នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak នៅថ្ងៃទី ២៩ ខែមករា ប្រកាសពីផែនការរឹតបន្តឹងការលក់បារីអេឡិចត្រូនិក (disposable vapes) ប្រើម្តងបោះចោលឬអាចផ្លាស់ប្តូររសជាតិបានដើម្បីការពារកុមារកុំឱ្យប្រើប្រាស់ និងរំឭកឡើងវិញពីគោលបំណងរបស់រដ្ឋាភិបាលក្នុងការការពារក្មេងជំនាន់ក្រោយមិនឱ្យទិញថ្នាំជក់។
នៅក្រោយការប្រកាសនេះ នឹងមានការរឹតបន្តឹងលើរសជាតិនៃប្រភេទ vape នេះ ការកែប្រែការវេចខ្ចប់ និងការផ្លាស់ប្តូរអំពីរបៀបដែល vapes ឬបារីអេឡិចត្រូនិកនេះតាំងលក់ដើម្បីធ្វើយ៉ាងណាមិនឱ្យវាមានភាពទាក់ទាញដល់កុមារ។ យោង Reuters។
ប្រភពដដែលបានបន្តថា ហាងនានាត្រូវធ្វើយ៉ាងណាដាក់តាំងឱ្យផុតពីការមើលឃើញរបស់កុមារ និងនៅឆ្ងាយពីកន្លែងគិតលុយ ហើយហាងណាដែលលក់ថ្នាំជក់ឬ vapes ដល់អតិថិជនមិនទាន់គ្រប់អាយុត្រូវប្រឈមមុខនឹងការផាកពិន័យនៅនឹងកន្លែងរហូតដល់ ២ ៥០០ អឺរ៉ូ។
លោក Sunak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ឈប់កុមារដែលមានអាយុ ១៥ ឆ្នាំឬក្មេងជាងនេះការផ្លាស់ប្តូរនេះនឹងបន្សល់ទុកកេរដំណែលយូរអង្វែងពិសេសការការពារសុខភាពរបស់កុមាររបស់យើងសម្រាប់រយៈពេលវែង»។
រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា បារី គឺជាឃាតករដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសដែលវាបណ្តាលឱ្យមនុស្ស ១ នាក់ ក្នុងចំណោម ៤ នាក់ស្លាប់ដោយសារជំងឺមហារីកឬប្រហែល ៨ ម៉ឺននាក់ ក្នុង ១ ឆ្នាំ។
រដ្ឋាភិបាលក៏ធ្លាប់បានឱ្យដឹងដែរថា vapes ឬបារីអេឡិចត្រូនិកត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការជួយឱ្យមនុស្សឈប់ជក់បារី តែផ្ទុយទៅវិញវាបង្កក្តីព្រួយបារម្ភលើការញៀនជាតិនីកូទីនក្នុងចំណោមយុវវ័យដោយក្នុងនោះ ៩ ភាគរយនៃក្មេងអាយុពី ១១ ទៅ ១៥ ឆ្នាំបានប្រើប្រាស់វាពេលបច្ចុប្បន្ននេះ។
ស្របពេលជាមួយគ្នានេះអង្គការសុខភាពពិភពលោក (WHO) កាលពីខែធ្នូបានលើកឡើងដែរថា ឧបករណ៍ vape ទាំងអស់គួរតែត្រូវបានហាមឃាត់។ ទោះជាយ៉ាងណាក្រុមឧស្សាហកម្ម និងសមាគមឧស្សាហកម្ម Vaping របស់អង់គ្លេសបានប្រកែកថា vapes របស់ខ្លួនបង្កហានិភ័យសុខភាពទាបជាងថ្នាំជក់ហើយរសជាតិរបស់វា គឺជាគន្លឹះលើកទឹកចិត្តអ្នកជក់បារីឱ្យផ្លាស់ប្តូរ។
ចំណែកលោក Sunak បានថ្លែងថា៖ «ខ្ញុំមានកាតព្វកិច្ចធ្វើអ្វីដែលខ្ញុំគិតថា ជារឿងត្រឹមត្រូវសម្រាប់ប្រទេសរបស់យើងក្នុងរយៈពេលវែង»៕