តុលាការម៉ាឡេស៊ីនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ សម្រេចឱ្យអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក ឌាម ហ្សានូឌីន (Daim Zainuddin) «មិនមានពិរុទ្ធភាព» ជុំវិញការខកខានប្រកាសទ្រព្យសម្បត្តិនៅក្រោមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។ នេះគឺជាសំណុំរឿងដ៏ល្បីបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ទាក់ទងនឹងការបង្ក្រាបអំពើពុករលួយដែលពាក់ព័ន្ធនឹងឥស្សរជនជាន់ខ្ពស់បែបនេះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) តែងតែប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ប៉ុន្តែអ្នករិះគន់មួយចំនួនបានអះអាងថា លោកកំពុងប្រើប្រាស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយដើម្បីចាត់ការទៅលើគូប្រជែងនយោបាយ។
លោក ឌាម មានអាយុ ៨៥ ឆ្នាំ ហើយលោក គឺជាសម្ព័ន្ធមិត្តរបស់លោក គឺអតីតនាយករដ្ឋមន្ត្រី លោក ម៉ាហាធៀរ ម៉ូហាម៉ាដ (Mahathir Mohamad) ដែលជាគូប្រជែងនយោបាយរបស់លោក អាន់វ៉ា។ លោក ឌាម ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ចោទប្រកាន់ដោយសង្ស័យថាលោកកំពុងលាក់បាំងទ្រព្យសម្បត្តិជាច្រើន។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី ២៣ ខែមករាកន្លងទៅ ភរិយារបស់លោក ឌាម គឺលោកស្រី ណាអ៊ីម៉ាស អាប់ឌុល ខាលីដ (Na'imah Abdul Khalid)អាយុ ៦៦ឆ្នាំ ក៏ត្រូវបានរងការចោទប្រកាន់ពីបទមិនប្រកាសទ្រព្យសម្បត្តិដូចគ្នា ជាពិសេសអគារ Ilham Tower ដែលមានតម្លៃរាប់លានដុល្លារ។ ប៉ុន្តែតុលាការក្រុងគូឡាឡាំពួរ (Kuala Lumpur) បានចេញសេចក្ដីសម្រេចថាលោកស្រីមិនមានពិរុទ្ធភាពនោះទេ។
សូម្បីតែលោក អ៊ីស្មាល សាប្រ៊ីយ៉ាកូប (Ismail Sabri Yaakob) ដែលជាអតីនាយករដ្ឋមន្ត្រីមុនលោក អាន់វ៉ា ក៏ត្រូវបានសាកសួរដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងមូលនិធិរបស់រដ្ឋាភិបាលផងដែរ។
ដោយឡែក កាលពីថ្ងៃចន្ទម្សិលមិញ លោក ឌាម ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ២ លើកគឺ ចន្លោះឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៩១ និងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០១ បានបង្ហាញខ្លួននៅតុលាការ ដោយអង្គុយនៅលើរទេះរុញ ហើយត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីមេធាវីរបស់គាត់បានលើកឡើងពីបញ្ហាសុខភាព។
លោក ឌាម បានទទួលរងបណ្ដឹងចោទប្រកាន់ពីបទមិនបានប្រកាសទ្រព្យសម្បត្តិជាច្រើនរួមមានមុខជំនួញចំនួន ៣៨ ក្រុមហ៊ុន អចលនទ្រព្យចំនួន ២៥ កន្លែងនិងរថយន្តទំនើបៗជាច្រើនគ្រឿង។
