កូរ៉េខាងជើងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ នេះបាននិយាយថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចយុទ្ធសាស្ត្រ Cruise ដែលជាផ្នែកមួយនៃការជ្រើសរើសអាវុធ ខណៈអ្នកវិភាគព្រមានថា អាចធ្វើឡើងសម្រាប់ផ្តល់ឱ្យរុស្ស៊ីប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា មីស៊ីលប្រភេទ «Hwasal 2» ត្រូវបានបាញ់ចូលទៅភាគខាងលិចនៃសមុទ្រ កាលពីថ្ងៃទី ៣០ ខែមករា ដែលតាមការបញ្ជាក់ពី KCNA ការបាញ់បង្ហោះនេះត្រូវបានសម្គាល់ដំបូងដោយយោធារបស់ទីក្រុងសេអ៊ូល ដោយបាននិយាយថា ពួកគេសម្គាល់ឃើញការបាញ់កាំជ្រួចជាច្រើនគ្រាប់។
KCNA បាននិយាយថា សមយុទ្ធនេះគឺមានគោលបំណងពិនិត្យមើល៖«សមត្ថភាពប្រតិកម្មប្រឆាំងរហ័ស» របស់កងទ័ព ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវ «សមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្ររបស់ខ្លួន»។ KCNA បន្ថែមថា ការបាញ់បង្ហោះមិនជះឥទ្ធិពលអាក្រក់ដល់សន្តិសុខរបស់ប្រទេសជិតខាងទេ។
ក្នុងខែមករានេះ ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអាវុធជាច្រើនរួមមានទាំងអ្វីដែលខ្លួនហៅថា «ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក» មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង និងកាំជ្រួច Cruise យុទ្ធសាស្ត្រជំនាន់ថ្មីនាពេលនេះ។
យ៉ាងណា ផ្ទុយពីមីស៊ីលផ្លោង ការសាកល្បងកាំជ្រួច Cruise មិនស្ថិតក្រោមការហាមឃាត់នៃការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើក្រុងព្យុងយ៉ាងទេ។ កាំជ្រួចប្រភេទ Cruise នេះទំនងជំរុញដោយយន្តហោះ ហើយវាហោះក្នុងរយៈកម្ពស់ទាបជាងកាំជ្រួចផ្លោង ហើយទំនើបជាង ដែលធ្វើឱ្យមានផលពិបាកក្នុងការស្ទាក់ចាប់គ្រាប់ប្រភេទនេះ។
កាលពីថ្ងៃទី ២៩ ខែមករាកន្លងទៅថ្មីៗនេះដែរ កូរ៉េខាងជើងក៏បានបាញ់បង្ហោះ មីស៊ីលប្រភេទ Pulhwasal-3-31s ចេញពីនាវាមុជទឹក ២ គ្រឿង៕