ប្រភពសន្តិសុខលីបង់ និងប៉ាឡេស្ទីន បាននិយាយថា អុីស្រាអែល បានសម្លាប់មេដឹកនាំរងនៃក្រុមហាម៉ាស់ លោក Saleh al-Arouri ក្នុងការវាយប្រហារដោយដ្រូននៅរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
វិទ្យុ និងទូរទស្សន៍របស់ក្រុមហាម៉ាស់ និងទូរទស្សន៍លីបង់ Mayadeen ដែលមានទំនោរគាំទ្រអុីរ៉ង់បានផ្សាយដោយបញ្ជាក់ព័ត៌មានពីប្រភពសន្តិសុខថា លោក Arouri សមាជិកនៃការិយាល័យនយោបាយរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅបរទេស និងជាសហស្ថាបនិកនៃក្រុមយោធា IQB ដែលគ្រប់គ្រងដោយហាម៉ាស់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូនលើការិយាល័យរបស់ក្រុមហាម៉ាស់ នៅភាគខាងត្បូងនៃទីក្រុងបេរូត។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ ការវាយប្រហារដោយដ្រូននោះ បានសម្លាប់មនុស្សចំនួន ៦នាក់រួមទាំងលោក Arouri។
នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរបស់លីបង់ លោក Najib Mikati បានថ្កោលទោសការវាយប្រហារដដែលថាជា៖«ឧក្រិដ្ឋកម្មថ្មីរបស់អុីស្រាអែល» និងការប៉ុនប៉ងដើម្បីទាញប្រទេសលីបង់ចូលទៅក្នុងសង្រ្គាម។ ការិយាល័យរបស់លោកបាននិយាយថា លោក Najib បានស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសលីបង់ ដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពី «ការរំលោភថ្មីរបស់អីុស្រាអែលលើអធិបតេយ្យភាពលីបង់»។
យ៉ាងណាមិញ អុីស្រាអែល បានច្រានចោលការពាក់ព័ន្ធរបស់ខ្លួន ដោយលោក Mark Regev ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីអុីស្រាអែល បាននិយាយប្រាប់ទូរទស្សន៍ MSNBC ថា អុីស្រាអែលមិនបានទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។
យ៉ាងណាមិញ លោកបានបន្តថា៖ «ទោះអ្នកណាជាអ្នកខុសត្រូវក៏ដោយ ក៏ត្រូវតែដឹងថា នេះមិនមែនជាការវាយប្រហារលើរដ្ឋលីបង់ទេ។ នោះគឺគ្រាន់តែជាការវាយ-ប្រហារប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ក្រុមហាម៉ាស់តែប៉ុណ្ណោះ»។
ចំណែកអ្នកនាំពាក្យយោធាអុីស្រាអែល លោក Daniel Hagari វិញបានប្រាប់សន្និសីទសារព័ត៌មានថា៖«យើងផ្តោតលើការសម្លាប់ក្រុមហាម៉ាស់»។ លោកឆ្លើយយ៉ាងដូច្នេះ ដោយមិនបញ្ជាក់លម្អិត នៅពេលរងការចោទសួរថាតើអុីស្រាអែលជាអ្នកនៅពីក្រោយខ្នងការវាយប្រហារនៅក្រុងបេរូត ឬយ៉ាងណា។
កន្លងមក អុីស្រាអែល បានចោទប្រកាន់ លោក Arouri ពីបទបញ្ជា និងត្រួតពិនិត្យការវាយប្រហាររបស់ក្រុមហាម៉ាស់នៅតំបន់ West Bank ដែលគ្រប់គ្រងដោយអុីស្រាអែល អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
អុីស្រាអែល ជារឿយៗ តែងរងការចោទប្រកាន់ពីប្រតិបត្តិការធ្វើឃាតលើមន្រ្តីសំខាន់ៗរបស់សត្រូវនៅបរទេស ប៉ុន្តែមិនបានបញ្ចេញមុខដោយផ្ទាល់ទេ។
លោក Arouri អាយុ ៥៧ ឆ្នាំ គឺជាមេដឹកនាំជាន់ខ្ពស់ផ្នែកនយោបាយរបស់ក្រុមហាម៉ាស់ដំបូងគេ ហើយដែលត្រូវបានគេធ្វើឃាត រាប់តាំងពីអុីស្រាអែលបានចាប់ផ្ដើមធ្វើសង្រ្គាម «បោសសម្អាតក្រុមហាម៉ាស់» នៅតំបន់ហ្គាហ្សា កាលពីជិត ៣ ខែមុន ក្រោយក្រុមសកម្មប្រយុទ្ធមួយនេះចូលលុកលុយអុីស្រាអែល។
ការសម្លាប់លោក Arouri អាចបង្កើនហានិភ័យនៃសង្គ្រាមអុីស្រាអែល-ហាម៉ាស់ ដែលរីករាលដាលហួសពីតំបន់ហ្គាហ្សា រួចទៅហើយ។ ក្រុមហេសបូឡាហ៍ ដែលជាក្រុមប្រដាប់អាវុធដ៏ធំនៅលីបង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ បានបាញ់ប្រហារគ្នាស្ទើរតែរាល់ថ្ងៃជាមួយអុីស្រាអែល ក្នុងតំបន់ព្រំដែនភាគខាងត្បូងរបស់លីបង់ រាប់តាំងពីសង្រ្គាមនៅហ្គាហ្សាបច្ចុប្បន្នផ្ទុះឡើងនៅដើមខែតុលា ឆ្នាំមុនមក៕