអាចកាត់ទោសបុគ្គលនោះស្របតាមនីតិវិធីទូទៅរបស់លេខាធិការដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការបែបនេះ»។
ទន្ទឹមនឹងនោះ លោក ហ្គុយ តឺរ៉េស បានរៀបរាប់ថា៖«បុរស និងស្ត្រីរាប់ម៉ឺននាក់ដែលធ្វើការឱ្យ UNRWA ភាគច្រើនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតសម្រាប់កម្មករមនុស្សធម៌ មិនគួរត្រូវបានពិន័យទេ។ តម្រូវការដ៏ក្រៀមក្រំរបស់ប្រជាជនដែលអស់សង្ឃឹមដែលពួកគេបម្រើត្រូវតែបំពេញ»។
នៅក្នុងការអត្ថាធិប្បាយដោយផ្ទាល់ជាលើកដំបូងលើបញ្ហានេះ ប្រធានអង្គការសហប្រជាជាតិបានផ្តល់ព័ត៌មានលម្អិតអំពីសមាជិកបុគ្គលិករបស់ UNRWA ដែលជាប់ពាក់ព័ន្ធនៅក្នុង «អំពើដែលគួរឱ្យស្អប់ខ្ពើម»។
ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធទាំង ១២ នាក់នោះ មាន៩នាក់ត្រូវបានបញ្ឈប់ ម្នាក់ទៀតត្រូវបានបញ្ជាក់ថាបានស្លាប់ ហើយអត្តសញ្ញាណរបស់បុគ្គលិក ២ នាក់ទៀតកំពុងត្រូវបានបញ្ជាក់។
ប្រទេសធំៗនៅតំបន់អឺរ៉ុបទាំង ៦ នៅថ្ងៃទី ២៧ ខែមករា បានចូលរួមជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ក្នុងការផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ ដែលជាប្រភពដ៏សំខាន់នៃការគាំទ្រសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា៕