មេដឹកនាំសហភាពអឺរ៉ុបដែលមាន ២៧ ប្រទេស នឹងរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបន្តផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដែលកំពុងជាប់ដៃប្រយុទ្ធជាមួយកងទ័ពមហាអំណាចរុស្ស៊ីដែលឈានចូលឆ្នាំទី៣នៅចុងខែកុម្ភៈ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា ឯកសារព្រាងនោះ បានលើកឡើងថា ជំនួយយោធានោះគឺសម្រាប់ «ការគាំទ្រផ្នែកយោធាទាន់ពេលវេលា ដែលអាចព្យាករណ៍បាន និងនិរន្តរភាព» ដល់រដ្ឋាភិបាលអ៊ុយក្រែន។
ក្រុមប្រឹក្សាអឺរ៉ុបដែលគ្រោងបើកកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ត្រូវបានព្រាងជាអត្ថបទ ដែលរ៉យទ័របានទទួលនិងចុះផ្សាយក៏និយាយផងដែរថា៖«ក្រុមប្រឹក្សាអឺរ៉ុបក៏រំលឹកឡើងវិញនូវតម្រូវការបន្ទាន់ក្នុងការពន្លឿនការចែកចាយគ្រាប់រំសេវ និងមីស៊ីល»។
សេចក្តីព្រាងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលបានទុកឱ្យបើកចំហថាតើមេដឹកនាំក៏នឹងសន្យាថានឹងដាក់ប្រាក់ចំនួន ៥ ពាន់លានអឺរ៉ូ ទៀត សម្រាប់ជំនួយអ៊ុយក្រែន ទៅក្នុងមូលនិធិមួយដែលមានឈ្មោះថា «European Peace Facility» ដែលត្រូវបានប្រើសម្រាប់ការបរិច្ចាគសព្វាវុធដល់ទីក្រុងកៀវ។
សមាជិកសហភាពអឺរ៉ុបបានឈ្លោះប្រកែកគ្នាអស់ជាច្រើនខែជុំវិញអនាគតនៃតួនាទីរបស់មូលនិធិក្នុងជំនួយយោធាដល់អ៊ុយក្រែន ដោយប្រទេសអាល្លឺម៉ង់បានណែនាំថា ការផ្តោតអារម្មណ៍នៅពេលនេះគួរតែផ្តោតលើជំនួយទ្វេភាគីពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបនីមួយវិញ។
គំនិតនៃការសន្យាបន្ថែម ៥ ពាន់លានអឺរ៉ូ ត្រូវបានរួមបញ្ចូលនៅក្នុងសេចក្តីព្រាងអត្ថបទនៅក្នុងតង្កៀបការ៉េដែលបង្ហាញថាវានៅតែជាបញ្ហានៃការពិភាក្សា។
ប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងប្រ៊ុចសែលគឺកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៥០ ពាន់លានអឺរ៉ូក្នុងរយៈពេល ៤ ឆ្នាំ ដែលត្រូវបានរារាំងដោយប្រទេសហុងគ្រីនៅក្នុងកិច្ចប្រជុំកំពូលកាលពីខែធ្នូ៕