វៀតណាម និងហ្វីលីពីន ដែលប្រទេសទាំង ២ មានទំនាស់ជាមួយមហាយក្សចិននៅសមុទ្រចិនខាងត្បូង នៅថ្ងៃទី ៣០ ខែមករា បានព្រមព្រៀងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្ររបស់ពួកគេ និងទប់ស្កាត់ឧប្បត្តិហេតុដែលមិនកើតឡើងនៅសមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដោយយោងទៅលើសេចក្តីប្រកាសមួយ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ទៅកាន់ទីក្រុងហាណូយ នៃសាធារណៈរដ្ឋប្រជាមានិតសង្គមនិយមវៀតណាម។
វៀតណាម និងហ្វីលីពីន ដែលជាប្រទេសអាស៊ីអាគ្នេយ៍ដូចគ្នា ក៏បានប្រជែងគ្នាទាមទារលើផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំចំនួន៣ពាន់ពាន់លានដុល្លារ ដែលចិនទាមទារកាន់កាប់ផ្តាច់មុខក្នុងអធិបតេយ្យភាពរបស់ខ្លួនស្ទើរតែទាំងស្រុង។
រ៉យទ័របានផ្សាយថា កិច្ចព្រមព្រៀងនៅទីក្រុងហាណូយ ដែលព័ត៌មានលម្អិតមិនត្រូវបានបង្ហាញ អាចប្រថុយនឹងការខឹងសម្បាររបស់ទីក្រុងប៉េកាំង ដែលបានពង្រាយកងនាវាឆ្មាំឆ្នេរសមុទ្រដ៏ធំរបស់ខ្លួននៅទូទាំងសមុទ្រចិនខាងត្បូង ដើម្បីគ្រប់គ្រងចំពោះការទាមទារទឹកដីដ៏ធំទូលាយរបស់ខ្លួន។
ទាំងទីក្រុងហាណូយ និងទីក្រុងម៉ានីល ធ្លាប់មានជម្លោះជាមួយឆ្មាំឆ្នេរសមុទ្ររបស់ចិនកាលពីអតីតកាល ប៉ុន្តែការឈ្លោះប្រកែកគ្នាបានកើតឡើងជាញឹកញាប់ក្នុងឆ្នាំ ២០២៣ រវាងនាវារបស់ចិន និងសម្ព័ន្ធមិត្តអាមេរិកហ្វីលីពីន ដែលបន្ថែមភាពតានតឹងដល់ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន។
ក្រសួងពាណិជ្ជកម្មរបស់វៀតណាម បានឱ្យដឹងនៅថ្ងៃទី ៣០ ខែមករាថា ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតមួយក្នុងពិភពលោក ក៏នឹងមានកិច្ចព្រមព្រៀងជាមួយប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលគ្រាប់ធញ្ញជាតិច្រើន ដែលកិច្ចព្រមព្រៀងរបស់ពួកគេគ្របដណ្តប់លើពាណិជ្ជកម្មអង្ករក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