តុលាការប៉ាគីស្ថាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានកាត់ទោស អតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ (Imran Khan) និងសមាជិកសភាម្នាក់ក្នុងបក្សរបស់លោក ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ១០ ឆ្នាំ បន្ទាប់ពីរកឃើញថាអ្នកនយោបាយទាំង២រូបនេះ បានទម្លាយការណ៍សម្ងាត់ជាតិ។ នេះបើតាមការ6រាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
សាលក្រមនេះ គឺជាឧបសគ្គនយោបាយមួយទៀតសម្រាប់លោក ខាន់ ដែលត្រូវបានសភាប៉ាគីស្ថានបោះឆ្នោតដកសេចក្ដីទុកចិត្តក្នុងខែមេសា ឆ្នាំ២០២២ ហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ក្នុងសំណុំរឿងពុករលួយ។
យោងតាមលោក Zulfiqar Bukhari អ្នកនាំពាក្យគណបក្សPakistan Tehreek-e-Insaf (PTI)របស់លោក ខាន់តុលាការបានប្រកាសសាលក្រមនៅពន្ធនាគារក្នុងទីក្រុងRawalpindi។អាជ្ញាធរបាននិយាយថា លោក ខាន់ និងអតីតរដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថាន លោកShah MahmoodQureshi ដែលត្រូវជាប់គុក ១០ឆ្នាំដូចគ្នានោះ មានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចកាលពីថ្ងៃអង្គារ ក្នុងសំណុំរឿង ដែលគេស្គាល់ជាទូទៅថាជា «សំណុំរឿងCipher»។
សំណុំរឿង Cipher គឺជាសំណុំរឿងមួយក្នុងចំណោមសំណុំរឿងជាង ១៥០ ប្រឆាំងនឹងលោក ខាន់ ដែលរួមមានទាំងការចោទប្រកាន់ស្ដីពីការមើលងាយតុលាការ ការបង្កភេរវកម្ម និងការញុះញង់ឱ្យមានអំពើហិង្សាជាដើម។
ក្រោមសំណុំរឿងនេះ លោក ខាន់ រងការចោទប្រកាន់ថាបានគ្រវីឯកសារសម្ងាត់ នៅកន្លែងប្រមូលផ្តុំអ្នកគាំទ្រ បន្ទាប់ពីលោកត្រូវបានដកដំណែងជាមេដឹកនាំ។ ឯកសារដែលដាក់ឈ្មោះថា Cipher មិនត្រូវបានរដ្ឋាភិបាល ឬមេធាវីរបស់លោក ខាន់ ផ្សព្វផ្សាយជាសាធារណៈទេ ប៉ុន្តែវាមានផ្ទុកព័ត៌មាននៃការឆ្លើយឆ្លងការទូតរវាងឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំក្រុងវ៉ាស៊ីនតោន និងក្រសួងការបរទេសប៉ាគីស្ថាននៅទីក្រុងអ៊ីស្លាម៉ាបាដ។
លោក ខាន់ បានអះអាងថា ឯកសារ Cipher គឺជាភ័ស្តុតាងដែលថា លោករងការគំរាមកំហែង ហើយការបណ្តេញលោកចេញពីតំណែងគឺជាការសមគំនិតរបស់សហរដ្ឋអាមេរិក ដែលយោធា និងរដ្ឋាភិបាលប៉ាគីស្ថានត្រូវអនុវត្តតាម។ ការណ៍នេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប៉ាគីស្ថាន បានច្រានចោល។
ក្នុងអំឡុងសវនាការ គណបក្ស TPI និងអ្នកគាំទ្របានភ័យខ្លាចថា លោក ខាន់ អាចត្រូវបានកាត់ទោសប្រហារជីវិតពីបទក្បត់ជាតិ ខណៈលោកនៅតែទទូចថាខ្លួនគ្មានកំហុស ដោយអះអាងថា លោកមិនបានបង្ហាញខ្លឹមសារពិតប្រាកដនៃឯកសារនោះទេ។ ចំណែកឯលោក Qureshiវិញ រងការចោទប្រកាន់ពីបទរៀបចំខ្លឹមសារនៃឯកសារការទូត ដើម្បីទាញយកប្រយោជន៍នយោបាយ។
សាលក្រមរបស់តុលាការនាពេលនេះ បានប្រកាសឡើងមុនការបោះឆ្នោតសភាប៉ាគីស្ថាន ថ្ងៃទី៨ ខែកុម្ភៈ ដែលលោក ខាន់ មិនអាចឈរឈ្មោះបានដោយសារតែការផ្តន្ទាទោសព្រហ្មទណ្ឌពីមុនៗមក។ ទោះបីលោក ខាន់ គ្មានឈ្មោះក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតក៏ដោយ ក៏អ្នកនយោបាយរូបនេះនៅតែជាកម្លាំងនយោបាយដ៏ខ្លាំងក្លាមួយ ដោយសារតែមានអ្នកគាំទ្រច្រើន និងវោហារស័ព្ទរបស់លោក។ លោកនិយាយថា យន្តការផ្លូវច្បាប់ប្រឆាំងនឹងរូបលោក គឺជាគម្រោងដើម្បីបិទផ្លូវលោកមុនការបោះឆ្នោត។
ប៉ាគីស្ថានបានប្រឈមមុខនឹងបាតុកម្មហិង្សា ចាប់តាំងពីលោក ខាន់ ត្រូវបានចាប់ខ្លួននៅក្នុងខែឧសភា ឆ្នាំមុនមក ដែលការហិង្សាទាំងនោះ កើតឡើងពីការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។
គណៈកម្មាធិការសិទ្ធិមនុស្សឯករាជ្យប៉ាគីស្ថានបាននិយាយថា ការបោះឆ្នោតសភានាពេលខាងមុខ នឹងមិនប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ទេ ដោយសារតែ «ការក្លែងបន្លំមុនការបោះឆ្នោត» និងភាពមិនប្រក្រតីផ្សេងៗទៀត។ ស្ថាប័នដដែល ក៏បានសម្តែងការព្រួយបារម្ភអំពីអាជ្ញាធរដែលបដិសេធបេក្ខភាពរបស់លោក ខាន់ និងឥស្សរជននយោបាយជាន់ខ្ពស់មកពីគណបក្ស TPI របស់លោកផងដែរ៕