ប្រទេសវៀតណាម និងហ្វីលីពីន នៅថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែនសមុទ្រដ៏កម្រមួយដើម្បីជួយគ្រប់គ្រងជម្លោះឱ្យប្រសើរឡើងជាងមុនចំពេលមានការគំរាមកំហែងនៃការពង្រីកអំណាចរបស់ចិននៅសមុទ្រចិនខាងត្បូង។ យោងការចុះផ្សាយរបស់កាសែត Nikkei Asia។
កិច្ចព្រមព្រៀងរវាងប្រទេសដែលមានជម្លោះលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នាក្នុងសមុទ្រចិនខាងត្បូងនេះ សម្រេចឡើងនៅថ្ងៃទី ២ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាមរបស់លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ ប្រធានាធិបតីហ្វីលីពីនដែលជាសម្ព័ន្ធមិត្តអាមេរិក។
លោក ម៉ាកូស បាននិយាយថា វៀតណាមជា«ដៃគូយុទ្ធសាស្ត្រតែ ១ គត់របស់ហ្វីលីពីន» នៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើដែនសមុទ្រ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនោះ។
កិច្ចព្រមព្រៀងសន្តិសុខដដែល នឹងអនុញ្ញាតឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង ២ អាចគ្រប់គ្រងជម្លោះក្នុងដែនទឹកជម្លោះឱ្យបានកាន់តែប្រសើរឡើង។ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជា «ការកសាងសមត្ថភាព» ដោយសារវាគ្របដណ្តប់លើឆ្មាំឆ្នេរសមុទ្រនៃប្រទេសទាំង ២។
អនុប្រធានបណ្ឌិតសភាការទូតវៀតណាម លោក Nguyen Hung Son បានឱ្យដឹងថា វៀតណាមកំពុងយកចិត្តទុកដាក់ចំពោះជំហរដែនសមុទ្រដ៏រឹងមាំរបស់ហ្វីលីពីនចំពោះប្រទេសចិន ជាពិសេសដោយសារតែទីក្រុងម៉ានីលជាសម្ព័ន្ធមិត្តយោធារបស់សហរដ្ឋអាមេរិក។
អ្នកវិភាគនិយាយថា កិច្ចព្រមព្រៀង ដែលគេមិនបញ្ចេញព័ត៌មានលម្អិតដដែលអាចប្រថុយនឹងការខឹងសម្បាពីទីក្រុងប៉េកាំង ជាពិសេសប្រសិនបើកិច្ចព្រមព្រៀងនេះ ត្រួសត្រាយផ្លូវសម្រាប់ការសម្របសម្រួលនាពេលអនាគតលើការទាមទារដែនទឹកដែលមានជម្លោះ។
ទោះយ៉ាងណា អ្នកវិភាគបានពណ៌នាថា កិច្ចព្រមព្រៀងនេះអាចជាមធ្យោបាយមួយសម្រាប់ប្រទេសតូចៗ ក្នុងការរួបរួមគ្នាជុំវិញការព្រួយបារម្ភទូទៅអំពីប្រទេសជិតខាងដ៏ធំបំផុតរបស់ពួកគេ។
ប្រទេសចិន និងហ្វីលីពីន មានជម្លោះលើដែនទឹកនៅសមុទ្រចិនខាងត្បូង រួមជាមួយប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត រួមទាំងវៀតណាម។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងហ្វីលីពីន តែងប៉ះទង្គិចគ្នា ដែលធ្វើឱ្យភាពតានតឹងកើនឡើង ខណៈចិនបង្កើនអំណាចយោធា និងស៊ីវិលក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
ចំណែកឯវៀតណាម និងហ្វីលីពីនវិញ ទោះបីប្រទេសទាំង ២ មានជម្លោះលើដែនទឹកដូចគ្នាក្ដី ប៉ុន្តែក៏មានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនឹងគ្នាដែរ៕