
ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីសកានដារ (Sultan Ibrahim Iskandar) ឡើងគ្រងរាជ្យជាសេ្តចម៉ាឡេស៊ីក្នុងវ័យ៦៥ឆ្នាំ។ រូបភាព ហ្វេសប៊ុក Sultan Ibrahim Iskandar។
ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីសកានដារ (Sultan Ibrahim Iskandar) ក្នុងវ័យ ៦៥ ឆ្នាំ នៅថ្ងៃទី ៣១ ខែមករានេះ បានអភិសេកឡើងគ្រងរាជជាព្រះមហាក្សត្រទី១៧ របស់ប្រទេសម៉ាឡេស៊ី ដែលកាន់របបរាជានិយម និងគោរពសា្លសនាអ៊ិស្លាម។
ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីសកានដារ ត្រូវបានក្រុមប្រឹក្សារាជបល្ល័ង្កបោះឆ្នោតជ្រើសរើសព្រះអង្គកាលពីខែតុលាឆ្នាំមុន ដើម្បីជំនួសតំណែងពីព្រះមហាក្សត្របច្ចុប្បន្ន គឺស្តេច Al-Sultan Abdullah ដែលបានឡើងគ្រងរាជសម្បត្តិកាលពីឆ្នាំ ២០១៩។
ប្រទេសម៉ាឡេស៊ី មានប្រព័ន្ធជ្រើសរើសព្រះមហាក្សត្រដ៏ពិសេសមួយដែលប្រមុខគ្រួសាររាជវង្សចំនួន ៩ ដែលមានព្រះកិត្តិនាម «ស៊ុលតង់» នៃរដ្ឋទាំង ១៣ ត្រូវប្តូរវេនគ្នារៀងរាល់អាណត្តិ ៥ ឆ្នាំម្តង។
ព្រះអង្គ ស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីសកានដារ ឡើងគ្រងរាជ្យពេលនេះចំពេលដែលប្រទេសម៉ាឡេស៊ីហាក់មានកលិយុគផ្នែកនយោបាយ ដោយរដ្ឋាភិបាលរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម តាមរយៈគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានប្តឹងចោទប្រកាន់ថ្នាក់ដឹកនាំកំពូលៗរបស់ម៉ាឡេស៊ីពីបទពុករលួយ ខណៈដែលអ្នកវិភាគខ្លះថា ការចោទប្រកាន់ប្រឆាំងទាំងនេះ គឺជាការសងសឹកផ្នែកនយោបាយ របស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលតស៊ូក្នុងឆាកនយោបាយអស់រយៈពេលជិត ៤០ ឆ្នាំមុនការឡើងកាន់អំណាច ដោយរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីអ្នកដឹកនាំរដ្ឋាភិបាលមុនៗ។
យោងតាម Business Times ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីសកានដារនៃរដ្ឋ Johor បានស្បថចូលកាន់តំណែងជាស្តេចថ្មីរបស់ប្រទេសម៉ាឡេស៊ី និងជាអ្នកនិយាយមិនសូវសំចៃមាត់ផងនោះ នឹងធ្វើឱ្យមានស្ថិរភាពនយោបាយម៉ាឡេស៊ីឡើងជាថ្មី។
អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក ឌាម ហ្សានូឌីន (DaimZainuddin) ដែលរងការចោទប្រកាន់ពីការមិនប្រកាសទ្រព្យត្រូវតុលាការម៉ាឡេស៊ីនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ សម្រេចឱ្យ «មិនមានពិរុទ្ធភាព» ជុំវិញការខកខានប្រកាសទ្រព្យសម្បត្តិនៅក្រោមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនេះ។
សំណុំរឿងរបស់អតីតមន្ត្រីកំពូលក្រោមការដឹកនាំរបស់លោក ម៉ាហាធៀរ ម៉ូហាម៉ាដ (Mahathir Mohamad) បានក្លាយជារឿងក្តីដ៏ល្បីបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ទាក់ទងនឹងការបង្ក្រាបអំពើពុករលួយដែលពាក់ព័ន្ធនឹងឥស្សរជនជាន់ខ្ពស់បែបនេះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) តែងតែប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ប៉ុន្តែអ្នករិះគន់មួយចំនួនបានអះអាងថា លោកកំពុងប្រើប្រាស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយដើម្បីចាត់ការទៅលើគូប្រជែងនយោបាយ៕