​ប្រទេស​អ៊ី​រ៉ង់ ​ដែល​ប្រឈម​សហរដ្ឋ​អាមេរិក​ខ្លាំង​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​បាញ់​បង្ហោះ​ផ្កាយរណប​ចំនួន​ ៣ ទៅកាន់​ទី​អវកាស​ដោយ​ជោគជ័យ ដោយ​ប្រើ​រ៉ុក្កែត​ដែល​ធ្លាប់​បរាជ័យ​ជាច្រើនលើក នាពេល​កន្លងមក​។ យោងសេចក្តី​រាយ​​ការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន AP​ របស់​សហរដ្ឋអាមេរិក​។  

​ការបាញ់​បង្ហោះ​នេះ ធ្វើឡើង​ចំពេល​ដែល​ភាព​តានតឹង​ក្នុង​តំបន់​កើនឡើង ក្រោម​បរិបទ​នៃ​សង្គ្រាម​បោសសម្អាត​ក្រុម​ប្រដាប់អាវុធ​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​របស់​អ៊ី​ស្រា​អែល ដែល​បង្ក​ជាការ​ភ័យ​​ខ្លាច​ថា សង្គ្រាម​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​នេះ​នឹង​ផ្ទុះឡើង​។​

​ក្នុង​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​ទូរ​ទស្សន៍​រដ្ឋ​អ៊ី​រ៉ង់ គេ​អាច​មើលឃើញ​ពី​ការបាញ់​បង្ហោះ​ផ្កាយរណប​នាពេល​យប់ តាមរយៈ​រ៉ុក្កែត Simorgh ចេញពី​ទី​បាញ់​បង្ហោះ​យានអវកាស Imam Khomeini ក្នុង​ខេត្ត Semnan របស់​អ៊ី​រ៉ង់​។  

​បើតាម​ទូរទស្សន៍​រដ្ឋ​ដដែល ផ្កាយ​​រណប​ទាំង​ ៣​ ដែល​ត្រូវបាន​បាញ់​បង្ហោះ​មានឈ្មោះ Mahda Kayhan-2 និង Hatef-1​។ ផ្កាយរណប Mahda គឺជា​ផ្កាយរណប​ស្រាវជ្រាវ ខណៈ​ផ្កាយរណប Kayhan និង Hatef គឺជា​ផ្កាយរណប​ណា​ណូ (​ផ្កាយរណប​ខ្នាតតូច​ល្អិត​) ដែល​ផ្តោតលើ​សេវា​ទំនាក់ទំនង​សកល​។​

​លោក Isa Zarepour រដ្ឋមន្ត្រី​បច្ចេក​​វិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​របស់​អ៊ី​រ៉ង់ បាន​និយាយថា ផ្កាយរ​ណេ​ប Mahda​ បានចាប់ផ្ដើម​បញ្ជូន​សញ្ញា​ត្រឡប់មក​ផែនដី​វិញ​ហើយ​។​

​ការបាញ់​បង្ហោះ​ផ្កាយរណប​តាមរយៈ​រ៉ុក្កែត Simorgh បាន​បរាជ័យ​ ៥​ ដង​រួចមកហើយ មុន​ការបាញ់​បង្ហោះ​ចុង​ក្រោយ ដែល​ការបរាជ័យ​ទាំងនោះ ត្រូវបាន​គេ​មើលឃើញថា​ជា​ផ្នែក​មួយ​នៃ​ការបរាជ័យ​កម្មវិធី​អវកាស​ស៊ីវិល​ជា​បន្តបន្ទាប់​របស់អ៊ី​រ៉ង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។  

​ការវាយតម្លៃ​ការគំរាមកំហែង​ទូទាំង​ពិភពលោក​ឆ្នាំ​ ២០២៣ របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​អាមេរិក បាន​និយាយថា ការអភិវឌ្ឍ​យាន​បាញ់​បង្ហោះ​ផ្កាយ​រណប បង្ហាញ​ពីស​ញ្ញា​ថា អ៊ី​រ៉ង់​ឈាន​កាន់តែ​កៀក​ទៅរក​ការអភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ដោយសារ​វា​ប្រើប្រាស់​បច្ចេកវិទ្យា​ស្រដៀង​គ្នា​។​

​របាយការណ៍​នោះ បានលើកឡើង​ជាពិសេស​អំពី Simorgh ថា ជា​រ៉ុក្កែត ដែល​អាច​ប្រើ​បាន​ទាំង​ផ្នែក​ស៊ីវិល និង​វិស័យ​យោធា​។

​កន្លងមក សហរដ្ឋអាមេរិក​ធ្លាប់បាន​និយាយថា ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​អ៊ី​រ៉ង់ ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​បាន​អំពាវនាវ​ឱ្យ​ទីក្រុង​តេ​អេ​រ៉ង់​មិន​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​ផ្លោង ដែល​អាចដាក់​អាវុធ​នុយក្លេអ៊ែរ​។ ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទាក់ទង​នឹង​កម្មវិធី​មី​ស៊ី​ល ផ្លោង​របស់អ៊ី​រ៉ង់ បាន​ផុតកំណត់​កាលពី​ខែតុលា ឆ្នាំមុន​។​

​កាលពី​ថ្ងៃ​សុក្រ ប្រទេស​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស បានចេញ​សេចក្ដី​ថ្លែង​ការ​រណ៍​ថ្កោលទោស​ការបាញ់​បង្ហោះ​ផ្កាយរណប​មួយ​របស់​អ៊ី​រ៉ង់ កាលពី​ថ្ងៃទី​ ២០ ខែមករា ដោយ​អះអាង​ស្រដៀង​គ្នា​ថា វា​មាន​សមត្ថភាព​ជួយ​អ៊ី​រ៉ង់​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​៕