គណបក្សឆ្ពោះទៅមុខ (MFP) ដែលឈ្នះការបោះឆ្នោតនៅប្រទេសថៃ កាលពីខែឧសភា ឆ្នាំមុន និងបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលដឹកនាំនយោបាយថៃ នឹងប្រឈមមុខការសម្រេចរបស់តុលាការធម្មនុញ្ញជាថ្មីនៅថ្ងៃទី ៣១ ខែមករានេះ លើបណ្តឹងជុំវិញការប៉ុនប៉ងកែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏រសើប បន្ទាប់ពីលោក ភីតា លីមចារើនរ៉ាត់ (Pita Limjaroenrat) អតីតប្រធានគណបក្សទើបរួចខ្លួនពីការព្យួរសមាជិកភាពសភាកាលពីសប្តាហ៍មុនដោយតុលាការធម្មនុញ្ញទម្លាក់ចោលការចោទប្រកាន់ និងផ្តល់សមាជិកភាពសភាវិញ។
លោក ភីតា លីមចារើនរ៉ាត់ បានបោះបង់តំណែងប្រធានគណបក្សឆ្ពោះទៅមុខ ទៅឱ្យលោក Chaithawat Tulathon កាលពីខែកញ្ញា ឆ្នាំមុនដើម្បីដឹកនាំគណបក្សឈ្នះឆ្នោតនេះក្នុងនាមគណបក្សប្រឆាំងវិញ បន្ទាប់ពីលោកជាប់បណ្តឹងដែលហាក់គ្មានសង្ឃឹមឈ្នះក្តី។
មុនការសម្រេចរបស់តុលាការធម្មនុញ្ញស្តីពីជោគវាសនារបស់គណបក្សនេះនាថ្ងៃទី ៣១ ខែមករាខាងមុខ គណបក្សឆ្ពោះទៅមុខ (MFP) ដែលបច្ចុប្បន្នជាគណបក្សប្រឆាំងដ៏ធំរបស់ថៃបានបង្ហាញសញ្ញានៃការបន្ធូរបន្ថយជំហរតឹងរ៉ឹងលើការជំរុញឱ្យមានកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់សម្ដីអគ្គលេខាធិការនៃគណបក្សចលនាវឌ្ឍនភាព (PM) លោក Piyabutr Saengkanokkul។
លោក Piyabutr ដែលជាអ្នកជំនាញផ្នែកច្បាប់ផងនោះ បានថ្លែងនៅលើហ្វេសប៊ុកថា ផែនការស្ដីពីការអនុវត្តច្បាប់ដែលប្រធានបក្ស MFP លោក ភីតា លីមចារើនរ៉ាត់ (Pita Limjaroenrat) បានប្រកាសឡើងកាលពីថ្ងៃសុក្រ មិនបាននិយាយអំពីកថាខណ្ឌទី ១១២ ដែលមានចែងអំពីការប្រមាថព្រះមហាក្សត្រទេ។
លោក Piyabutr បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយកំពុងដាក់សម្ពាធឱ្យគណបក្ស MFP ផ្ដល់ចម្លើយ ក្រោយពីរកឃើញថា បក្សនេះមិនបានលើកឡើងពីកថាខណ្ឌទី១១២ នៃក្រមព្រហ្មទណ្ឌ នៅក្នុងផែនការស្ដីពីច្បាប់ផ្សេងៗរបស់ខ្លួន។
អ្នកជំនាញផ្នែកច្បាប់ដដែលបាននិយាយថា MFP អាចនឹងបន្ទន់ជំហររបស់ខ្លួនលើបញ្ហានេះ ដោយសារតែគណបក្សនេះចុះញ៉មនឹងអំណាចតុលាការ ដែលអ្នករិះគន់មួយចំនួនចាត់ទុកថាកំពុងជិះជាន់លើផ្នែកនីតិប្បញ្ញត្តិ។ លោកបានបន្តថា គណបក្ស MFP ប្រហែលជាចង់រង់ចាំមើលជោគវាសនារបស់ខ្លួននៅថ្ងៃទី ៣១ ខែមករា។
តុលាការធម្មនុញ្ញថៃបានកំណត់ថ្ងៃទី ៣១ ខែមករា ដើម្បីសម្រេចលើបណ្តឹងចោទប្រកាន់គណបក្ស MFP ថាបានប៉ុនប៉ងបញ្ចប់លទ្ធិប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ តាមរយៈយុទ្ធនាការបោះឆ្នោត ដែលបានអំពាវនាវឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដែលជាស្ថាប័នកំពូលមានឥទ្ធិពលបំផុតក្នុងប្រទេសថៃ។
ជុំវិញបញ្ហានេះ លោក Piyabutr បានលើកឡើងថា យុទ្ធសាស្ត្រ «រង់ចាំមើល» គឺជាសញ្ញានៃបន្ទន់ជំហររបស់ MFP មុនសេចក្ដីសម្រេចរបសតុលាការ ដែលនេះមានន័យថា គណបក្សនេះហ៊ានលះបង់អ្វីគ្រប់យ៉ាង ដើម្បីឱ្យខ្លួនរស់ក្នុងកាលៈទេសៈនេះ និងបន្តគោលនយោបាយគណបក្សនៅពេលក្រោយ។
លោក Piyabutr ដែលជាសហស្ថាបនិកគណបក្ស PM ដែលមានទំនាក់ទំនងជិតស្និទ្ធនឹង MFP បានលើកឡើងទៀតថា លោកមិនយល់ស្របនឹងហេតុការណ៍វិវឌ្ឍន៍ចុងក្រោយនេះ ហើយនិយាយថា មេដឹកនាំបក្សធំៗរបស់ MFP គួរគិតគូរឱ្យបានច្បាស់លាស់។
នៅពេលចូលទៅកាន់សភាដំបូងកាលពីថ្ងៃសុក្រ លោក ភីតា លឹមចារើនរ៉ាត់ ដែលមានវ័យ ៤៣ ឆ្នាំ និងទើបរួចពីបណ្តឹងជុំវិញការកាន់កាប់ភាគហ៊ុននៅក្រុមហ៊ុនផ្សព្វផ្សាយដែលនាំទៅដល់ការព្យួរសមាជិកសភាអស់រយៈពេល ៦ ខែ រហូតតុលាការធម្មនុញ្ញច្រានចោលការចោទប្រកាន់ បានប្រកាសពីការស្នើច្បាប់ដែលបញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងធានានូវភាពស្មើភាពផ្នែកនយោបាយដោយការស្នើច្បាប់លើកលែងទោសទូទៅដល់អ្នកប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌដោយសាររឿងនយោបាយ៕