បើទោះបីរដ្ឋាភិបាលសន្យាពង្រឹងការរឹតបន្តឹងការប្រើប្រាស់អាវុធ និងបង្កើនសន្តិសុខ អំពើហិង្សាផ្ទុះជាថ្មីនៅប្រទេសថៃ ដោយសិស្សសាលាថ្នាក់ទី៨ ម្នាក់ បានចាក់សម្លាប់សិស្សរួមថ្នាក់ដូចគ្នារហូតដល់ស្លាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមករា។ នេះយោងតាមការចេញផ្សាយរបស់ The Nation ដែលបានដកស្រង់ប្រភពពី ប៉ូលិស និងមន្ត្រីសាលាក្នុងទីក្រុងបាងកក។
សារព័ត៌មាននោះបានដកស្រង់ បុគ្គលិកសាលាបាននិយាយថា ឧបទ្ទវហេតុចាក់សម្លាប់នៅសាលា Nak Nava Upatham នៅតំបន់ Soi Patanakarn 26 បានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក បន្ទាប់ពីការជួបជុំពេលព្រឹករួច។
តាមសេចក្តីរាយការណ៍ មិត្តភក្តិរបស់ជនរងគ្រោះ និងអ្នកវាយដំ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានឃើញជនរងគ្រោះ សើចចំអកក្មេងប្រុសដែលជាអ្នកវាយ ខណៈពួកគេចូលថ្នាក់រៀននៅជាន់ទី២ បន្ទាប់ពីច្រៀងភ្លេងជាតិរួច។
បុគ្គលិកសាលាដែលបានប្រាប់អ្នកយកព័ត៌មាន បាននិយាយថា ជាធម្មតាសិស្សដែលវាយប្រហារនោះជាអ្នកស្ងប់ស្ងាត់ ដោយបានដកកាំបិតផ្លែឈើចាក់ចំករបស់ជនរងគ្រោះជាច្រើនកំាបិត។
ក្រោយហេតុការណ៍នោះភ្លាមៗ ការបង្រៀនតាមថ្នាក់រៀនទាំងអស់ត្រូវបានលុបចោល ដោយសារឪពុកម្តាយប្រញាប់នាំកូនៗរបស់ពួកគេទៅផ្ទះ។
អំពើហិង្សានៅប្រទេសថៃកើតឡើងជាញឹកញាប់។ កាលពីដើមខែតុលា ឆ្នាំ២០២៣ មានការបាញ់ប្រហារនៅផ្សារទំនើបដែលបង្កឱ្យស្លាប់ ៥ នាក់ ក្នុងនោះមានជនជាតិចិន និង មីយ៉ាន់ម៉ា និង ថៃ ព្រមទាំងមានរបួសមួយចំនួនទៀត ដែលបង្កការភ័យខ្លាចដល់សាធារណៈជន ជាពិសេសភ្ញៀវទេសចរ។
ក្រោយអំពើហិង្សានោះ រដ្ឋាភិបាលបានសន្យារឹតបន្តឹងការប្រើប្រាស់និងកាន់អាវុធនៅក្នុងប្រទេសថៃ៕