ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី បានកោះហៅកូនប្រុសរបស់លោកប្រធានាធិបតី ចូកូ វីដូដូ ដែលជាគូប្រជែងរបស់បេក្ខជនប្រធានាធិបតីនាំមុខគេ ដើម្បីសាកសួរជុំវិញការចោទប្រកាន់ដែលថា លោករំលោភលើយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កូនប្រុសលោក ចូកូ គឺលោក Gibran Rakabuming Raka និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto រួមដៃគ្នាក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ១៤ កុម្ភៈ ខាងមុខ ដោយលោក Gibran កាន់បេក្ខភាពអនុប្រធានាធិបតី ហើយលោក Prabowo កាន់បេក្ខភាពប្រធានាធិបតី។ អ្នកទាំង២ នឹងប្រកួតប្រជែងជាមួយបេក្ខជនប្រធានាធិបតីនាំមុខធំៗ២ផ្សេងទៀត រួមមាន លោកAnies Baswedan និងលោក Ganjar Pranowo។
ទីភ្នាក់ងារត្រួតពិនិត្យការបោះឆ្នោតទូទៅ (Bawaslu) នៅសង្កាត់សិនត្រាលហ្សាកាតា នៃក្រុងហ្សាកាតា បានកោះហៅ លោក Gibran ដើម្បីសាកសួរពីបទបំពានច្បាប់យុទ្ធនាការ ដោយសារលោកបានចែកទឹកដោះគោដោយឥតគិតថ្លៃ ជូនមនុស្សក្នុងព្រឹត្តិការណ៍សាធារណៈ ឈ្មោះ «Car-free day» ឬ «ថ្ងៃគ្មានរថយន្ត» កាលពីខែមុន។
លោក Dimas TriantoPutro មន្ត្រីនៅ Bawaslu បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា៖«យើងត្រូវមានការបំភ្លឺពី លោកGibran ។ យើងចង់ធ្វើឱ្យប្រាកដថា តើការចោទប្រកាន់នោះបានកើតឡើងមែនឬអត់»។
បទប្បញ្ញត្តិទីក្រុងហ្សាកាតាឆ្នាំ២០១៦ បានកំណត់រារាំងសកម្មភាពណាមួយដែលធ្វើឡើង «ដើម្បីបម្រើផលប្រយោជន៍របស់គណបក្សនយោបាយ» នៅក្នុងព្រឹត្តិការណ៍ «ថ្ងៃគ្មានរថយន្ត»ដែលគេហាមឃាត់មិនឱ្យមានរថយន្តផ្សេងៗបើកលើផ្លូវសំខាន់ៗ។
យ៉ាងណាមិញ ភ្នាក់ងារ Bawaslu មិនមានសិទ្ធិអំណាចក្នុងការដាក់ទណ្ឌកម្ម លោក Gibran នោះទេ ហើយគេមិនច្បាស់ភ្លាមៗថាតើអាជ្ញាធរទីក្រុងហ្សាកាតា នឹងដោះស្រាយ ឬចេញការពិន័យណាមួយនោះទេ។
គេមើលឃើញថា បេក្ខភាពរបស់ លោក Gibran មានភាពចម្រូងចម្រាស ដោយសារតែការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញរបស់ប្រទេសកាលពីខែតុលាឆ្នាំមុន ដែលបានលុបចោលនូវការកំណត់លើអាយុ ហើយត្រួសត្រាយផ្លូវឱ្យលោកអាចឈរឈ្មោះក្នុងការបោះឆ្នោត៕