ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) លើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកដែលឈរជើងនៅព្រំដែនប្រទេសហ្ស៊កដានីក្បែរប្រទេសស៊ីរី បណ្តាលឱ្យទាហានសហរដ្ឋអាមេរិក ៣ នាក់ បាត់បង់ជីវិត និងយ៉ាងហោចណាស់រងរបួស ៣៤ នាក់ជាលើកដំបូង កំពុងធ្វើឱ្យតំបន់ទាំងមូលប្រឈមនឹងសង្គ្រាមកាន់តែធំ និងកាន់តែសាហាវលើសសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ដែលមានស្រាប់នៅតំបន់ហ្គាហ្សា។
ក្រោយការវាយប្រហារកាលពីថ្ងៃអាទិត្យសហរដ្ឋអាមេរិកបានដាក់ការចោទប្រកាន់រួចទៅហើយ លើក្រុមសកម្មប្រយុទ្ធណាមួយដែលទទួលបានការឧបត្ថម្ភគាំទ្រពីប្រទេសសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ដែលនៅថ្ងៃចន្ទចេញមុខបដិសេធការជាប់ពាក់ព័ន្ធណាមួយក្នុងការវាយប្រហារដ៏កក្រើកនេះ។
ប្រទេសហ្ស៊កដានីដែលមានមូលដ្ឋានទ័ពអាមេរិកបានចេញមុខភ្លាមៗថ្កោលទោសការវាយប្រហារនៅថ្ងៃទី ២៨ ខែមករានោះ ដោយបានហៅ ជា«ការវាយប្រហារភេរវករ»ដែលប្រទេសនានាក្នុងតំបន់ហាក់មានការព្រួយបារម្ភ។
ជាការកត់សម្គាល់របស់អ្នកតាមដានសង្គ្រាម នេះជាលើកដំបូងដែលបុគ្គលិកយោធាអាមេរិកត្រូវបានសម្លាប់ដោយការបាញ់ប្រហារពីបច្ចាមិត្តនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា រហូតដល់ពេលនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលហ្ស៊កដានី លោក Muhannad Mubaidin បានសម្តែងការរំលែកទុក្ខដល់សហរដ្ឋអាមេរិក និងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ហ្ស៊កដានីកំពុងធ្វើការជាមួយក្រុងវ៉ាស៊ីនតោនដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការវាយប្រហារគឺលើមូលដ្ឋានទ័ពអាមេរិកមួយក្នុងប្រទេសស៊ីរី ជាប់ព្រំដែន ប៉ុន្តែមិនមែននៅលើទឹកដីហ្ស៊កដានីទេ ប៉ុន្តែសេចក្តីរាយការណ៍ជាច្រើនបញ្ជាក់ថា ការវាយប្រហារស្ថិតនៅប្រទេសហ្ស៊កដានីត្រង់ចំណុច Tower22 ជិតប្រទេសស៊ីរី។
ក្រោយការវាយប្រហារភ្លាមៗប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងរងសម្ពាធនយោបាយខ្លាំងនៅក្នុងស្រុក ក៏បានចេញមុខប្រកាសចោទប្រកាន់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ហើយថា «យើង[សហរដ្ឋអាមេរិក]នឹងឆ្លើយតបវិញ»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ត្រូវបានដកស្រង់សម្ដីដោយទូរទស្សន៍អ៊ីរ៉ង់ IRNA កាលពីថ្ងៃចន្ទ បដិសេធរាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច។
សារព័ត៌មាន Al Jazeera បានស្រង់សម្តីដូចផ្សាយថា៖«ដូចដែលយើងបាននិយាយយ៉ាងច្បាស់ពីមុនមក ក្រុមអ្នកតស៊ូក្នុងតំបន់កំពុងឆ្លើយតប [ចំពោះ] ឧក្រិដ្ឋកម្មសង្គ្រាម និងការប្រល័យពូជសាសន៍នៃរបប Zionist ដែលសម្លាប់កុមារ ហើយ... ពួកគេមិនទទួលបទបញ្ជាពីសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ទេ»។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយកើតហេតុ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា៖«យើងឈររួបរួមក្នុងតម្លៃរបស់យើង ហើយប្រយុទ្ធប្រឆាំងនឹងសត្រូវរួម។ ការលះបង់របស់ពួកគេនឹងចងចាំជានិច្ច។ ទៅឱ្យបានស្ងប់។ ជូនពរអ្នករបួសឆាប់ជាសះស្បើយ»។
ប្រភពសន្តិសុខជាន់ខ្ពស់របស់ហ្ស៊កដានីបានប្រាប់រ៉យទ័រថា ហ្ស៊កដានីថ្មីៗនេះបានអំពាវនាវឱ្យមានផ្នែករឹង និងការគាំទ្រផ្នែកការពារជាតិកម្រិតខ្ពស់បន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដោយសារតែការព្រួយបារម្ភរបស់អ៊ីរ៉ង់ និងភ្នាក់ងាររបស់ខ្លួនអាចក្លាយជាការជ្រួលច្របល់កាន់តែខ្លាំង៕