សហរដ្ឋអាមេរិកសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីពន្យារពេលវត្តមានយោធារបស់ខ្លួននៅឯមូលដ្ឋានទ័ព Al Udeid ក្នុងប្រទេសកាតាសម្រាប់រយៈពេល ១០ ឆ្នាំ តទៅមុខទៀត ដោយស្ងាត់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពព័ត៌មានជាអនាមិក កាលពីថ្ងៃអង្គារ។
ក្រសួងការពារជាតិអាមេរិក មិនបានអត្ថាធិប្បាយយ៉ាងណាទេ ចំពោះការអះអាងរបស់ប្រភពព័ត៌មានរបស់រ៉យទ័រ ដែលសុំមិនបញ្ចេញឈ្មោះ ខណៈបណ្ដាញព័ត៌មាន CNN បានផ្សាយថា កិច្ចព្រមព្រៀងអាមេរិក-កាតាដដែល មិនត្រូវបានគេ ឬមន្រ្តីរដ្ឋបាលបៃដិន ប្រកាសជាសាធារណៈនោះទេ។
មូលដ្ឋានទ័ពអាកាស Al Udeid មានទីតាំងនៅវាលខ្សាច់ភាគនិរតីនៃទីក្រុងដូហានិងជាមណ្ឌលយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។ មូលដ្ឋានទ័ពនេះ ជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការផ្លូវអាកាសរបស់ទីបញ្ជាការកណ្តាលអាមេរិក ក្នុងឬជុំវិញប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងទូទាំងតំបន់មជ្ឈិមបូព៌ា។ កងទ័ពអាកាសកាតា និងអង់គ្លេស ក៏ប្រតិបត្តិការពីមូលដ្ឋានទ័ពនេះផងដែរ។
កិច្ចព្រមព្រៀងពន្យារពេលនៃវត្តមានកងទ័ពអាមេរិកនាពេលនេះ ធ្វើឡើងខណៈសហរដ្ឋអាមេរិកបានពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន ដោយសារតែសង្រ្គាមនៅហ្គាហ្សារបស់អ៊ីស្រាអែល។
កាតា គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ក្រៅណាតូរបស់សហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងការងារជាយុទ្ធសាស្ត្រជាមួយយោធាសហរដ្ឋអាមេរិក។ រដ្ឋឈូងសមុទ្រពែក្សមួយនេះ គឺជាច្រកមួយសម្រាប់ការសន្ទនារបស់អាមេរិកជាមួយពួកតាលីបង់ ចាប់តាំងពីការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅក្នុងឆ្នាំ២០២១។
នៅចុងឆ្នាំ ២០២៣ កាតាបានដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងមួយ ដែលសម្រេចឱ្យមានការដោះដូរអ្នកទោសរវាងអាមេរិក និងវេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់។
លើសពីនេះ ប្រទេសដដែល ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងកិច្ចពិភាក្សាសម្រុះសម្រួលជាមួយក្រុមហាម៉ាស់ និងមន្ត្រីអ៊ីស្រាអែល ទាក់ទងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួន ក្នុងការវាយប្រហារថ្ងៃ ៧តុលា ឆ្នាំមុន។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន តែងនិយាយគ្នាជាមួយមេដឹកនាំនៃប្រទេសកាតាស្ដីពីបញ្ហានេះ៕