ក្រោយតុលាការធម្មនុញ្ញថៃរកឃើញការបំពានច្បាប់រដ្ឋធម្មនុញ្ញប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ គណបក្សឆ្ពោះទៅមុខ (MFP) បានចេញប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងពិនិត្យមើលសេចក្តីសម្រេចរបស់តុលាការ ជាមួយក្រុមការងារផ្នែកច្បាប់របស់ខ្លួន ហើយនឹងមានការឆ្លើយតបក្នុងពេលឆាប់ៗ។
តុលាការធម្មនុញ្ញថៃ បានសម្រេចនៅថ្ងៃពុធនេះថា គណបក្សចលនាឆ្ពោះទៅមុខ (MFP)ដែលឈ្នះការបោះឆ្នោតកាលពីខែឧសភា ប៉ុន្តែបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី បានរំលោភលើរដ្ឋធម្មនុញ្ញ ចំពោះគោលបំណងធ្វើកំណែទម្រង់ច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេស។
កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា តុលាការធម្មនុញ្ញបានបញ្ជាឱ្យគណបក្ស MFP របស់លោក ភីតា លីមចារើនរ៉ាត់ (Pita Limjaroenrat) បោះបង់ចោលផែនការកំណែទម្រង់ ដោយលើកឡើងថា វាស្មើនឹងការប៉ុនប៉ង «ផ្ដួលរំលំរបបរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ»ដូច្នេះហើយ វាគឺជាការរំលោភបំពានរដ្ឋធម្មនុញ្ញ។
ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រក្នុងកថាទី១១២ នៃក្រមព្រហ្មទណ្ឌថៃ បានកំណត់ដាក់ទោសជាប់ពន្ធនាគារពី ៣ ឆ្នាំទៅ១៥ ឆ្នាំ លើជនណាដែលរកឃើញថាបានប្រមាថព្រះមហាក្សត្រ។ ដូចគ្នាដែរ មនុស្សម្នាក់អាចប្តឹងពីបទប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងជនណាម្នាក់ផ្សេងទៀត ហើយប៉ូលីសមានកាតព្វកិច្ចស៊ើបអង្កេត។
សំណើរបស់គណបក្ស MFP លើការធ្វើវិសោធនកម្មច្បាប់នេះ ទទួលបានការគាំទ្រជាច្រើន ជាពិសេសពីក្នុងចំណោមអ្នកគាំទ្រវ័យក្មេង។ យ៉ាងណាមិញ វាបង្កការខឹងសម្បារពីអ្នកអភិរក្សនិយម ហើយត្រូវបានគេមើលឃើញថា វាជាហេតុផលចម្បងនៃការបរាជ័យរបស់គណបក្ស MFP ក្នុងការទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតខែឧសភា។
ពាក់ព័ន្ធនឹងសេចក្ដីសម្រេចនៅថ្ងៃពុធនេះ ទោះបីជាតុលាការធម្មនុញ្ញថៃ គ្មានអំណាចកំណត់ដាក់ទណ្ឌកម្មលើគណបក្ស MFP បែបណាក៏ដោយក៏អ្នកនយោបាយមួយចំនួនបានស្នើថា ការណ៍នេះអាចបើកផ្លូវឱ្យមានការខិតខំប្រឹងប្រែងផ្នែកច្បាប់បន្ថែម ដើម្បីស្វែងរកការរំលាយ និងហាមឃាត់ផ្នែកនយោបាយសម្រាប់មេដឹកនាំរបស់គណបក្សនេះ ជុំវិញជំហរលើច្បាប់រាជានិយម៕