យោងតាម​របាយការណ៍​ចេញពី​ការស្ទង់មតិ​ ប្រជាជន​ថៃ​ជាច្រើន​នាក់​យល់ថា ​ប្រទេស​របស់ខ្លួន​កំពុង​រង​វិបត្តិ​សេដ្ឋកិច្ច​ហើយ​ថា​នេះ​ជា​បញ្ហា​ដែល​គួរតែ​ដោះស្រាយ​ឱ្យបាន​ឆាប់​បំផុត។

យ៉ាងណាមិញ​ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​តាម​ទូរស័ព្ទ​នៅ​ចន្លោះ​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៤ ខែមករា​ នុងចំណោម​ជនជាតិ​ថៃ​ចំនួន ១ ៣១០ នាក់​ ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ ឡើងទៅ​នៅ​ទូទាំងប្រទេស។

ជា​លទ្ធផល​មនុស្ស​ចំនួន ៦៣,៥ ភាគរយ​នៃ​អ្នកចូលរួម​ក្នុង​ការស្ទង់មតិ​យល់ថា ​សេដ្ឋកិច្ច​ថៃ​កំពុង​ត្រូវការ​ដំណោះស្រាយ​ជាបន្ទាន់​ ខណៈ​មនុស្ស​ចំនួន ២០,២ ភាគរយ​ទៀត​ជឿថា​ ការរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ មិនមែនជា​រឿង​ដែល​លំបាក​ពេក​ទេ។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់​ជាតិ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​រដ្ឋបាល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤។

ទាក់ទិន​នឹង​ចំណុច​នេះ​នាយករដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin កាលពី​សប្តាហ៍​មុន​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ដែលជា​មហាអំណាច​ទី២ នៅ​អាស៊ីអាគ្នេយ៍​កំពុងស្ថិត​ក្នុង​វិបត្តិ។

ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​លោក Sretthaបាន​ជំរុញឱ្យមាន​វិធានការ​បន្ថែមទៀត​និង​ថែមទាំង​បាន​អំពាវនាវ​ឱ្យមាន​ការកាត់បន្ថយ​ការចំណាយ​ទៅលើ​គោលនយោបាយផ្សេង។


ជាក់ស្ដែង​គោលនយោបាយ​ចុងក្រោយ​បំផុត​របស់​រដ្ឋាភិបាល​ថ្មី​គឺ​កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ទៅកាន់​ប្រជាជន​ពេញវ័យ​ចំនួន ៥៥ លាន​នាក់​ដោយ​ម្នាក់​នឹង​ទទួលបាន​ប្រាក់​ចំនួន ១០ ០០០ បាត (ប្រមាណ ២៨០ ដុល្លារ)។

បើតាម​លោក​Srettha គោលនយោបាយ​មួយ​នេះ​មាន​គោលបំណង​ពញ្ញាក់​សរសៃ​សេដ្ឋកិច្ច​ថៃ​ឡើងវិញ​តាមរយៈ​ការចាយវាយ​របស់​ប្រជាជន​ទាំងនោះ​ចូលទៅក្នុង​ចរន្ដ​សេដ្ឋកិច្ច។

ប៉ុន្តែ​ដោយមាន​ការបង្ហាញ​ក្ដីបារម្ភ​ពី​ធនាគារកណ្តាល​និង​ពី​គណបក្សប្រឆាំង​កម្មវិធី​នេះ​ក៏បាន​កាត់បន្ថយ​មក​នៅ​ត្រឹម​ប្រជាជន ៥០ លាន​នាក់​វិញ ដោយបាន​សម្រេច​ដកចេញ​អ្នក​ដែលមាន​ចំណូល​ខ្ពស់។

ដោយឡែក​ប្រជាជន​ប្រមាណ ៣៤,៧ ភាគរយ​នៃ​អ្នកចូលរួម​ក្នុង​ការស្ទង់មតិ មាន​ទំនោរ​ចង់ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​ផ្តល់​សាច់ប្រាក់​ខណៈដែល ៣៣,៧ ភាគរយ​ជឿថា​វា​គួរតែ​ត្រូវបាន​អនុវត្ត​នៅ​ឆ្នាំ២០២៤នេះ ហើយ ១៨,៦ ភាគរយ​ទៀត​យល់ថា​ប្រាក់​នោះ​គួរតែ​ផ្ដល់ឱ្យ​សម្រាប់តែ​ប្រជាជន​ដែល​ងាយ​រង​ហានិភ័យ​ប៉ុណ្ណោះ។

នៅ​ឆ្នាំ២០២៣ កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ​ត្រូវបាន​គេ​ព្យាករ​ថា​អាច​ធ្លាក់​ចុះមក​ត្រឹម ១,៨ ភាគរយ​បើទោះបីជា​វិស័យ​ទេសចរណ៍​បាន​ងើប​ឡើងវិញ​បន្តិច​ស្របតាម​សសរស្ដម្ភ​របស់​រដ្ឋាភិបាល​ថ្មី​ក៏ដោយ៕