ខណៈការបោះឆ្នោតប្រធានាធិបតី និងរដ្ឋសភាតៃវ៉ាន់នឹងមកដល់នៅថ្ងៃទី១៣ ខែមករានេះ ដោយមានក្តីបារម្ភពីការជ្រៀតជ្រែករបស់ចិនដីគោក តៃវ៉ាន់បានប្រទះឃើញបាឡុងហោះរបស់មហាយក្សចិននៅក្បែរមូលដ្ឋានទ័ពអាកាសធំៗ។
ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា បាឡុងរបស់ចិនចំនួន៣ បានហោះឆ្លងកាត់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ និងនៅជិតមូលដ្ឋានទ័ពអាកាស ដែល នេះជាលើកដំបូងដែលតៃវ៉ាន់រាយការណ៍ពីករណីបង្ហោះបាឡុងឆ្លងកាត់កោះនេះ។
សក្តានុពលសម្រាប់ប្រទេសចិនក្នុងការប្រើប្រាស់បាឡុងសម្រាប់សកម្មភាពចារកម្មបានក្លាយជាបញ្ហាសកលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលដែសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលមហាអំណាចលេខ១ បានអះអាងថា វាជាបាឡុងឈ្លបយកការណ៍របស់ចិន។ ប៉ុន្តែប្រទេសចិននាពេលនោះបាននិយាយថា បាឡុងនោះជាយានស៊ីវិលដែលបានរសាត់ទៅកាន់ទីនោះដោយចៃដន្យ។
តៃវ៉ាន់កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពរបស់ចិនទាំងយោធា និងនយោបាយនៅមុនការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី១៣ ខែមករា។ ចិនទាមទារកោះនេះជាទឹកដីរបស់ខ្លួន។
ចាប់តាំងពីខែមុនក្រសួងការពារជាតិរបស់តៃវ៉ាន់ បានរាយការណ៍ជាញឹកញាប់អំពីករណីបាឡុងហោះរបស់ចិនបានហោះពីលើច្រកសមុទ្រតៃវ៉ាន់ដ៏រសើប បន្ទាប់មកឆ្លងកាត់ដែនអាកាសទៅកាន់ភាគខាងជើងនៃកោះនេះ។
ដោយផ្តល់ព័ត៌មានថ្មីៗប្រចាំថ្ងៃរបស់ខ្លួនសម្រាប់សកម្មភាពយោធាចិនក្នុងរយៈពេល ២៤ ម៉ោង កន្លងមកនេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានរកឃើញបាឡុងហោះចំនួន ៤ ដែលកំពុងហោះលើច្រកសមុទ្រ ដោយបាឡុងចំនួន៣ក្នុងចំណោមនោះបានហោះកាត់កណ្តាលកោះតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងថា ក្នុងចំណោមបាឡុងហោះទាំង៣នោះ មានបាឡុង១ បានហោះហើរចម្ងាយ ១០៥ ម៉ាយល៍ (១៩៤ គីឡូម៉ែត្រ) បាឡុង១ទៀតបានហោះចម្ងាយ ១៦០ ម៉ាយល៍ក្នុងសមុទ្រ និង ១ទៀតហោះចម្ងាយ ១៥៩ ម៉ាយល៍ ក្នុងសមុទ្រទៅកាន់ភាគនិរតីនៃទីក្រុង Ching Chuan Kang ដែលជាទីតាំងនៃមូលដ្ឋានទ័ពអាកាសដ៏សំខាន់របស់តៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ឱ្យដឹងថា ខ្លួន«តាមដានយ៉ាងដិតដល់ និងឆ្លើយតបយ៉ាងត្រឹមត្រូវ» ចំពោះបាឡុងហោះនេះ និងប្រមូលព័ត៌មានសម្រាប់«ការវិភាគ និងការវិនិច្ឆ័យ»៕