ប្រេសិតអាមេរិក ១ រូបបាននិយាយថា វៀតណាម គឺជាគោលដៅចម្បងសម្រាប់ឱ្យអាមេរិកបោះមូលនិធិវិនិយោគលើវិស័យផលិតបន្ទះឈីប ដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ ហើយចង់ឱ្យប្រទេសនេះ «ទាញយកប្រយោជន៍» ពីផែនការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia កាលពីថ្ងៃអង្គារ។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលើកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន លោក Jose Fernandez បានថ្លែងប្រាប់ Nikkei Asia ថា សហរដ្ឋអាមេរិកកំពុងកំណត់គោលដៅលើប្រទេសចំនួន ៧ ឱ្យក្លាយជាផ្នែកមួយនៃច្បាប់ស្ដីពីបន្ទះឈីប និងវិទ្យាសាស្ត្រ ដែលរួមបញ្ចូលទាំងការផ្ដល់មូលនិធិ ៥០០ លានដុល្លារ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលទាក់ទងនឹងបន្ទះឈីប សុវត្ថិភាពតាមអ៊ីនធឺណិត និងបរិយាកាសអាជីវកម្មទូទាំងពិភពលោក។
លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងបានមើលបញ្ជីប្រទេសដែលយើងយល់ថាមានសក្តានុពលដើម្បីទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់យើង ហើយវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលយើងគិតគូរ»។
លោក Fernandez ដែលពេលនេះកំពុងធ្វើដំណើរទស្សនកិច្ចនៅហ្វីលីពីន ក្រោយបញ្ចប់ទស្សនកិច្ចនៅក្រុងហាណូយកាលពីថ្ងៃចន្ទ បានបន្តថា វៀតណាមគួរតែចាត់វិធានការផងដែរ មុនពេលវាយឺតពេលក្នុងការទាក់ទាញការវិនិយោគក្នុងឧស្សាហកម្មសំខាន់ៗ ដូចជាថាមពលស្អាត និងរ៉ែ ដែលអាចប្រើប្រាស់សម្រាប់រថយន្តអគ្គិសនី និងថ្មអគ្គិសនីជាដើម។
សហរដ្ឋអាមេរិកនឹងបែងចែកជំនួយបរទេសក្រោមច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្ត្រដោយផ្អែកលើអនុសាសន៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដែលនឹងដល់កំណត់ក្នុងខែកុម្ភៈ។
លោក Fernandez បាននិយាយថា ការសិក្សាលើបញ្ហានេះ រួមបញ្ចូលទាំងការសាកសួរក្រុមហ៊ុនផ្សេងៗនូវអ្វីដែលវៀតណាមត្រូវការ ដើម្បីអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប ដូចជាការបណ្តុះបណ្តាលជាដើម។
វៀតណាម គឺជាប្រទេសនាំចេញគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងអាហារដ៏ធំ ហើយក៏ជាប្រទេសសំខាន់ដែលអាមេរិកសម្លឹងមើល ក្នុងការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យឆ្ងាយពីប្រទេសចិន។
ក្រៅពីនេះ អាមេរិកកំពុងស្វែងរកការបង្កើនការវិនិយោគលើប្រទេសមានរ៉ែកម្រក្រៅពីចិន រួមទាំងវៀតណាម។ ទិន្នន័យស្ទង់ភូគ្គសាស្ត្ររបស់សហរដ្ឋអាមេរិកបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ២ នៅទូទាំងពិភពលោក ជាប្រទេសមានរ៉ែលោហៈកម្រច្រើនបំផុតបន្ទាប់ពីចិន ប៉ុន្តែមិនដឹងចំនួនពិតទេ៕