ទោសអតិបរមាចំពោះបទល្មើសនេះ គឺជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំនិងពិន័យជាសាច់ប្រាក់រហូតដល់ទៅជាង ២១ ០០០ ដុល្លារសហរដ្ឋអាមេរិក។ កាលពីខែមុន ទីភ្នាក់ងារនេះក៏បានរឹបអូសអគារ Ilham Tower កម្ពស់ ៦០ ជាន់របស់លោក ឌាម ដែលស្ថិតនៅទីក្រុងកូឡាឡាំពួរ(Kuala Lumpur)ផងដែរ។
ជាការឆ្លើយតប លោក ឌាម បានចោទប្រកាន់រដ្ឋបាលរបស់លោក អាន់វ៉ា ពីបទរំលោភអំណាចរដ្ឋ និងបំពានលើការសន្យាដែលថានឹងធ្វើកំណែទម្រង់មួយចំនួន។
លោកបានបន្ថែមទៀតថា លោក អាន់វ៉ា រវល់តែធ្វើនយោបាយផ្ដោតលើការសងសឹក ជាជាងយកពេលទៅពិនិត្យមើលរឿងសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា ដោយសារតែការមិនខ្វាយខ្វល់នេះហើយ ទើបធ្វើឱ្យតម្លៃរូបិយវត្ថុរីងហ្គីតរបស់ម៉ាឡេស៊ីធ្លាក់ចុះ សេដ្ឋកិច្ចជាប់គាំង ហើយពលរដ្ឋម៉ាឡេស៊ីកំពុងតែរងគ្រោះ។
លោក ឌាម បាននិយាយថា៖ «ខ្ញុំមិនខ្វល់ពីបញ្ហាដែលកំពុងកើតឡើងចំពោះខ្ញុំនោះទេ ទុកឱ្យលោក អាន់វ៉ា ធ្វើអ្វីដាក់ខ្ញុំតាមតែគាត់ចង់បានទៅចុះ ប៉ុន្តែ ខ្ញុំបារម្ភអំពីអនាគតប្រទេសរបស់ខ្ញុំ»។
យោងតាមតុលាការ សំណុំរឿងរបស់លោកនឹងត្រូវបើកសវនាការម្ដងទៀតនៅថ្ងៃទី ២២ ខែមីនាខាងមុខ។ រីឯការិយាល័យរបស់លោក អាន់វ៉ា មិនបានឆ្លើយតបភ្លាមៗនោះទេជុំវិញបញ្ហានេះ ហើយនាយករដ្ឋមន្ត្រីធ្លាប់បានអះអាងថា លោកមិនជ្រៀតជ្រែកក្នុងដំណើរការស៊ើបអង្កេតករណីអំពើពុករលួយនោះទេ។
លោក ឌាម គឺជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រោមការដឹកនាំរបស់លោក ម៉ាហាធី ដែលជាដៃគូប្រកួតប្រជែងនយោបាយដ៏យូរអង្វែងជាមួយលោក អាន់វ៉ា ។
លោក អាន់វ៉ា ធ្លាប់បានប្រឈមមុខនឹងការជាប់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទសេពសន្ថវៈ និងអំពើពុករលួយ ប៉ុន្តែលោក អាន់វ៉ា បានអះអាងថាជាការចោទប្រកាន់ក្រោមហេតុផលនយោបាយ។
ក្រោយមក លោក អាន់វ៉ា ត្រូវបានលើកលែងទោស ហើយលោកបានក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅឆ្នាំ ២០២២ បន្ទាប់ពីបានដើរតួជាបក្សប្រឆាំងអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ លោកសន្យាថានឹងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជារួម។
យ៉ាងណាក៏ដោយ សំណុំរឿងពុករលួយជាច្រើនដែលពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរបស់លោក អាន់វ៉ា ត្រូវបានតុលាការទម្លាក់បទចោទជាបន្តបន្ទាប់។ ការណ៍នេះបានធ្វើឲ្យពលរដ្ឋមួយចំនួនងឿងឆ្ងល់ថា តើលោក អាន់វ៉ា ពិតជាចង់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមែនឬក៏យ៉ាងណា។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ការធ្វើបែបនេះអាចនឹងប៉ះពាល់ដល់មុខមាត់របស់លោក អាន់វ៉ាជាពិសេសគឺផែនការកំណែទម្រង់របស់លោក៕