ប្រទេសអាហ្វ្រិកខាងលិចរួមមាន ម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេ បានដកខ្លួនចេញពីប្លុកសេដ្ឋកិច្ចក្នុងតំបន់ ដែលគេស្គាល់ថា ECOWAS ស្របពេលដែលភាពតានតឹងកើនឡើង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការប្រកាសការដកខ្លួននេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយរបបយោធានៃប្រទេសទាំង ៣ ថែមទាំងបានចោទប្រកាន់ ផងដែរថា ECOWAS បានដាក់ទណ្ឌកម្ម «អមនុស្ស និងខុសច្បាប់» លើខ្លួន ដើម្បីប្រឆាំងនឹងរដ្ឋប្រហារ។
របបយោធាបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលផ្សាយតាមទូរទស្សន៍រដ្ឋក្នុងប្រទេសទាំង ៣ ថា ម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេ មានអធិបតេយ្យភាពពេញលេញក្នុងការដកខ្លួននចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដោយសារប្លុកនេះ បានងាកចេញឆ្ងាយពីឧត្តមគតិនៃស្ថាបនិកប្លុក និងការរួបរួមអាហ្វ្រិក បន្ទាប់ពីបង្កើតឡើងជិត ៥០ ឆ្នាំ។
លើសពីនេះ សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ECOWAS ដែលស្ថិតនៅក្រោមឥទ្ធិពលនៃមហាអំណាចបរទេស និងក្បត់គោលការណ៍មូលដ្ឋានរបស់ខ្លួន បានក្លាយជាការគំរាមកំហែងដល់រដ្ឋជាសមាជិក និងប្រជាជនរបស់ខ្លួន។
ប្រតិកម្មទៅនឹងការវិវឌ្ឍន៍ចុងក្រោយនេះ ECOWAS បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំង៣ មិនបានជូនដំណឹងខ្លួនអំពីការដកខ្លួននោះទេ ខណៈពិធីសាររបស់ប្លុកត្រូវដំណើរការយ៉ាងហោចណាស់ ១ ឆ្នាំ ដើម្បីដកខ្លួនបែបនេះចេញ។
ECOWAS បាននិយាយថា៖ «ម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេ នៅតែជាសមាជិកដ៏សំខាន់នៃសហគមន៍ ហើយអាជ្ញាធរនៅតែប្តេជ្ញាចិត្ត ក្នុងការស្វែងរកដំណោះស្រាយចរចារចំពោះភាពជាប់គាំងនយោបាយ»។
ប្លុកសេដ្ឋកិច្ចអាហ្វ្រិក ECOWAS ដែលមានប្រទេសចំនួន ១៥ ជាសមាជិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥ ដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច ក្នុងចំណោមរដ្ឋជាសមាជិក។ ប្លុកនេះ ធ្លាក់ចូលទៅក្នុងបញ្ហាធ្ងន់ធ្ងរ ដោយសារតែការធ្វើរដ្ឋប្រហារចុះឡើងក្នុងបណ្ដារដ្ឋសមាជិក។
សេចក្តីប្រកាសដកខ្លួនកាលពីថ្ងៃអាទិត្យ គឺជាការផ្លាស់ប្ដូរចុងក្រោយបំផុតមួយក្នុងព្រឹត្តិការណ៍នយោបាយបន្តបន្ទាប់គ្នា ដែលបានធ្វើឱ្យភាពតានតឹងផ្នែកនយោបាយនៅអាហ្វ្រិកខាងលិចកាន់តែដុនដាប។
ប្រទេសទាំង៣ ដែលរងនូវរដ្ឋប្រហារ ៣ ឆ្នាំ បន្តបន្ទាប់គ្នាតាំងពីឆ្នាំ ២០២១ ដោយក្រុមយោធា បានបង្កើតសម្ព័ន្ធភាពសន្តិសុខ បន្ទាប់ពីផ្តាច់ទំនាក់ទំនងយោធាជាមួយបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត ហើយងាកទៅរករុស្ស៊ីសម្រាប់ការគាំទ្រ។
ក្នុងសេចក្តីថ្លែងការណ៍រួមដដែល ម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេ បានចោទប្រកាន់ ECOWAS ពីការខកខានក្នុងការជួយប្រទេសទាំង៣ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលមានស្រាប់ ដូចជាអំពើភេរវកម្ម ដែលជាមូលហេតុធំធ្វើឱ្យមានរដ្ឋប្រហារកើតឡើង។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា៖ «នៅពេលរដ្ឋទាំងនេះសម្រេចចិត្តសម្រេចជោគវាសនាដោយខ្លួនឯង ECOWASបានប្រកាន់យកនូវឥរិយាបថមិនសមហេតុផល និងមិនអាចទទួលយកបាន ក្នុងការដាក់ទណ្ឌកម្មដោយខុសច្បាប់ អមនុស្ស និងគ្មានទំនួលខុសត្រូវ ដោយរំលោភលើគោលការណ៍របស់ខ្លួន»។
របបយោធានៃប្រទេសទាំង៣ បានលើកឡើងថា ជាជាងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដុនដាបរួចហើយនោះ ទណ្ឌកម្មរបស់ECOWAS បានធ្វើឱ្យប្រជាជនដែលរងការខូចខាតដោយអំពើហិង្សាជាច្រើនឆ្នាំ កាន់តែចុះខ្សោយបន្ថែមទៀត៕