តុលាការធម្មនុញ្ញថៃនៅថ្ងៃទី ៣១ ខែមករានេះ រកឃើញ និងសម្រេចថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលឈ្នះការបោះឆ្នោតច្រើនផ្តាច់គេ កាលពីខែឧសភា ឆ្នាំមុន បានបំពានរដ្ឋធម្មនុញ្ញ ក្នុងការស្វែងរកការផ្លាស់ប្តូរច្បាប់ប្រឆាំងនឹងការប្រមាថរាជានិយម។
ការសម្រេចរបស់ស្ថាប័នតុលាការកំពូលរបស់ប្រទេសនេះគឺតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីខ្លួនកាត់ក្តីឱ្យលោក ភិថា លឹមចារើនរ៉ាត ឱ្យរួចពីការចោទប្រកាន់ពីការកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយដែលមិនដំណើរការជាងច្រើនឆ្នាំ ហើយ ឱ្យលោកភិថា អាចទទួលបានសមាជិកភាពសភាពេញលេញវិញ។
យោងសេចក្តីរាយការណ៍របស់រ៉យទ័រ តុលាការធម្មនុញ្ញបានបញ្ជាឱ្យគណបក្ស បោះបង់ផែនការនោះ ដែលតុលាការសម្រេចថា ស្មើនឹងការប៉ុនប៉ង «ផ្ដួលរំលំរបបរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ» ដូច្នេះហើយ គឺជាការបំពានរដ្ឋធម្មនុញ្ញ។
យោងសេចក្តីរាយការណ៍ដដែល ទោះបីជាសាលក្រមរបស់តុលាការធម្មនុញ្ញរកឃើញការបំពានរដ្ឋធម្មនុញ្ញនៅថ្ងៃទី៣១ខែមករា សាលក្រមនេះមិនកំណត់ការផ្តន្ទាទោសចំពោះលោក ភិថា លឹមចារើនរ៉ាត ដែលកាលនោះជាប្រធានគណបក្សឆ្ពោះទៅមុខដ៏មានប្រជាប្រិយ ឬគណបក្សនេះនោះទេ។
ទោះជាបែបនេះក្តីអ្នកនយោបាយមួយចំនួនបានស្នើថា វាអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកការរំលាយ និងហាមឃាត់នយោបាយសម្រាប់មេដឹកនាំរបស់គណបក្សនេះដែលសម្បូរដោយអ្នកដឹកនាំវ័យក្មេងដ៏មានសក្តានុពលនិងមានប្រជាប្រិយភាពក្នុងសង្គមថៃនាពេលបច្ចុប្បន្ន៕