ប្រជាជនឥណ្ឌា បានដាក់ពាក្យស្នើសុំទិដ្ឋាការទៅកាន់សហរដ្ឋអាមេរិក មានការកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៣ ដោយក្នុងនោះការដាក់ពាក្យស្នើសុំទិដ្ឋាការ ១ ក្នុងចំណោម ១០ គឺជាពលរដ្ឋនៃប្រទេសឥណ្ឌា។
តាមការចេញផ្សាយនៅថ្ងៃទី ៣០ មករា ការដាក់ពាក្យសុំទិដ្ឋាការទៅកាន់សហរដ្ឋអាមេរិក មានកំណើនរហូតដល់ ៦០ ភាគរយក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ បន្ទាប់ពីបម្រាមកូវីដ ១៩ ត្រូវបានលើក។
សារព័ត៌មានឥណ្ឌា Deccan Herald បានរាយការណ៍កាលពីថ្ងៃទី ៣០ ខែមករាថា ស្ថានទូតអាមេរិក នៅទីក្រុង New Delhi និងស្ថានកុងស៊ុលនៅទីក្រុងមុមបៃ (Mumbai) ទីក្រុងចេនណៃ (Chennai) ទីក្រុងកុលកាតា (Kolkata) និងទីក្រុង Hyderabad បានដំណើរការទិដ្ឋាការចំនួន ១,៤ លានក្នុងឆ្នាំ ២០២៣។
ដោយពណ៌នាអំពីតម្រូវការថា «មិនធ្លាប់មានពីមុនមក» ស្ថានទូតបាននិយាយថា មានពាក្យស្នើសុំទិដ្ឋាការទេសចរណ៍ច្រើនជាង ៧០ ម៉ឺន ក្នុងឆ្នាំ ២០២៣ ដែលជាចំនួនពាក្យសុំច្រើនជាងគេទី ២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
អ្នកធ្វើដំណើរមកពីប្រទេសមួយចំនួនដែលចូលទៅកាន់ទឹកដីអាមេរិកសម្រាប់ហេតុផលដូចជា អាជីវកម្ម ឬទេសចរណ៍ចាំបាច់តម្រូវឱ្យមានទិដ្ឋាការទេសចរណ៍។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រើទិដ្ឋាការនេះដើម្បីស្នាក់នៅសហរដ្ឋអាមេរិកសម្រាប់ការងារ ឬការអប់រំឡើយ។
ក្នុងឆ្នាំ ២០២៣ ទិដ្ឋាការសិស្សច្រើនជាង ១៤ ម៉ឺន ត្រូវបានផ្តល់ដោយក្រុមកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងប្រទេសឥណ្ឌាច្រើនជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក ដោយធ្វើឱ្យប្រទេសឥណ្ឌាស្ថិតនៅលំដាប់កំពូលសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា។
ពលរដ្ឋឥណ្ឌាបច្ចុប្បន្នបង្កើតបានជាង ១ ភាគ ៤ នៃនិស្សិតបរទេសជាង ១ លាននាក់ដែលកំពុងសិក្សានៅអាមេរិក៕