នាយករដ្ឋមន្ត្រី​ថៃ ​សេដ្ឋា ថាវីស៊ីន ​ដែល​ទើប​ឡើង​កាន់​តំណែង​​កាល​ពីខែ​សីហាឆ្នាំ​មុន នៅ​ថ្ងៃ​ពុធ​បានស្នើ​​កញ្ចប់​ថវិកា​៣,៤៨​ពាន់​ពាន់​លាន​បាត (​១០១,៥២ ពាន់​លាន​ដុល្លារ) ទៅ​កាន់​​​​​​រដ្ឋសភា​​ ដែល​ជា​កញ្ចប់ថវិកា​​​​សម្រាប់​ជំរុញ​​​កំណើន​សេដ្ឋកិច្ច​។​

​តាមសេចក្តីរាយការណ៍​របស់រ៉យទ័រ ​សមាជិក​រដ្ឋ​សភា​​​ថៃ​​​នឹង​ពិភាក្សា​លើ​កា​រស្នើ​​​ច្បាប់កញ្ចប់ថវិកា​នេះ​​​ក្នុង​រយៈពេល​៣ថ្ងៃ​នៃ​ការ​ប្រជុំសភា​​​ក្នុងសប្តាហ៍​នេះ​។ 

លោក សេដ្ឋា បាន​ប្រាប់​រដ្ឋ​សភា​ថា៖«​ថវិកា​នោះ​សំខាន់​ណាស់​ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​ទៀត»។ 

សេដ្ឋកិច្ច​របស់​ព្រះរាជា​ចក្រថៃ ដែល​មានសេដ្ឋកិច្ច​ធំ​បំផុត​ទី២ ក្នុង​តំបន់​អាស៊ាន ត្រូវ​គេ​រំពឹង​ថា នឹង​រីក​ចម្រើន​លួតលាស់​ចន្លោះ​ពី​២,៧​ភាគរយ ទៅ​៣,៧​ភាគរយ ដោយ​បន្ថែម​ថា អតិផរណា ​ត្រូវ​គេ​រំពឹង​ថា ​នឹង​មាន​ចន្លោះ ១,៧ភាគរយ ទៅ​២,៧​ភាគរយ។

រដ្ឋ​សភា​ថៃ​នឹង​បោះឆ្នោត​លើ​ច្បាប់​ថវិកា​នៅ​សប្តាហ៍​នេះ ​ហើយ ច្បាប់នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ចប់​សព្វ​គ្រប់​ត្រឹម​ដើម​ខែ​ឧសភា។​

​សេដ្ឋ​កិច្ច​របស់​ព្រះរាជាណាចក្រ​ថៃ បាន​រីក​ចម្រើន​យឺត​ជាង​រំពឹង​ទុក នៅ​ក្នុង​ត្រី​មាស​ទី​៣​(ខែ​កក្កដា-កញ្ញា )​នៅ​ក្នុងឆ្នាំ​មុន ដែល​ជា​កំណើន​​មាន​ល្បឿន​យឺត​បំផុត​ ដោយសារ​ការ​នាំ​ចេញ​ខ្សោយ ​និង ការ​ចំណាយ​របស់រដ្ឋាភិបាល៕​