នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបារាំង បានចេញបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងសន្តិសុខយ៉ាងច្រើននៅជុំវិញទីក្រុងប៉ារីស ដោយសារតែកសិកររាប់សិបនាក់កំពុងចេញបាតុកម្មយ៉ាងខឹងសម្បា ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី ពោលគឺនៅប៉ុន្មានម៉ោងក្រោយពីសកម្មជនអាកាសធាតុម្នាក់បានគប់ទឹកស៊ុបទៅលើកញ្ចក់ការពារផ្ទាំងគំនូរ "ម៉ូណាលីសា" នៅសារមន្ទីរលូហ្វ្រ៍ (Louvre)។
កសិករបារាំងកំពុងទាមទារឱ្យរដ្ឋាភិបាលបារាំងដោះស្រាយបញ្ហារបស់ពួកគេ ដូចជាការទទួលបានតម្លៃទីផ្សារកសិផលល្អប្រសើរជាងមុនការកាត់បន្ថយការិយាធិបតេយ្យ និងការការពារមិនឱ្យនាំចូលកសិផលដែលមានតម្លៃទាប។
បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ្សេរ៉ាល់ ដាម៉ានីន (Gerald Darmanin) បានប្រកាសឱ្យដាក់ពង្រាយក្រុមប៉ូលិសការពារសណ្ដាប់ធ្នាប់ចំនួន ១៥០០០ នាក់ ដែលភាគច្រើនចេញប្រតិបត្តិការនៅក្នុងតំបន់ទីក្រុងប៉ារីស។
លោក ដាម៉ានីន បានបញ្ជាឱ្យកងកម្លាំងសន្តិសុខ ទប់ស្កាត់មិនឱ្យមានការបិទផ្លូវនៅទីតាំងសំខាន់ៗ រួមទាំងផ្សារអន្តរជាតិរ៉ុងហ្គីស (Rungis) និងអាកាសយានដ្ឋានប៉ារីសផងដែរ។
នៅថ្ងៃទី២៩ ខែមករា លោកបានព្រមានថាអាចនឹងមានការបិទផ្លូវហាយវ៉េ (Highway) ចូលទៅកាន់ទីក្រុងប៉ារីស ហើយបានរំឭកដល់អ្នកបើកបរគ្រប់រូបថា ត្រូវមានការប្រុងប្រយ័ត្នទុកជាមុនព្រោះថាអាចនឹងមានការរំខានដោយក្រុមកសិករបាតុកម្មនៅតាមផ្លូវ។
បណ្ដាកសិករដែលមកពីសហជីពសម្របសម្រួលជនបទ (Rural Coordination)គ្រោងនឹងបើកត្រាក់ទ័ររបស់ពួកគេសំដៅទៅកាន់ផ្សារអន្តរជាតិរ៉ុងហ្គីសនៅថ្ងៃចន្ទនេះ ហើយសហជីពកសិករដ៏ធំបំផុតចំនួន ២ ក្រុម នៅក្នុងប្រទេសបារាំងក៏បានប្រកាសផងដែរថា សមាជិករបស់ពួកគេនៅជិតទីក្រុងប៉ារីស នឹងធ្វើបាតុកម្មបិទផ្លូវសំខាន់ៗចូលទៅកាន់រដ្ឋធានីក្នុងគោលបំណងធ្វើការឡោមព័ទ្ធបិទច្រកចូលទីក្រុង ចាប់ពីរសៀលថ្ងៃចន្ទ។
កាលពីថ្ងៃអាទិត្យ សកម្មជនអាកាសធាតុ ២នាក់បានគប់ទឹកស៊ុបដាក់កញ្ចក់ការពារផ្ទាំងគំនូរ "ម៉ូណាលីសា" នៅសារមន្ទីរលូហ្វ្រ៍ និងបានស្រែកទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើប្រព័ន្ធផ្គត់ផ្គង់អាហារប្រកបដោយនិរន្តរភាព។
រូបភាពវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញមានស្ត្រី ២នាក់ដែលមានពាក្យថា «FOOD RIPOSTE» នៅលើអាវយឺតរបស់ពួកគេដែលកំពុងដើរឆ្លងកាត់របាំងសុវត្ថិភាពដើម្បីចូលទៅជិតផ្ទាំងគំនូរហើយក៏បោះទឹកស៊ុបដាក់កញ្ចក់ការពារផ្ទាំងគំនូរនោះ។
ប៉ូលិសក្រុងប៉ារីសបាននិយាយថា បុគ្គល ២ នាក់នោះ ត្រូវបានចាប់ខ្លួនហើយបន្ទាប់ពីហេតុការណ៍នោះបានកើតឡើង។ពួកគេទាំង២ បានស្រែកសួរសំណួរថា តើរូបគំនូរសិល្បៈ និងសិទ្ធិទទួលបានអាហារសមរម្យប្រកបដោយនិរន្តរភាព មួយ ណាសំខាន់ជាង? ពួកគេក៏បានរៀបរាប់ពីបញ្ហានៅក្នុងប្រព័ន្ធកសិកម្ម និងជំរុញឱ្យរដ្ឋាភិបាលផ្តល់អាទិភាពដល់ប្រព័ន្ធដែលធានាលទ្ធភាពទទួលបានអាហារដែលមានសុខភាពល្អ និងប្រាក់ចំណូលសមរម្យសម្រាប់កសិករ ឱ្យដូចទៅនឹងការយកចិត្តទុកដាក់ក្នុងវិស័យសុខាភិបាល។
ប៉ុន្មានថ្ងៃមកនេះ កសិករបារាំងជាច្រើនបានប្រើប្រាស់ត្រាក់ទ័រ បើកចេញទៅតវ៉ាដោយការបិទផ្លូវដែលជាហេតុធ្វើឱ្យចរាចរណ៍មានការកកស្ទះនិងមានការចាក់ចោលសំរាមនៅតាមមុខអគារ និងការិយាល័យរបស់រដ្ឋាភិបាលទៀតផង។
បើទោះបីជារដ្ឋាភិបាលបានដាក់ចេញវិធានឆ្លើយតបដូចជាការសម្រួលនីតិវិធីរដ្ឋបាល និងការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតសម្រាប់យានយន្តកសិកម្មក៏ដោយក៏ក្រុមបាតុករនៅតែចាត់ទុកថាមិនទាន់គ្រប់គ្រាន់ទេ។
ដោយឡែក នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង លោក ហ្កាប៊្រីអែល អាតតាល (Gabriel Attal) បានទៅទស្សនកិច្ចកសិដ្ឋានមួយកាលពីថ្ងៃអាទិត្យ ហើយលោកបានទទួលស្គាល់ថាពិតជាមានបញ្ហាដែលកសិករកំពុងប្រឈមពាក់ព័ន្ធនឹងតុល្យភាពរវាងគុណភាពកសិផល និងតម្លៃ។
លោកបានសង្កត់ធ្ងន់លើដំណោះស្រាយក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដោយពិចារណាលើការកាត់បន្ថយការប្រកួតប្រជែងមិនយុត្តិធម៌ជាមួយបណ្ដាប្រទេសដែលមានច្បាប់ផលិតកម្មខុសៗគ្នា។ លោក អាតតាលបានសន្យាថារដ្ឋាភិបាលនឹងដាក់ចេញវិធានការបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីដោះស្រាយកង្វល់របស់កសិករ៕