ក្រោយពីប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ច និងម្ចាស់ជំនួយសំខាន់ៗ បានប្រកាសផ្អាកជំនួយដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតដើមបូព៌ា (UNRWA) សហរដ្ឋអាមេរិកដែលជាប្រទេសដំបូងប្រកាសផ្អាកទម្លាក់ជំនួយបន្ថែម បានទាមទារឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋាន មុនពេលទីក្រុងវ៉ាស៊ីនតោននឹងបន្តការផ្តល់មូលនិធិដែលត្រូវបានផ្អាក ខណៈដល់ពេលនេះមានយ៉ាងហោចណាស់ ១៤ ប្រទេសបានចូលរួមផ្តាច់មូលនិធិ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣០ ខែមករា បាននិយាយថា UNRWA ត្រូវធ្វើ «ការផ្លាស់ប្តូរជាមូលដ្ឋាន» ជាមុនសិន ដើម្បីបន្តការផ្តល់មូលនិធិដែលត្រូវបានផ្អាក ជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិកនៃទីភ្នាក់ងារ UNRWA មួយចំនួនបានចូលរួមក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធហាម៉ាស់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានថ្លែងសាទរចំពោះការប្តេជ្ញាស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការចោទប្រកាន់លើបុគ្គលិកនៅ UNRWA និងការត្រួតពិនិត្យទីភ្នាក់ងារដែលគ្រោងទុក។
សារព័ត៌មាន wionews នៅថ្ងៃទី ៣០ មករា បានផ្សាយថា ប្រទេស ១៤ បានប្រកាសផ្អាកមូលនិធិជំនួយដល់ UNRWA គិតត្រឹមថ្ងៃអង្គារ ទី ៣០ ខែមករា ដោយប្រទេសនូវែលសេឡង់ប្រកាសក្រោយគេ។
ប្រទេស ១៣ ផ្សេងទៀតដែលបានប្រកាសផ្អាកជំនួយរួមមានអូស្ត្រាលី អូទ្រីស កាណាដា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ ន័រវែស ស្វ៊ីស អង់គ្លេស និងសហរដ្ឋអាមេរិក។
លោកស្រីទូតអាមេរិកនៅអង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា អាមេរិកកំពុងស្វែងរកព័ត៌មានលម្អិតផ្សេងៗទៀតអំពីអ៊ីស្រាអែលក្នុងការចោទប្រកាន់លើ UNRWA។
លោកស្រីនិយាយថា៖ «យើងត្រូវពិនិត្យមើលអង្គការ របៀបដែលវាដំណើរការនៅហ្គាហ្សា របៀបដែលពួកគេគ្រប់គ្រងបុគ្គលិករបស់ពួកគេ និងដើម្បីធានាថាមនុស្សដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ដូចជាបុគ្គលទាំង ១២ នាក់ ត្រូវទទួលខុសត្រូវភ្លាមៗ ដូច្នេះ UNRWA អាចបន្តការងារចាំបាច់ដែលខ្លួនកំពុងធ្វើ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយកាលពីថ្ងៃទី ២៨ ខែមករាថា ក្នុងចំណោម មនុស្ស ១២ នាក់ ដែលជាប់ពាក់ព័ន្ធ មាន ៩ នាក់ ត្រូវបានបណ្តេញចេញ ម្នាក់បានស្លាប់ ហើយអត្តសញ្ញាណរបស់មនុស្ស ២ នាក់ទៀតកំពុងត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) បានពណ៌នាការចោទប្រកាន់នេះថា៖ «គួរឱ្យជឿជាក់បានកម្រិតខ្ពស់» និង«ជារឿងគួរឱ្យព្រួយបារម្ភយ៉ាងជ្រាលជ្រៅ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយនៅថ្ងៃទី ៣០ ខែមករា ថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ប្រាក់ពី ៣០០ លាន ទៅ ៤០០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ។
ចាប់តាំងពីខែតុលារហូតដល់ពេលនៃការប្រកាសផ្អាកកាលប៉ុន្មានថ្ងៃមុននេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់ UNRWA ១២១ លានដុល្លារ។ ក្រោយសហរដ្ឋអាមេរិកប្រកាស ប្រទេសកាណាដា អូស្ត្រាលី ក៏បានធ្វើតាមដែរ។ ក្រោយមកទៀតមានប្រទេសនៅតំបន់អឺរ៉ុប ដែលសុទ្ធតែប្រទេសផ្តល់ជំនួយធំៗ ក៏បានផ្អាកដែរ។ ជប៉ុនដែលជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ច និងជំនួយធំពីទ្វីបអាស៊ី ក៏បានប្រកាសផ្អាកដូចគ្នា។
ក្រោយប្រទេសធំៗផ្អាកជាបន្តបន្ទាប់ដូច្នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិបានទទូចប្រទេសទាំងនោះកុំឱ្យផ្តាច់ជំនួយ ដោយជំនួសមកវិញនូវការសន្យាស៊ើបអង្កេតលើការចោទប្រកាន់ទាំងអស់នេះ៕