អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក ឌាម ហ្សៃនូឌីន (Daim Zainuddin) នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់នៅថ្ងៃទី២៩ខែមករា ឆ្នាំ២០២៤នេះ ពីបទខកខានមិនបានប្រកាសទ្រព្យសម្បត្តិតាមការទាមទាររបស់អាជ្ញាធរមានសមត្ថកិច្ច។ បុរសវ័យ ៨៥ ឆ្នាំរូបនេះ កំពុងបង្ហាញខ្លួនស្រាយបំភ្លឺនៅតុលាការនៅព្រឹកថ្ងៃទី២៩នេះ។
កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន លោក ឌាមបានលើកឡើងថា គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានធ្វើការកត់ត្រាការផ្ដល់ចម្លើយរបស់លោករួចហើយ។ លោកបានបញ្ជាក់បន្ថែមថា៖«មេធាវីរបស់ខ្ញុំបានជូនដំណឹងមកថា ខ្ញុំនឹងត្រូវបានចោទប្រកាន់នៅថ្ងៃចន្ទពីបទល្មើសដែលទាក់ទងនឹងការដែលមិនបានប្រកាសទ្រព្យសម្បត្តិក្រោមមាត្រា ៣៦ (២) នៃច្បាប់គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ឆ្នាំ២០០៩»។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក អាហ្សា បាគី (AzamBaki) ប្រធានស្នងការនៃទីភ្នាក់ងារប្រឆាំងអំពើពុករលួយបានលើកឡើងថា MACCទទួលបានការអនុញ្ញាតឱ្យធ្វើការចោទប្រកាន់លោក ឌាម ប៉ុន្តែដំណើរការនីតិវិធីត្រូវបានពន្យារពេល ដោយសារតែលោក ឌាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមហេតុផលសុខភាព តាំងតែពីមុនពេល MACC ទទួលបានការអនុញ្ញាត។
នៅថ្ងៃទី២៣ខែមករាកន្លងទៅ ភរិយារបស់លោក ឌាម គឺលោកស្រី ណាអ៊ីម៉ាសអាប់ឌុល ខាលីដ (Na'imah Abdul Khalid)អាយុ ៦៦ ឆ្នាំ ក៏ត្រូវបានរងការចោទប្រកាន់ពីបទមិនប្រកាសទ្រព្យសម្បត្តិដូចគ្នា ជាពិសេសអគារ Ilham Tower ដែលមានតម្លៃរាប់លានដុល្លារ។ ប៉ុន្តែតុលាការក្រុងគូឡាឡាំពួរ (Kuala Lumpur) បានចេញសេចក្ដីសម្រេចថាលោកស្រីមិនមានកំហុសទេ។
ទ្រព្យសម្បត្តិដែលលោកស្រីមិនបានប្រកាសនោះរួមមានក្រុមហ៊ុន Ilham Tower ក្រុមហ៊ុន IlhamBaru រថយន្ត Mercedes-Benz ២គ្រឿង និងអចលនទ្រព្យជាច្រើននៅទីក្រុងគូឡាឡាំពួរ និងទីក្រុងប៉េណាំង (Penang)។ ប្រសិនបើលោកស្រីត្រូវបានរកឃើញថាមានពិរុទ្ធ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារអតិបរមារហូតដល់ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ជាង ២១០០០ ដុល្លារ សហរដ្ឋអាមេរិក។
លោកស្រី ណាអ៊ីម៉ាស បាននិយាយនៅខាងក្រៅតុលាការថា ៖ «ខ្ញុំមិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទេ ហើយខ្ញុំនឹងស្រាយបំភ្លឺរឿងនេះនៅតុលាការ»។លោកស្រីបានបញ្ជាក់ថា៖ «បទល្មើសពិតប្រាកដគឺជាការប៉ុនប៉ងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្តីរបស់ខ្ញុំឯណោះទេដែលនេះជាការប្រើប្រាស់អំណាចរដ្ឋខុស ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងសុខុមាលភាពប្រជាពលរដ្ឋ»។
លោកស្រី ណាអ៊ីម៉ាស ត្រូវបានសម្រេចឱ្យនៅក្រៅឃុំដោយត្រូវបង់ប្រាក់ធានាខ្លួនចំនួនជាង ៥២០០០ដុល្លារជាមួយនឹងការធានាដោយត្រូវប្រគល់លិខិតឆ្លងដែនទៅឱ្យតុលាការរក្សាទុក។ MACC បានលើកឡើងថា ការស៊ើបអង្កេតលើសំណុំរឿងលោក ឌាមមានប្រភពចេញពីព័ត៌មានដែលបានរកឃើញនៅក្នុងការបែកធ្លាយឯកសារផេនដូរ៉ា(Pandora Papers)ក្នុងឆ្នាំ២០២១ដែលឈានទៅដល់ការចាប់ផ្ដើមស៊ើបអង្កេតនៅក្នុងខែកុម្ភៈឆ្នាំមុន។
ឯកសារផេនដូរ៉ាដែលបានបែកធ្លាយក្នុងឆ្នាំ ២០២១ បានលាតត្រដាងពីទ្រព្យសម្បត្តិសម្ងាត់របស់មេដឹកនាំពិភពលោក មហាសេដ្ឋី និងតារាល្បីៗ ដែលបានប្រើប្រាស់ក្រុមហ៊ុននៅប្រទេសផ្សេងដើម្បីលាក់បាំងវិមានដ៏ស្កឹមស្កៃ យន្តហោះឯកជន និងភាគហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុនធំៗជាដើម។
លោក ឌាម គឺជាជនជាតិម៉ាឡេស៊ីម្នាក់ក្នុងចំណោមជនជាតិម៉ាឡេស៊ីទាំង ៩នាក់ ដែលត្រូវបានលាតត្រដាងនៅក្នុងឯកសារផេនដូរ៉ាប៉ុន្តែឈ្មោះរបស់លោកស្រី ណាអ៊ីម៉ាសមិនមាននៅក្នុងនោះទេ៕