ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានច្រានចោលសេចក្ដីព្រាងច្បាប់មួយស្ដីពីការបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតដោយឯករាជ្យទៅលើករណីហ្វូងមនុស្សប្រមូលផ្ដុំគ្នាណែនណាន់តាន់តាប់ ក្នុងពិធីបុណ្យហាឡូវីន (Halloween) កាលពីឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្ស ១៥៩នាក់ ស្ថិតនៅក្នុងសង្កាត់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល (Seoul) ។ ការសម្រេចច្រានចោលនេះ បានធ្វើឱ្យគណបក្សប្រឆាំង និងសាច់ញាតិជនរងគ្រោះបានរិះគន់យ៉ាងខ្លាំង។
ការិយាល័យរបស់លោក យូន បានប្រើសិទ្ធិវេតូលើការបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយនេះ ពោលគឺនៅប៉ុន្មានម៉ោងក្រោយពីនាយករដ្ឋមន្ត្រីបានរិះគន់វិធានការដែលគាំទ្រដោយក្រុមប្រឆាំងនេះហើយថានេះជារឿងនយោបាយ និងអាចជារឿងផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ នាយករដ្ឋមន្ត្រីលោក ហាន ឌុកស៊ូ (Han Duck-soo) បានបង្ហាញគោលជំហរប្រឆាំងនឹងការប្រើប្រាស់សោកនាដកម្មទៅជាឧបករណ៍សម្រាប់បង្កើតជម្លោះនយោបាយ ហើយលោកបានបដិសេធចំពោះការអះអាងដែលថាការស៊ើបអង្កេតរបស់ក្រុមប៉ូលិសនិងព្រះរាជអាជ្ញាកន្លងមក បានធ្វើឡើងមិនបានត្រឹមត្រូវ។
ការរារាំងសេចក្តីព្រាងច្បាប់ឱ្យបើកការស៊ើបអង្កេតសាជាថ្មីនេះ បានធ្វើឱ្យលោក យូន ត្រូវប្រឈមមុខនឹងការរិះគន់ពីក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីបក្សប្រឆាំង ដែលបានអះអាងជារឿយៗថា ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះគ្រោះមហន្តរាយនាពេលនោះគឺមិនគ្រប់គ្រាន់ទេ។
លោកស្រី ផាក យ៉ុងស៊ូ (Park Young-soo) ដែលជាម្តាយកូនប្រុសដែលបានស្លាប់ក្នុងហេតុការណ៍នោះ បានចោទប្រកាន់រដ្ឋាភិបាលថាបានរារាំងការស៊ើបអង្កេត ហើយបែរជាផ្ដល់សំណងផ្នែកហិរញ្ញវត្ថុជំនួសវិញ។
លោកស្រី ផាក បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ (Reuters) ថា ៖ «នោះមិនមែនជាការសម្រេចចិត្តដែលយើងចង់បានអស់រយៈពេលជាង ១ ឆ្នាំ មកនេះទេ»។
ម្តាយជនរងគ្រោះម្នាក់ទៀតឈ្មោះថា លោកស្រី សុង ហេជីន (Song Hae-jin) បាននិយាយថា ក្រុមគ្រួសារដែលកំពុងស្វែងរកយុត្តិធម៌សម្រាប់កូនៗរបស់ពួកគេ ពិបាកទទួលយកគោលជំហររបស់រដ្ឋាភិបាលខ្លាំងណាស់។
កាលពីឆ្នាំមុន គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិធ្លាប់បានផ្តល់យោបល់ឱ្យកូរ៉េខាងត្បូងបង្កើតស្ថាប័នឯករាជ្យមួយដើម្បីស៊ើបអង្កេតទៅលើហេតុការណ៍មហន្តរាយនោះ និងធានាឱ្យមានការទទួលខុសត្រូវ រួមទាំងក្រុមមន្ត្រីជាន់ខ្ពស់ផងដែរ។ លោក សុង ឌូវ៉ាន (Song Doo-hwan) ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំប្រទេសកូរ៉េខាងត្បូង ក៏បានគាំទ្រឱ្យមានការស៊ើបអង្កេតឯករាជ្យផងដែរ។
ដោយឡែក មេដឹកនាំគណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង លោក លី ចេយ៉ុង (Lee Jae-myung)បានរិះគន់រដ្ឋបាលលោក យូនថាជារដ្ឋបាលឈាមត្រជាក់ដែលបដិសេធសេចក្តីព្រាងច្បាប់នេះ។
ការស៊ើបអង្កេតរបស់ប៉ូលិសកាលពីដើមឆ្នាំមុនបានរកឃើញថាសោកនាដកម្មនោះបណ្ដាលមកពីការរៀបចំមិនបានគ្រប់គ្រាន់និងការឆ្លើយតបមិនបានទាន់ពេលវេលា ហេតុនេះហើយទើបធ្វើឱ្យមានអ្នកស្លាប់ជាច្រើននាក់។
គ្មានរដ្ឋមន្ត្រីរដ្ឋាភិបាលណាម្នាក់លាលែងពីតំណែង ឬត្រូវបានបណ្ដេញចេញដោយសារការធ្វេសប្រហែសនេះទេ។ យ៉ាងណាមិញ កាលពីដើមខែនេះ ព្រះរាជអាជ្ញាបានចោទប្រកាន់ប្រធានទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូលពីបទធ្វេសប្រហែស។
សេចក្តីព្រាងច្បាប់នេះមានគោលបំណងបង្កើតក្រុមស៊ើបអង្កេតឯករាជ្យ ដើម្បីស្វែងរកការពិត តាមរយៈការតែងតាំងសមាជិកតំណាងមកពីគណបក្សកាន់អំណាច គណបក្សប្រឆាំង និងភាគីពាក់ព័ន្ធផ្សេងទៀតឱ្យធ្វើការជាមួយគ្នា។
គណបក្សប្រឆាំងបានគាំទ្រសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចបានរិះគន់ដោយអះអាងថា ក្រុមប្រឹក្សានេះនឹងមានការលម្អៀងទៅរកគណបក្សប្រឆាំង។
លោក យូន បានឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០២២ ប៉ុន្តែគណបក្សរបស់លោកមានអាសនៈភាគតិចប៉ុណ្ណោះនៅក្នុងសភា ពោលគឺអាសនៈភាគច្រើនគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។ ការបោះឆ្នោតសកលខាងមុខត្រូវបានគេគ្រោងថានឹងធ្វើនៅខែមេសា៕